ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរក្រសួង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង (​គ​.​ស​.​ផ​.)​កាលពី​ថ្ងៃទី​៣០​ខែមីនា ឆ្នាំ ២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី ពិនិត្យ និង​ពិភាក្សា​លើ “​សេចក្តីព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី​១ នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជា​សមាជិក​-​សមាជិការ នៃ គ​.​ស​.​ផ​. ។​

​ដោយ​គោរព​តាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានជ្រើសរើស​យក​វិទ្យាស្ថាន​នគរូបនីយកម្ម និង​ឌី​សាញ​ស៊ិន​ជិន (Urban Planning and Design Institute of Shenzhen) ហៅ​កាត់​ថា UPDIS ដើម្បី​ផ្តល់​សេវាកម្ម​ក្នុងការ​រៀបចំ​ផែនការមេ​ដ៏​មាន​សារៈសំខាន់​នេះ ដែល​ត្រូវបាន​ចែកជា​៥ ដំណាក់កាល ដោយ​ត្រូវ​ចំណាយពេល​ប្រមាណ​១៨​ខែ​។ វិទ្យាស្ថាន UPDIS គឺជា​ស្ថាប័ន​រៀបចំ​នគរូបនីយកម្ម ដែលមាន​បទពិសោធន៍​ច្រើន និង​ទូលំទូលាយ ក្នុងការ​រៀបចំ​ផែនការមេ​, ទាំង​នៅក្នុង​ប្រទេស​ចិន និង​លើ​សកលលោក​ទាំងមូល​, និង​ជា​ស្ថាប័ន​នាំមុខ​ក្នុងការ​រៀបចំ​ផែនការមេ​អភិវឌ្ឍន៍​ទីក្រុង​ស៊ិន​ជិន ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា ដ៏​ល្បីល្បាញ​ក្នុងប្រទេស​ចិន​។

វិទ្យាស្ថាន UPDIS បានរៀបចំ “​សេចក្តីព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី​១​នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​” ដោយ​ផ្តោតលើ​ផ្នែក​សំខាន់ៗ​ចំនួន ២ រួមមាន ១.​ការវិភាគ​តំបន់ និង​ស្ថានភាព និង ២.​ទស្សនាទាន​បឋម​ដែល​បង្ហាញ​ពី​រូបភាព​អនាគត​នៃ​ការរៀបចំ​ផែនការមេ ។ ជារួម​, សេចក្តីព្រាង​របាយការណ៍​នេះ​គឺជា​ទស្សនាទាន​បឋម​នៃ​ផែនការមេ អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ក្នុង​កម្រិត​ម៉ាក្រូ ដែលមាន​ច​រិ​ក​ជា​យុទ្ធសាស្ត្រ និង​ទិសដៅ​គោលនយោបាយ ។​

​ការរៀបចំ​ផែនការ​មេនេះ គឺជា​ផ្នែក​មួយ​នៃ​ការគិតគូរ​ជា​យុទ្ធសាស្ត្រ ក្នុង​រយៈពេល​មធ្យម និង​វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​សម្រាប់​ជំរុញ​កិច្ច​អភិវឌ្ឍ​ជាតិ​ឱ្យ​រីកចម្រើន​ទៅមុខ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ស្របតាម​ការកំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ២០១៥-២០២៥​។ ការរៀបចំ​ផែនការ​មេនេះ គឺមាន​ការគិតគូ​រយ៉ា​ង​ល្អិតល្អន់ ដោយ​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប ប្រកបដោយ​នវានុវត្តន៍​ខ្ពស់ ដែល​អាច​ចាត់ទុកជា​ប្រភេទ​ទីក្រុង​វ័យឆ្លាត (SMART CITY) ទាំង​ការរៀបចំ​សំណង់​អគារ​, តំបន់​លំនៅដ្ឋាន​, ការកំណត់ តំបន់ឧស្សាហកម្ម​, តំបន់ការពារបរិស្ថាន ។​ល​។ ប្រកបដោយ​ការច្នៃប្រឌិត​ខ្ពស់ សោ​ភ័​ណ្ឌ​ភាព និង​ផាសុខភាព ដែល​គួរឱ្យ​ចង់​រស់នៅ​។​

​អង្គ​ប្រជុំបាន​ពិនិត្យ ពិភាក្សា និង​សម្រេច​លើ​ខ្លឹម​សារសំខាន់ៗ​នៃ​សេចក្តីព្រាង​របាយការណ៍​នេះ ព្រមទាំង បានផ្តល់​អនុសាសន៍​គ​ន្លឹះ ពិសេស ផ្តោតលើ​ទិសដៅ​អភិវឌ្ឍ​, វិស័យសេដ្ឋកិច្ច​-​ឧស្សាហកម្ម​ដែលមាន​សក្តានុពល​, ការរៀបចំ​ប្លង់គោល និង​ក្របខ័ណ្ឌ​ស្ថាប័ន ជាដើម ដើម្បី​ជួយ​តម្រង់ទិស​ឱ្យ​ក្រុមការងារ​នៃ​វិទ្យាស្ថាន UPDIS កែតម្រូវ​សេចក្តីព្រាង​របាយការណ៍​ដំណាក់កាល​ទី​១ នេះ ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ជា​ត្រីវិស័យ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​សិក្សា និង​រៀបចំ​ការងារ​ជំហាន​បន្តបន្ទាប់​ទៀត​។​

​នា​កិច្ចប្រជុំ​នេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​វាយតម្លៃ​ខ្ពស់​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​ជំនាញ​មកពី​វិទ្យាស្ថាន​នរ​រូបនីយកម្ម និង​ឌី​សាញ​ស៊ីន​ចិន (​ប្រ​ទស​ចិន​) ដែល​បានរៀបចំ​របាយការណ៍​បឋម​ផែនការ​មេនេះ​បានល្អ ដែល​យើង​កំពុងធ្វើការ​ពិនិត្យ និង​ផ្តល់​មតិ​បន្ថែម ពី​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។​

​ក្នុងនាម​ក្រសួង​ស្បៀង ដែលជា​ស្ថាប័ន​ផលិត​ម្ហូបអាហារ​ផ្គត់ផ្គង់​ឲ្យ​ទីក្រុង​អភិវឌ្ឍ​មួយ មាន​លក្ខណ​:​ជាទី​ក្រុង​ទំនើប បៃតង ទេសចរណ៍ វប្បធម៌ អប់រំ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នោះ លោក​រដ្ឋមន្ត្រី​បាន​ជូន​យោបល់ ៥ ចំណុច​សំខាន់ៗ​ដល់​អង្គប្រជុំ​ដើម្បី យកទៅ​ពិនិត្យ និង​ពិចារណា​ដាក់​ប​ញ្ជូ​ល​ក្នុង​ផែនការមេ មានដូចជា ៖

១-​គួររៀបចំ​តំបន់កសិកម្ម​មួយ​ដែលមាន​សក្តានុពល​ទាំង​ដី និង​ប្រភពទឹក​គ្រប់គ្រាន់ ឬ​ប្រើប្រាស់​ទឹក​កខ្វក់​ដែល​បានធ្វើ​ព​ពិធ​កម្ម​រួចហើយ ដើម្បី​ធានាបាន​នូវ​ផលិតភាព និង​និរន្តរភាព​ផលិតកម្ម​ដំណាំ​បន្លែ និង​សត្វ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីក្រុង​។

២-​គួរ​កំណត់​ឲ្យ​បាន​ច្បាស់​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​សមុទ្រ ក្នុងទិសដៅ​ពីរ​សំខាន់​គឺ​ទី​១- ធានា​បរិមាណ​ផ្គត់ផ្គង់​អាហារ​សមុទ្រ និង​ធ្វើការ​នាំចេញ និង​ទី​២- អភិរក្ស​ព្រៃកោងកាង​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

៣-​គួរ​បញ្ចូល​ផងដែរ​នូវ​ផែនការ​រៀបចំ​សួន​សាធារណ​បៃតង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ នឹង​សហការ​ដាំ​ឈើប្រណិត និង​ឈើ​លម្អ ដែល​វា​នឹង​ភ្ជាប់​ទៅនឹង​គម្រោង​ទីក្រុង​បៃតង​នាពេល​អនាគត​។​

៤-​គួររៀបចំ​កំពង់ផែរ ដែលមាន​ទុក​ច្រក​នាំចេញ​កសិផល និង​ផល​នេសាទ ដោយមាន​បំពាក់​ឧបករណ៍​ត្រជាក់​សម្រាប់​ស្តុក​រយៈពេល​ខ្លី​។​

៥-​គួររៀបចំ​សួ​នក​សិ​-​ឧស្សាហកម្ម ដែលមាន​លក្ខណ​ពហុ​បំណង និង​បច្ចេកទេស (​ស្តុក ប្រមូលផ្តុំ កែច្នៃ វេច​ខ្ចប់ បណ្តុះបណ្តាល ទីផ្សារ និង​តាំង​បង្ហាញ​ផលិតផល​)​។​

​នាឱកាស​នោះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រុមការងារ​ដឹកនាំ​ដោយ​វិទ្យាស្ថាន UPDIS ដែល​បាន​ខិតខំ​រៀបចំសេចក្ដី​ព្រាង​របាយ​ការណ៍​លទ្ធផល ក្នុងដំណាក់កាល​ទី ១ និង​បាន​ណែ​នាំឱ្យ​ក្រុមការងារ​ធ្វើការ​កែសម្រួល​ឯកសារ​នេះ ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​កិច្ចការ ក្នុងដំណាក់កាល​ទី ២ នៃ​ការរៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ខេត្ដ​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​៕​