​ដោយ​: សុផល / ភ្នំពេញ​: លោក​ហ៊ាង សុទ្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ផ្តល់​ការបណ្តុះបណ្តាល​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា QR Code ដល់​មន្ត្រី​ពាក់ព័ន្ធ​នៃ​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។

​ការបណ្តុះបណ្តាល​នេះ​បានធ្វើ​ឡើង​ក្រោម​អធិបតីភាព លោក អ៊ូ វិសាល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​សន្តិសុខ នៃ​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែលមាន​អ្នកចូលរួម​ប្រមាណ ៩០​រូប​។​

​វគ្គ​បណ្តុះបណ្តាល​នា​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២ នៅ​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នេះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ពង្រឹងសមត្ថភាព​មន្ត្រីក្រោមឱវាទ​លើ​ការយល់ដឹង និង​គន្លឹះ​សំខាន់ៗ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា QR Code ការការពារ​សុវត្ថិភាព​ទិន្នន័យ ជាពិសេស​បទពិសោធន៍​នៃ​ការប្រើប្រាស់ QR Code ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។

​សិក្ខាកាម​ដែល​ចូលរួម​អាច​សិក្សា​ស្វែងយល់​និង​ពិនិត្យ​ប្រើប្រាស់​បច្ចេកវិទ្យា QR Code ក្នុង​អង្គភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដើម្បី​ពង្រឹង​យន្តការ​គ្រប់គ្រង​បច្ចេកវិទ្យា​ក្នុង​អង្គភាព​៕​