ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ផលិត​រថយន្ត​វៀតណាម VinFast បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​មីនា​ថា​ខ្លួន​នឹង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​តម្លៃ​ពីរពាន់​​លាន​ដុល្លារ​នៅ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង​របស់ស​ហ​រដ្ឋ​អាម៉េរិក ចំពេល​មាន​ការជំរុញ​របស់​ខ្លួន​ដើម្បី​ហក់​ចូលទៅ​ក្នុង​ទីផ្សារ​ពិភពលោក​ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​សម្រាប់​រថយន្ត EV ។​

​លោក​ប្រធានាធិបតី ចូ បៃ​ដិន បាន​សាទរ​ដល់​ការប្រកាស​អំពី​រោងចក្រ​ទំហំ ៨០០ ហិកតា​នៅ​តំបន់​ឆា​ថា​ម​ខោ​ន​ធី (Chatham County)​ដែល​នឹង​ផលិត​ឡានក្រុង​អគ្គិសនី​និង​អាគុយ​សម្រាប់​​រថយន្ត EV ដោយ​ហៅ​វា​ថា​ជា “​ឧទាហរណ៍​ចុងក្រោយ​បំផុត​នៃ​ប្រសិទ្ធភាព​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​របស់​ខ្ញុំ​”​។​

​លោក​បាន​និយាយថា “​កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​យើង​ក្នុង​ការកសាង​សេដ្ឋកិច្ច​ថាមពល​ស្អាត​កំពុង​ជំរុញ​ក្រុមហ៊ុន​នានា​ឱ្យ​ផលិត​បន្ថែម​ទៀត​នៅ​សហរដ្ឋ​អាម៉េរិក​កសាង​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​យើង​ឡើង​​វិញ​នៅ​ទីនេះ​នៅក្នុង​ស្រុក ហើយ​ទីបំផុត​នឹង​កាត់បន្ថយ​ការចំណាយ​សម្រាប់​ប្រជាជន​អាម៉េរិក​”​។​

​ក្រុមហ៊ុន VinFast​បាន​និយាយថា ការសាងសង់​រោងចក្រ ដែល​នឹង​អាច​ផលិត​រថយន្ត​បាន ១៥០.០០០ គ្រឿង​ក្នុង​មួយឆ្នាំ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ នៅពេល​ដែល​ទទួលបាន​ការអនុញ្ញាត​ហើយ​មាន​​បំណង​សង់​រួចរាល់​នៅ​ឆ្នាំ ២០២៤​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ​បាន​និយាយថា រោងចក្រ​នឹង​ផលិត​រថយន្ត VinFast VF 8 ដឹក​អ្នកដំណើរ​ប្រាំ​នាក់ និង​រថយន្ត VinFast VF 9 ដឹក​អ្នកដំណើរ​ប្រាំពីរ​នាក់ ដែល​រថយន្ត​ទាំងពីរ​នេះ​គឺ​ជា​រថយន្ត​ប្រភេទ SUV អគ្គិសនី​ទាំងអស់​។​

​នៅក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​របស់​ក្រុមហ៊ុន​ជាមួយ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង ក្រុមហ៊ុន VinFast បាន​និយាយថា ខ្លួន​នឹង​ពង្រីក​រោងចក្រ​នាពេល​អនាគត​៕

​ក្រុមហ៊ុន VinFast រំពឹង​សង់​រោងចក្រ​នៅ​រដ្ឋ​ខា​រ៉ូ​លីណា​ខាងជើង​រួចរាល់​នៅ​ឆ្នាំ ២០២៤