ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២ លោក វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ (​គ​.​ជ​.​អ​.​អ​) បាន​អញ្ជើញ​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១ របស់ គ​.​ជ​.​អ​.​អ​។

​នាឱកាស​នោះ លោក វេ​ង សាខុន ក្នុងនាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ជា​អនុប្រធាន​គ​.​ជ​.​អ​.​អ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​អន្តរក្រសួង​ក្រោម​ការសម្របសម្រួល​រប​ស់​ក្រសួងទេសចរណ៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណាប់អារម្មណ៍​ដ៏​មាន​អត្ថន័យ​របស់លោក ថោង ខុន ជា​ប្រធាន គ​.​ជ​.​អ​.​អ ដែល​បាន​ជម្រាបជូន​អំពី​ស្ថានភាព​នៃ​ដំណើរការ​អភិវឌ្ឍ​ប្រកបដោយ​ផ្លែផ្កា ពិសេស​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​វិស័យ​សំខាន់ៗ​ផ្សេងៗ​ទៀត ដែល​នឹង​ការរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច ពិសេស​ក្នុង​កាលៈ ទេសៈ​នៃ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​នៅក្នុង​ស្មារតី​ទទួលខុសត្រូវ លោក រដ្ឋមន្ត្រី​បានបង្ហាញ​អំពី​ការប្តេជ្ញាចិត្ត និង​សុ​ឆន្ទៈ​សហការ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​ការបន្ត​កិច្ចសហការ ជាមួយ​គ្រប់​ដៃគូ​ដើម្បី​ពង្រឹង និង​ពង្រីក​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ និង​ផែនការ​សកម្មភាព​សំខាន់ៗ​របស់ គ​.​ជ​.​អ​.​អ ដោយ​បន្ត​ជំរុញ គាំទ្រ និង​លើក​ទឹក ចិត្ត​ដល់​ការវិនិយោគ​វិស័យ​ទេសចរណ៍ អេកូ​ទេសចរណ៍ ឆ្លើយតប​ទៅនឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​មិន​មើលរំលង​គោលការណ៍​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមនីយដ្ឋាន​ស្អាត សេវា​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ​” រួមទាំង​វិស័យ​កសិកម្ម​មានដូចជា ៖ សហគមន៍​កសិកម្ម សហគមន៍​ព្រៃឈើ និង​សហគមន៍​នេសាទ ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច កម្រិតជីវភាព​របស់​ប្រជា​សហគមន៍​ដែល​ប្រកបមុខរបរ​កសិកម្ម​ជា​ចម្បង ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​ឆ្នាំ​២០២១- ២០២៣ តាម​យុទ្ធសាស្ត្រ “​អភិក្រម​ផ្កា​រីក​” របស់​រាជរដ្ឋាភិបាល​។​

​លោក រដ្ឋមន្ត្រី បាន​រំលេច​អំពី​សក្តានុពល​នៃ​សហគមន៍​នេសាទ សហគមន៍​ព្រៃឈើ និង​សហគមន៍​កសិកម្ម ដែល​អាច​ប្រែក្លាយ​ទៅជា​សហគមន៍​អេកូ​ទេសចរណ៍​បាន​នាពេល​អនាគត​។
​ជាក់ស្តែង​បច្ចុប្បន្ន​មាន​សហគមន៍​នេសាទ​ចំនួន ១៣១ ក្នុងចំណោម ៥១៦ ដែលមាន​សក្តានុពលភាព​ប្រែក្លាយជា​សហគមន៍​ទេសចរណ៍ធម្មជាតិ​។ បច្ចុប្បន្ន​មាន​សហគមន៍​នេសាទ​ចំនួន ២៧ បាននិងកំពុង​ដំណើរកា​រ​ទេសចរណ៍ធម្មជាតិ​នៅ​តំបន់​មាត់ សមុទ្រ និង​តំបន់​បឹង​ទន្លេសាប​នៅក្នុង ១២​ខេត្ត (​ក្រចេះ ស្ទឹងត្រែង តាកែវ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយ​មាន ជ័យ កំពត ព្រះសីហនុ កែប និង​ខេត្តកោះកុង​)​។ សហគមន៍​ព្រៃឈើ យើង​មាន​ចំនួន ៦៤៣ ក្នុងនោះ​បានធ្វើ​ផែនការ​គ្រប់គ្រង​ចំនួន ១០៣ ព្រមទាំង​មាន​តំបន់​ព្រៃឈើ​តាម​បណ្តោយ​ដងស្ទឹង ព្រែក បឹង ក្នុង​ដែន​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ ចម្ការ​ឈើ​ដាំ ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ ព្រៃ​-​ឈើ ចម្ការ​ក​សិ​-​រុក្ខកម្ម ចម្ការ​រុក្ខទិវា​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ដែល​អាច​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ ក​សិ​-​ទេសចរណ៍ និង​តំបន់​លំហែ​កម្សាន្ត​ផងដែរ​។ សហគមន៍​កសិកម្ម​ចំនួន ១.២១៧ ក្នុងនោះ​មាន​សហគមន៍​ផលិត​បន្លែ​ចំនួន ២៥៩ និង​សហភាព​សហគមន៍​កសិក​ម្ម​ចំនួន ១១​។ នាពេល​អនាគត សហគមន៍​កសិកម្ម​មួយចំនួន​អាច​នឹង​បង្កើត​មុខរបរ​ថ្មី​មួយ​ដែល​ហៅថា “​ក​សិ​-​ទេសចរណ៍​” សម្រាប់​ផ្តល់ឱកាស​ដល់​អ្នកទេសច​រណ៍​ក្នុងស្រុក និង​បរទេស​បាន​ទៅ​ទស្សនា​កសិដ្ឋាន​។ កសិដ្ឋាន​ដែល​សហគមន៍​កស​កិ​កម្ម​អាច​ផ្តល់​ជា​កន្លែង​ឱ្យ​អ្នក​ទេសចរណ៍​ទៅ​ទស្សនា​នោះ​រួមមាន ៖ ដំណាំ​ស្រូវ ដំណាំ​ម្រេច ដំណាំ​បន្លែ ស្វាយកែវ​រមៀត ស្វាយចន្ទី មៀន​ប៉ៃលិន និង​កៅស៊ូ​។​ល​។ ហេតុដូច្នេះ មាន​សហគមន៍​កសិក​ម្ម​មួយចំនួន អាច​ក្លាយជា​សហគមន៍​កសិក​ម្ម ក​សិ​-​ទេសចរណ៍ នៅពេល​អនាគត ប្រសិនបើ​សហគមន៍​កសិកម្ម​ចង់​បង្កើត​មុខរបរ​ថ្មី​ស្តីពី ក​សិ​-​ទេសចរណ៍ នៅក្នុង​សហគមន៍​កសិកម្ម​រប​ស់​ខ្លួន​រួមទាំង​សហគមន៍​នេសាទ និង​សហគមន៍​ព្រៃឈើ​ផងដែរ​។​

​ព្រមជាមួយ​បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទង​ការបង្កើត ការអភិវឌ្ឍ ការដឹកនាំ គ្រប់គ្រង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យ​សហគមន៍​មានការ​អភិវឌ្ឍ​ប្រកបដោយ​វិបុលភាព ចីរភាព និង​និរន្តរភាព លោក រដ្ឋមន្ត្រី​សង្ឃឹម ជឿជាក់ថា កិច្ចប្រជុំ​នាពេលនេះ មិន​ត្រឹម តែ​ជួយ​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ​ដើម្បី​ស្វែងរក​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​សំដៅ​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៃ​ការគ្រប់គ្រង​អភិវឌ្ឍ​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​អេកូ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ក្នុង​ស្មារតី​ម្ចាស់ការ​ទទួលខុស ត្រូវ​ក្នុង​បុព្វហេតុ​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បង្កើនល្បឿន​កំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍​តំបន់​ជនបទ ការបង្កើន​សក្តានុពល​ទេសចរណ៍ធម្មជាតិ ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍​ឆ្នាំ​២០១៩-២០៣០៕​