ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ស្រីលង្កាបានប្រកាសការកាត់ផ្តាច់ចរន្តអគ្គិសនីប្រចាំថ្ងៃរយៈពេល១៣ ម៉ោងទូទាំងប្រទេសចាប់ពីថ្ងៃព្រហស្បតិ៍ទី៣១មីនាតទៅហើយមន្ទីរពេទ្យជាច្រើនទៀតបានផ្អាកការវះកាត់ជាទម្លាប់ បន្ទាប់ពីអស់ថ្នាំសង្គ្រោះជីវិត ខណៈវិបត្តិខ្វះសាច់ប្រាក់របស់ប្រទេសនេះកាន់តែផុងជ្រៅ។
ប្រជាជាតិអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន ២២ លាននាក់នេះបានស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីឯករាជ្យនៅឆ្នាំ ១៩៤៨ដែលបង្កឡើងដោយការខ្វះខាតរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរដើម្បីទូទាត់សម្រាប់ការនាំចូលទំនិញសំខាន់ៗបំផុត។
ក្រុមហ៊ុនអគ្គិសនីរដ្ឋផ្តាច់មុខបាននិយាយថា ខ្លួននឹងពង្រីកការកាត់ផ្តាច់ចរន្តអគ្គិសនី ៣ ម៉ោងបន្ថែមពីលើការកាត់ ១០ ម៉ោងចាប់ពីថ្ងៃព្រហស្បតិ៍តទៅដោយបង្ខំឱ្យមានការដាច់ភ្លើងទូទាំងប្រទេសរយៈពេល ១៣ ម៉ោង។
ប្រទេសនេះបានស្ថិតក្រោមការបែងចែកអគ្គិសនីយ៉ាងធ្ងន់ធ្ងរចាប់តាំងពីដើមខែមីនាមក ហើយក្រុមហ៊ុនអគ្គិសនីផ្តាច់មុខបាននិយាយថា ការដំឡើងការផ្តាច់ចរន្តអគ្គិសនីពី ៧ ម៉ោងទៅ ១០ម៉ោងមុននេះត្រូវបានដាក់ចេញដោយសារតែមិនមានប្រេងសម្រាប់ដំណើរការម៉ាស៊ីនភ្លើង។
ក្រុមមន្ត្រីបាននិយាយថា ជាង៤០ ភាគរយនៃអគ្គិសនីរបស់ប្រទេសស្រីលង្កាត្រូវបានបង្កើតចេញពីវារីអគ្គិសនីប៉ុន្តែកំរិតទឹកនៅភាគច្រើននៃអាងស្តុកទឹកតាមរោងចក្រវារីអគ្គិសនីធ្លាក់ចុះខ្លាំងមិនអាចដំណើរការម៉ាស៊ីនបាមពេញលេញដោយសារតែមិនមានភ្លៀងធ្លាក់។
ការផលិតអគ្គិសនីភាគច្រើនគឺមកពីធ្យូងថ្មនិងប្រេង។ វត្ថុធាតុដើមថាមពលទាំងពីរគឺជានាំចូលទាំងអស់ប៉ុន្តែកំពុងខ្វះការផ្គត់ផ្គង់ ដោយសារប្រទេសនេះមិនមានប្រាក់ដុល្លារគ្រប់គ្រាន់ក្នុងការចំណាយលើអ្នកផ្គត់ផ្គង់៕
ស្ត្រីម្នាក់កំពុងប្រើទៀនអំឡុងពេលដាច់ភ្លើងនៅទីក្រុងកូឡុំបូកាលពីថ្ងៃទី៣០មីនា២០២២