ដោយ: មេក វិន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង/ឧត្តរមានជ័យ៖នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២២ លោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបូរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញមកធ្វើទស្សនកិច្ចមជ្ឈមណ្ឌល សន្តិភាពអន្លង់វែង និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៃស្រុកអន្លង់វែងជាទីដែលសង្គ្រាមត្រូវបានបញ្ចប់និងសន្តិភាពចាប់ ផ្តើមកើតមានឡើងវិញ។លោកស្រីបានក្លាយទៅជាអ្នកការទូតទីពីរនៃបណ្តាប្រទេសអាស៊ានដែលបានអញ្ជើញមកដល់តំនប់អន្លង់វែង ខណៈដែលប្រទេសកម្ពុជាកំពុងធ្វើជាប្រធានប្តូរវេនរបស់អាស៊ាន។

នៅវេលាម៉ោង៨ ព្រឹកលោកជំទាវឯកអគ្គរដ្ឋទូតបានមកដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្ដៅពីលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងបណ្ឌិត លី សុខឃាងនាយកមជ្ឈមណ្ឌលសន្តិភាព អន្លង់វែង។

ដំណើរទស្សនកិច្ចនេះលោកស្រីមានគោលបំណងស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រអន្លង់វែងដែលជាទីតាំងតស៊ូចុងក្រោយរបស់ចលនាខ្មែរក្រហម។ ស្រុកអន្លង់វែង មានទីតាំងប្រវត្តិសាស្រ្តចំនួន១៤កន្លែងដែលបម្រើឲ្យគោលដៅទេសចរណ៍ជាតិ និងអន្តរជាតិ។

នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់លោកស្រីអគ្គរដ្ឋទូតនេះបណ្ឌិត លី សុខឃាង ក៏បានបង្ហាញអំពីកិច្ចការងារ មួយចំនួនទាក់ទងនឹងការបង្កើតវេទិកាថ្នាក់រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)។

បន្ទាប់មកលោកស្រីឯកអគ្គរដ្ឋទូត បានធ្វើដំណើរឆ្ពោះទៅកាន់អតីតផ្ទះ ប៉ុល ពត និង ខៀវ សំផន, អតីតផ្ទះប្រជុំរបស់ តាម៉ុក នៅលើភ្នំដងរែក និងសារមន្ទីរផ្ទះ តាម៉ុក។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសាកម្ពុជា បានរៀបរាប់យ៉ាងក្បោះក្បាយអំពីទីតាំងប្រវត្តិសាស្ត្រនីមួយៗនិងបាន ផ្តោតការពិភាក្សាអំពីពាក្យ «សន្តិភាព» ដែលប្រទេសកម្ពុជាបានទទួលនាពេលបច្ចុប្បន្ន។

ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ក៏បានចូលរួមធ្វើអត្ថាធិប្បាយអំពីរឿងរ៉ាវប្រវត្តិសាស្ត្រនៃការធ្វើសង្គ្រាមនៅតំបន់អន្លង់វែង និងការសម្រេចបាននូវសន្តិភាព ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា។ បច្ចុប្បន្ននេះ អន្លង់វែងចាប់ផ្ដើមបោះជំហានទៅរកការប្រែមុខមាត់ថ្មី តាមរយៈការសាងសង់ «ស្តូបឈ្នះ ឈ្នះ អន្លង់វែង»។

មុនពេលវិលត្រឡប់មកវិញ លោកស្រីឯកអគ្គរដ្ឋទូត ត្យូ ឡេឆេង សម្តែងនូវការកោតសរសើរចំពោះដំណើរ​​ទស្សនកិច្ច សិក្សា​​ស្វែងយល់អំពីសង្គ្រាម និងសន្តិភាពនៅប្រទេសកម្ពុជា ព្រមទាំងបេសកកម្មរបស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ក្នុងការអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម៕សរន