ដោយ​: ដេប៉ូ​/​ភ្នំពេញ​: លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែងថា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា រួម​និង​ដៃគូ​អភិវឌ្ឍន៍​នានា ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង និង​សកម្ម​បំផុត​លើ​ការចូលរួម​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​របស់​កម្ពុជា​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុងឱកាស​ជួបពិភាក្សា​ការងារ និង​ជំរាបលា​របស់លោក​ស្រី Pauline Tamesis អ្នកសម្របសម្រួល​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដែល​បានបញ្ចប់​អាណត្តិ​ការងារ​របស់លោក​ស្រី​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ នា​ទីស្តីការក្រសួង​។​

​លោក អ៊ិត សំហេង បាន​មានប្រសាសន៍ថា ស្ថាប័ន​ទាំងអស់​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏​ជា​ដៃគូ​សហការ​ដ៏​សំខាន់​មួយ​នៃ​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។ ភាពជា​ដៃគូ​ទាំងនេះ គឺ​កម្ពុជា​ទទួលបាន​នូវ​ក្របខណ្ឌ​គោលនយោបាយ បច្ចេកទេស ការកសាង​សមត្ថភាព រួមទាំង​ហិរញ្ញវត្ថុ ដែល​បានផ្តល់​ប្រយោជន៍​ដល់​យុវជន និង​ប្រជាជន​កម្ពុជា​ទូទៅ ហើយ​កម្ពុជា​អាច​ដោះស្រាយបាន​នូវ​បញ្ហាសំខាន់ៗ​ជាច្រើន​ទៀត នៅក្នុង​បរិបទ​នៃ ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ជោគជ័យ ។

​ទាក់ទិន​ក្នុង​រឿងនេះ លោក រដ្ឋមន្ត្រី រីករាយ​ចំពោះ​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​របស់​UN ក្នុងការ​ធ្វើការ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ កន្លងមក​រដ្ឋាភិបាល​កម្ពុជា បានអនុម័ត​ផែនការ​យុទ្ធសាស្ត្រ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដោយ​បន្ត​អនុវត្ត​អ្វីដែល​មាន​ស្រាប់ ក្នុង​បរិបទ​ថ្មី​ដោយ​រៀន​រស់នៅ​ជាមួយ​កូ​វីដ ក្នុងនោះ​វិស័យ​ការងារ​ក៏បាន​បញ្ចូល​ទៅក្នុង​អតិ​ភាព​នៃ​ផែនការ​យុទ្ធសាស្ត្រ​នេះដែរ ដូចជា ការដោះស្រាយ​ការងារ សន្តិសុខ​សង្គម ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។

​លោក បញ្ជាក់ថា ទោះបីជា​មា​នវ​ឌ្ឍ​ភាព លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក៏ដោយ ក៏​នៅតែមាន​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់ ទៅតាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ច្បាប់ និង​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដ៏ទៃទៀត​។

​លោកស្រី Pauline Tamesis ពិតជា​ថ្លែងអំណរគុណ​ដល់​លោក អ៊ិត សំហេង ដោយ​លោកស្រី​បញ្ជាក់ថា ការទទួល​ជោគជ័យ​ទាំងនេះ ក៏​ទទួលបាន​ពី​ភាព​ដឹកនាំ​ដ៏​ប៉ិនប្រសព្វ ឈ្លាសវៃ​របស់លោក​រដ្ឋ​មន្ត្រី និង​ថ្នាក់ដឹកនាំ​របស់​ក្រសួង​។ កន្លងមកនេះ អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា អាច​សម្រេចបាន​ជោគជ័យ​ដោយសារ​តែមាន​ម្ចាស់​ប្រទេស​ផ្តល់​លទ្ធភាព​យ៉ាង​ពេញលេញ​ក្នុង​ការសហការ​ភាពជា​ដៃគូ​ដ៏​ល្អ​ជាមួយគ្នា​។


​លោកស្រី​បញ្ជាក់​បន្ថែមថា កិច្ចសហការ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការកសាង​មូលធន​មនុស្ស​របស់​កម្ពុជា​ក្រោម​ការចាត់ចែង គ្រប់គ្រង ដឹកនាំ សម្របសម្រួល​ពី​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ មួយវិញទៀត ដោយសារតែ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ភារកិច្ច​ស្នូល ក្នុងការ​ទំនាក់ទំនង​យ៉ាង​ជិតស្និត លើ​ផ្នែក​អប់រំ អនាគត​ការងារ សិទ្ធិ​ការងារ សិទ្ធ​នៃ​ការចូលរួម ការបណ្តុះបណ្តាល ការស្វែងរក​ការងារ កិច្ច​គាំពារ​សង្គម គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ជាដើម ដែល​ទាមទារ​ឲ្យ​ខាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា បន្ត​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត​។

​ទន្ទឹមនឹង​នេះដែរ លោកស្រី​ក៏បាន​កោតសរសើរ ដល់​ក្រសួង​ការងារ ដែល​តែងតែ​ការពារ​ផលប្រយោជន៍​ជូន​ដល់​បងប្អូន​កម្មករនិយោជិត ជាពិសេស​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​កម្មករនិយោជិត ដែល​បាន​រក្សា​នូវ​និរន្តរភាព​ការងារ និង​ប្រាក់ចំណូល ព្រមទាំង​ប្រព័ន្ធ​គាំពារ​សង្គម​ផ្សេងៗ​ទៀត ដែល​ក្រសួង​បាន​ខ្នះខ្នែង​ក្នុង​កិច្ចការងារ​ទាំងនេះ​។

​លោកស្រី អះអាងថា ទោះបីជា​បេសកម្ម​របស់លោក​ស្រី​ត្រូវបាន​បញ្ចប់​ក៏ពិតមែន ប៉ុន្តែ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុ​ជាមាន​កិច្ចការងារ​ជាច្រើន​ទៀត ដែល​ត្រូវធ្វើ​នៅ​កម្ពុជា ដោយ​ក្នុងនោះ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​ទៅមុខទៀត​ដើម្បី​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ ខាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា សុំ​ការគាំទ្រ​ពី​លោក​រដ្ឋមន្ត្រី និង​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុ​ជា​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ថា អំឡុងពេល ៤​ឆ្នាំ​ដែល​បំពេញបេសកកម្ម លោកស្រី Pauline Tamesis បាន​ចូលរួម​ការងារ​សំខាន់ៗ​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​កម្ពុជា រួមមាន​៖ ការងារ​សមរម្យ​, ការអភិវឌ្ឍ​ជំនាញ និង TVET សម្រាប់​យុវជន​, ការងារ​ទេសន្តរប្រវេសន៍​, វិស័យ​កាត់ដេរ និង​ផ្នែក​សន្តិសុខ​សង្គម​៕