ដោយៈ សុផល / ភ្នំពេញ​៖ ខណៈដែល​កម្មវិធី​កម្សាន្ត នៅតាម​បណ្ដា​ខេត្ត​នានា កំពុង​ត្រូវបាន រៀបចំ សម្រាប់​អបអរ​បុណ្យ​ឆ្នាំ​ចូលឆ្នាំថ្មី​នោះ ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា ក៏​នឹងត្រូវ​ប្រារព្ធ​ឡើង​ផងដែរ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​មាន​រយៈពេល ៥ ថ្ងៃ ចាប់ពី​ថ្ងៃទី ៦-១០ ខែមេសា ឆ្នាំ​២០២២ ខាងមុខ ទោះបី​មិនមាន​ព្រឹត្តិការណ៍​សង្ក្រាន្ត ដូច​នៅ​បណ្ដា​ឆ្នាំ កន្លងទៅ នោះ​ក៏ដោយ​។ កម្មវិធី​បើក​ជា​ផ្លូវការ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

​ការរៀបចំ​កម្មវិធី​ពិព័រណ៍​នេះ គឺ​ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​ផង ផ្សព្វផ្សាយ​ពី​វប្បធម៌​ប្រពៃណី​ខ្មែរ និង​ផលិតផល​ទេសចរណ៍​ផង និង​ដើម្បី​បង្ហាញ​នូវ​មុខមាត់ របស់​ពហុកីឡាដ្ឋាន​ជាតិ ដ៏​ធំ​មួយ​នេះ​ផងដែរ ដែល​មិន​ត្រឹមតែ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍ កីឡា​ធំៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជាទី​តាំង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍ វប្បធម៌ ទេសចរណ៍ ក៏ដូចជា កម្មវិធី​កម្សាន្ត​នានា​ផងដែរ​។​

​កម្មវិធី​នានា នៅក្នុង​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ រួមមាន ការតាំងពិព័រណ៍ ផលិតផល កម្មវិធី​សម្ដែង​របាំ​ប្រពៃណី កម្មវិធី​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ចម្រុះ កម្មវិធី​ចម្រៀង និង​រាំលេង​កម្សាន្ត តាម​ចង្វាក់​ប្រពៃណី​ខ្មែរ និង​កម្មវិធី​សម្ដែង​សិល្បៈ​គុន​ខ្មែរ កម្មវិធី​ប្រឡង​ក្រុម Tik Tok និង​កម្មវិធី​ប្រឡង​ចម្រៀង ការសម្ដែង​របាំ​ឆៃយ៉ាំ និង​របាំ​គ្រុឌ កម្មវិធី​ប្រឡង​បវរ កញ្ញា​មជ្ឈិមសម័យ​ជាដើម ដែល​នឹង​ប្រព្រឹត្តទៅ តាម​ពេលវេលា និង​ម៉ោង​ផ្សេងៗ​គ្នា ពេញ​ក្នុង​រយៈពេល ៥ ថ្ងៃ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងថាៈ «​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ នឹង​ក្លាយជា ផលិតផល​ទេសចរណ៍​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្ដល់ជូន​ការកម្សាន្ត របស់​ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​មកពី​ខេត្ត​នានា​»​។​

​លោក ថោង ខុន បាន​បញ្ជាក់ដែរថាៈ ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ គឺជា​ទីតាំង ដ៏​សក្តិសម​បំផុត​មួយ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​នានា ដោយនៅ​ទីនោះ មាន​ទាំង​វិមាន ឈ្នះ​-​ឈ្នះ និង​សួន​សត្វសា​ហ្វឺ​រី ដែល​សុទ្ធតែជា​ផលិតផល​ទេសចរណ៍ ទាក់ទាញ​យ៉ាង សំខាន់​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជា​សាធារណជន ទូទៅ សូម​អញ្ជើញ​ចូលរួម​កម្សាន្ត ក្នុងការ​តាំងពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នេះ ឱ្យបាន​ច្រើន​កោះករ​។​

​បើតាម​លោក ថោង ខុន ក្រៅពី​ពិព័រណ៍​វប្បធម៌ ទេសចរណ៍ និង​កីឡា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ រាជធានី​ភ្នំពេញ​នេះ នៅ​ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង និង​នៅ​ខេត្ត ឬ​ក្រុង ផ្សេងទៀត ក៏មាន​ការរៀបចំ​សង្ក្រាន្ត ឬ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​ផងដែរ ពោលគឺ ធ្វើ​ទៅតាម លទ្ធភាព​របស់​អាជ្ញាធ​រ រៀងៗ​ខ្លួន​៕/V​