​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក យ៉ា​ហ្សី​ប បេន​សា​អ៊ី​ត (Yazid BENSAID) នាយក​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ ដោយ គោលបំណង​នៃ​កិច្ច​ជំនួប​នេះ ដើម្បី​ពិនិត្យមើល​ពី​វឌ្ឍនៈភាព​នៃ​ការងារ​អនុវត្ត​គម្រោង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយនឹង ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង និង​ពិភាក្សា​ពី​សក្តានុពល​ក្នុង​ការសហការ​អនុវត្ត​គម្រោង​នាពេល​អនាគត​បន្ថែមទៀត ជាពិសេស​ទិសដៅ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។

​លោក រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង និង​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​នៅក្នុង​វិស័យ​នានា​នៅ​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​និង បាន​បន្ថែមថា វិស័យ​កសិកម្ម​នៅ​កម្ពុជា​នៅតែ​បន្ត​រក្សា​កំណើន​បានល្អ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយមាន​ការចូលរួម​គាំទ្រ​ពី​ដៃគូ​អភិវឌ្ឍ​ជាច្រើន ក្នុងនោះ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ជា​ដៃគូ​ដ៏​សំខាន់​មួយ​។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​អនុវត្ត​គម្រោង និង​កម្មវិធី​ចំនួន​ពីរ ក្រោម​ហិរញ្ញប្បទាន​ឥណទាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង សហការ​ជាមួយ​ដៃគូ​ដទៃទៀត​រួមមាន គម្រោង​ពង្រឹង​សុវត្ថិភាព និង​ភាព​ប្រកួតប្រជែង​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម និង កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​នៃ​ក្សេត្រ​បរិស្ថាន​នៅ​កម្ពុជា ហើយ​គម្រោង និង​កម្មវិធី​ទាំងពីរ​បាននិងកំពុង​តែ​ដំណើរការ​បានល្អ ហើយ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំណើន​ជីវភាព​កសិករ តាមរយៈ​ការបង្កើន​ផលិតភាព ពិពិធ​កម្ម​កសិកម្ម ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម និង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ ក្រៅពីនេះ​មន្ត្រី​ជំនាញ​របស់​ក្រសួង ក៏បាន​នឹង​កំពុង​សហការ​ជាមួយ​ជំនាញ​ការដែល​បាន​គាំទ្រ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ក្នុង​ការរៀបចំ និង​សិក្សា​នូវ​គម្រោង និង​កម្មវិធី​ថ្មី​២​ទៀត ដូចជា កម្មវិធី​អភិវឌ្ឍ​បច្ចេកវិទ្យា​កសិកម្ម​ពឹងផ្អែក​លើទឹក​ភ្លៀង​នៅ​កម្ពុជា និង​គម្រោង​និរន្ត​ភាព​នេសាទ​សមុទ្រ និង​តំបន់ឆ្នេរ ដែល​គម្រោង និង​កម្មវិធី​នេះ​ត្រូវបាន​រំពឹងថា​នឹងចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការបង្កើន​តម្លៃបន្ថែម​ផលិតផល​កសិកម្ម បង្កើន​ភាព​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ដោយ​អនុវត្ត​នូវ​កសិកម្ម​វ័យឆ្លាត​និង​កសិកម្ម​អភិរក្ស បង្កើន​ភាព​ប្រកួតប្រជែង​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម បង្កើន​ប្រាក់ចំណូល​ដល់​កសិករ និង​ប្រជា​នេសាទ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែម​លើ​ការកែច្នៃ​។

​លោក យ៉ា​ហ្សី​ប បេន​សា​អ៊ី​ត បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី ថា​ទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បាន​ពិនិត្យឃើញ បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​មួយ​ដែល​សកលលោក​កំពុង​យកចិត្តទុកដាក់ ក្នុងនោះ​កម្ពុជា​ក៏​ត្រូវបាន​ពិនិត្យឃើញថា​ជា​ប្រទេសមួយ​ដែល​កំពុង​រង​សម្ពាធ​ពី​ការប្រែប្រួល​អាកាសធាតុ ជាពិសេស បញ្ហា​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​។

​កត្តា​គ្រោះធម្មជាតិ​នេះ​បាន​បង្ក​ហានិភ័យ​ចំពោះ​វិស័យ​កសិកម្ម ដែល​ទាមទារ​អោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ប​ង្កើ​ន​ការយកចិត្តទុកដាក់ និង​ដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ​ហានិភ័យ និង​បង្កើន​ភាពស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ លោក បាន​បន្ថែម​ទីភ្នាក់ងារ​នឹង​បន្ត​កិច្ចសហការ​អោយបាន​ល្អ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​កិច្ចការ​នេះ​បន្ថែមទៀត ដោយ​យកចិត្តទុកដាក់​លើ​វិធានការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​កូ​វីដ​១៩ ផងដែរ​៕​