ដោយៈ​សុផល​/​ភ្នំពេញៈ លោក ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ជប៉ុន នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២២ បាន​អញ្ជើញ​ទៅកាន់​និវេសនដ្ឋាន​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ទទួល​គ្រឿង​ឥស្សរិយយស Rising Sun, Gold and Silver Star តាមរយៈ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​។​

​លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​ជប៉ុន បាន​មានប្រសាសន៍​អបអរសាទរ លោក ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ជប៉ុន ដែលមាន​ស្នាដៃ ក្នុងការ​យកចិត្តទុកដាក់​ជំរុញ និង​ពង្រឹង​នូវ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំងពីរ ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អ៊ូ​បា​ជី និង​លោកស្រី ព្រមទាំង​ក្រុម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​ផងដែរ​។​

​ថ្លែង​ក្នុង​ពិធី​ទទួល​គ្រឿង​ឥស្សរិយយស​នេះ លោក ឈាង វុន បាន​មានប្រសាសន៍ថា លោក មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង ដោយ​ត្រូវបាន​រដ្ឋាភិបាល​ជប៉ុន​ជ្រើសរើស​ជា​ម្ចាស់​គ្រឿង​ឥស្សរិយយស Rising Sun, Gold and Silver Star​។ លោក​ពិត​ជាមាន​កិត្តិយស និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​មហា​កិត្តិយស​នេះ ជាការ​ផ្តល់នូវ​តម្លៃ​នៃ​ការ​ខំប្រឹងប្រែង​របស់លោក ក្នុង​កិច្ចការ​ទំនាក់ទំនង​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ជប៉ុន នៅក្នុង​ក្របខណ្ឌ​អង្គការនីតិប្បញ្ញត្តិ ក៏ដូចជា​នីតិប្រតិបត្តិ​។​

​លោក ឈាង វុន ក៏បាន​លើកឡើង​បន្ថែមថា សម្រាប់​លោក គ្រឿង​ឥស្សរិយយស Rising Sun, Gold and Silver Star នេះ មិនមែន​បានមក​ដោយសារតែ​លោក​តែម្នាក់ឯង​នោះទេ ហើយ​ក៏មាន​មនុស្ស​ជាច្រើនរូប​ផ្សេងទៀត ដែល​សក្តិសម​នឹង​ទទួលបាន​ផងដែរ ដោយ​ពួកគេ​បាន​គាំទ្រ និង​បាន​ចូលរួម​យ៉ាងសកម្ម​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក នៅក្នុង​កិច្ចដំណើរការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ក៏ដូចជា​ទំនាក់ទំនង​រវាង​ពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​ផងដែរ​។​

​លោក​ប្រធាន​គណៈកម្មការ​ទី​២​នៃ​រដ្ឋសភា ក៏បាន​ថ្លែង​នូវ​អំណរ​ព្រះ​គុណ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រមទាំង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​កំពូលៗ​ផ្សេងទៀត ដែល​តែងតែ​ផ្តល់​ការទុកចិត្ត ផ្តល់​កិត្តិយស​ដល់​រូប​ឯកឧត្តម មានឱកាស​បាន​ចូលរួមចំណែក​លើកកម្ពស់​ការកសាង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ជាមួយគ្នានេះ លោក​ក៏​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត និង​សហគមន៍​អន្តរជាតិ ជាពិសេស មិត្ត​ជប៉ុន ដែល​បាន​ផ្តល់នូវ​សក្តានុពល​ដ៏​ថ្លៃថ្លា​សម្រាប់​កម្ពុជា តាមរយៈ​ការគាំទ្រ ក៏ដូចជា​ជំនួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល និង​ប្រជារាស្ត្រ​ជប៉ុន នៅក្នុង​ការចូលរួម​ក​សាង​ព្រះរាជាណាចក្រ​កម្ពុជា​ឡើងវិញ ដែល​បានធ្វើ​ឲ្យ​មាន​ភាពប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សង្គម សេដ្ឋកិច្ច អភិបាលកិច្ច​ល្អ និង​សេវាសាធារណៈ​ជាច្រើន​ផ្សេងទៀត​។

​លោក ឈាង វុន បាន​ថ្លែង​គូសបញ្ជាក់​ជូន​ភ្ញៀវកិត្តិយស​ដែលមាន​វត្តមាន​នៅទីនេះ បាន​ជ្រាប​ដែរ​ថា ក្នុង​ក្របខណ្ឌ​ការទូត​សភា​ទ្វេភាគី កម្ពុជា ជប៉ុន យើង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​និង​គ្នា តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​គ្នា​ទៅវិញទៅមក ការធ្វើ​ទស្សនកិច្ច​ផ្លូវការ សំដៅ​ធានាបាន​ដល់​ការលើក​កំពស់​ប្រសិទ្ធភាព គុណភាព​និង​ការកសាង សមត្ថភាព​ស្ថាប័ន​ឲ្យ​កាន់តែ​រឹងមាំ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកស្រី និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ក៏បាន​ថ្លែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង ចូលរួម​អបអរសាទរ​ចំពោះ លោក ឈាង វុន នៅក្នុង​ឱកាស​ប្រកបដោយ​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ដែល លោក ទទួលបាន​គ្រឿង​ឥស្សរិយយស “Rising Sun, Gold and Silver Star” ពី​រដ្ឋាភិបាល​ជប៉ុន​នា​ពេលនេះ​៕​