​ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា នៅ​ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២២ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ពីរ​នៅ
​ខេត្តកំពង់ស្ពឺ និង នៅ​រាជធានី​ភ្នំពេញ​។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទីមួយ​គឺ TOP NINGBO FASHION CO., LTD លើ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦០៣​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា ក្រុមទី​ពីរ គឺ KING LIM (CAMBODIA) CO., LTD​លើ គម្រោង​បង្កើត​រោងចក្រ​បោះពុម្ព​លើ​ស្លាក​សញ្ញា និង​ផលិត​គ្រឿង​បន្សំ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង​៕​