​ដោយៈ មុនី​រ័ត្ន​/ ភ្នំពេញៈ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ស៊ែ​ប៊ី សហការ​ជាមួយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ស៊ែ​ប៊ី នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ បានរៀបចំ​កម្មវិធី “​កម្ពុជា – ទិសដៅ​ថ្មី​សម្រាប់​ធុរកិច្ច ការវិនិយោគ និង​ទេសចរណ៍​” តាម​ប្រព័ន្ធ​វីដេអូ ក្រោម​អធិបតីភាព លោក បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយមាន​កិច្ចសម្របសម្រួល​ពី​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច​។

​កម្មវិធី​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រសួងទេសចរណ៍​កម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សភាពាណិជ្ជកម្ម​កម្ពុជា និង​តំណាង​វិស័យ​ឯកជន​របស់​កម្ពុជា និង​ស៊ែ​ប៊ី សរុប​ប្រមាណ ១៥០ នាក់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២​។​

ក្រសួងការបរទេស​បាន​បន្តថា កម្មវិធី​នេះ​ត្រូវបាន​ផ្ដួចផ្ដើមឡើង ស្របតាម​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ របស់​ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ផ្ដោត​សំខាន់​លើ​ការផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ក្លាយជា​គោលដៅ​ដ៏​លេចធ្លោ​មួយ​ក្នុង​តំបន់​។ ប្រធានបទ​ដែល​ត្រូវបាន​លើក​ឡើងមក​ពិភាក្សា​រួមមាន​៖ ១) យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ២) ការផ្សព្វផ្សាយ​ពី​ច្បាប់​វិនិយោគ​ថ្មី និង​សក្ដានុពល​វិនិយោគ​របស់​កម្ពុជា ៣) ការលើកស្ទួយ​វិស័យ​ទេសចរណ៍ និង ៤) ស្ថានភាព និង​កាលានុវត្តភាព​ពាណិជ្ជក​ម្ម​នៅ​កម្ពុជា​។​

​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី “​កម្ពុជា – ទិសដៅ​ថ្មី​សម្រាប់​ធុរកិច្ច ការវិនិយោគ និង​ទេសចរណ៍​”​នេះ បាន​ប្រព្រឹត្តទៅ​ស្រប​ពេលដែល​កម្ពុជា និង​ស៊ែ​បី ប្រារព្ធ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្ឃឹម និង​ជឿជាក់ថា​កម្មវិធី​នេះ​នឹង​ដើរតួ​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយទៀត ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​ការស្តារ​ឡើងវិញ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច ក្រោយ​វិបត្តិ​កូ​វីដ​-១៩៕​