ដោយៈ​សុផល​/ភ្នំពេញ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជា​ធនាគារពាណិជ្ជ​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​ហត្ថ​លេខា លើ​អនុស្សរណៈ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម​(​ធ​.​អ​.​ជ​.​ក​.)​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​គម្រោង​ផ្តល់​ឥណទាន​គាំទ្រ​ដល់​ការពង្រីក​ការដាំដុះ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្ម និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី​។​

​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៩​ខែមីនា បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​ឯកឧត្តម​បណ្ឌិតកៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជន​ប​ទ និង​កសិកម្ម និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា៖ នេះ​ជា​មោទនភាព​បំផុត​ដែល​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូល​រួម​ចំណែក​ក្នុងការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​កសិកម្ម​តាមរយៈ​ការជំរុញ​ឱ្យមាន​ស្ថិរភាព​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​សម្រាប់​គាំទ្រ​ការស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា​៖ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ មាន​ចក្ខុវិស័យ​រួម​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម តាមរយៈ​ការផ្តល់​ឥណទាន​រួមគ្នា​លើ​វិស័យ​សំខាន់​ៗ​​ចំនួន០៦រួមមាន ការចិញ្ចឹម​សត្វ វារីវប្បកម្ម ការដាំដុះ​បន្លែ​-​ផ្លែឈើ និង​ការកែច្នៃ​ផលិតផល​កសិកម្ម ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ​​មៀន​ប៉ៃលិន ស្វាយ និង​ស្វាយចន្ទី ក្រោម​ប្រភព​ទុន​រួមគ្នា (៥០%-៥០%) រវាង ធ​.​អ​.​ជ​.​ក​.​និង អេស៊ីលីដា ដោយ​ស្ថិត​លើ​មូលដ្ឋាន “​មក​មុន​ផ្តល់ជូន​មុន​” ឬ First Come, First Served ។ ការពង្រីក​ឥណទាន​លើ​វិស័យ​ទាំង​០៦ ខាងលើ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ផលិតកម្ម​ក្នុងស្រុក ការបង្កើត​ការងារ និង​ផល​ចំណូល​ជូន​ប្រជា​ពលរដ្ឋ ជាពិសេស​នៅ​ទីជនបទ​។​

​ឯកឧត្តម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​សក្ខីភាព​នៃ​ការអនុវត្ត​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​២ ដែល ធ​.​អ​.​ជ​.​ក​. និង​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​សហការគ្នា​អនុវត្ត​យន្តការ​សហ​ហិរិ​ញ្ញ​ប្ប​ទាន​ចែករំលែក​ហានិភ័យ​សំដៅ​ផ្តល់​ឥណទាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម​។​យន្តការ​នេះ​ជាការ​ដាក់​មូលនិធិ​ជា​កញ្ចប់​រួម​ក្នុង​គោលបំណង​ពង្រីក​វិសាលភាព​និង​ទំហំ​ឥណទាន​ដែល​​បង្ហាញ​ពី​ការរួមចំណែក​ពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បន្ថែម​លើ​ហិរញ្ញប្បទាន​របស់​រាជរដ្ឋាភិបាល​ដែលមាន​ក្នុង​កម្មវិធី​នេះ ហើយក៏​ជា​យន្តការ​ថ្មី​ដែល​វិស័យ​ឯកជន​បានរួម​ចំណែក​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​កម្មវិធី​ពិសេស​នេះ​។​

​ឯកឧត្តម​បណ្ឌិត កៅ ថាច បាន​គូសបញ្ជាក់ថាក្នុងអំឡុង​ពេលដែល​ស្ថានភាព​សេដ្ឋកិច្ចជាតិ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​១៩និង​ស្ថិតក្នុង​ដំណាក់កាល​ស្តារ​សេដ្ឋកិច្ច ធ​.​អ​.​ជ​.​ក​.នៅតែ​បន្ត​ការគាំទ្រ​ការផ្តល់​ឥណទាន​កសិក​ម្ម យ៉ាងសកម្ម​ក្នុង​គោលដៅ​រក្សា​លំនឹង​អាជីវកម្ម​របស់ SMEs ក្នុង​វិស័យ​កសិកម្ម តាមរយៈ​ប្រភព​ទុន​នៃ​កម្មវិធី​ហិរញ្ញ​ប្ប​ទា​ន ពិសេស​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​១ គាំទ្រ​ដល់​ការដាំ​បន្លែ​-​ផ្លែឈើ ការចិញ្ចឹម​សត្វ វារីវប្បកម្មនិង​ការកែច្នៃ​ផលិតផល​កសិកម្ម​។ដើម្បី​បន្ត​ជួយ​គាំទ្រ​ផ្តល់​ឥណទាន​​កសិកម្ម​ក្នុង​អត្រា​ការប្រាក់​សម្បទាន ដល់​សហគ្រាស​ធុន​តូច និង​មធ្យមក្នុង​វិស័យ​កសិកម្ម​។ កាលពី​ថ្ងៃ ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិកា​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស ដែលមាន​ទឹកប្រាក់​ចំនួន ៥០ លាន​ដុល្លារ​អាមេរិក ដំណាក់កាល​ទី​២ ដល់ ធ​.​អ​.​ជ​.​ក សម្រាប់​ប្រើប្រាស់​លើ​ការផ្តល់​ហិរញ្ញប្បទាន​ផ្ទាល់ (Direct Lending) និង​សម្រាប់​កម្មវិធី​សហ​ហិរញ្ញប្បទាន​ចែករំលែក​ហានិភ័យ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​សំដៅ​គាំទ្រ​ដល់​ការដាំដុះ​បន្លែ​-​ផ្លែឈើ​ការចិញ្ចឹម​សត្វ​វារីវប្បកម្ម​និង​ការកែច្នៃ​ផលិតផល​កសិកម្ម​ព្រមទាំង​ឥណទាន​គាំទ្រ​ដល់​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ក្នុង​វិស័យ មៀន​ប៉ៃលិន ស្វាយនិង​ស្វាយចន្ទី​៕Ph