ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា ការប្រកាស​ធ្វើពហិកា​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ របស់​គណបក្ស​ភ្លើងទៀន គឺ​មិន​បានធ្វើ​ឲ្យ​កិច្ចដំណើរការ​ទាំងមូល នៃ​ដំណើរការ​បោះឆ្នោត​ប្រែប្រួល​ទៅជា​ការអាក់ខាន​មិនបាន​ដំណើរការ​ទៅមុខ​ទេ ការបោះឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅតាម​ការកំណត់​។ គ​.​ជ​.​ប ក៏​មិនមាន​សិទ្ធិអំណាច​អ្វី​ទៅ​ចាប់បង្ខំ​ឲ្យ​គណបក្សនយោបាយ មក​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែរ​។

លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប

​ការបញ្ជាក់​របស់​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ធ្វើឡើង​បន្ទាប់ពី​លោក ថាច់ សេដ្ឋា អនុប្រធាន​ទី​១ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន បានប្រកាសថា បើ​បរិយាកាស​មិន​អំណោយផល ពោលគឺ​សមាជិក​របស់ខ្លួន​នៅតែ​ត្រូវបាន​ចាប់ខ្លួន ហើយ គ​.​ជ​.​ប បន្ត​បដិសេធ​ពាក្យសុំ​បេក្ខជន​របស់ខ្លួន​នោះ គឺ​មិនអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​ឃុំ​សង្កាត់​បានទេ​។​

​លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​ថា តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​នៅក្នុង​ការប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ការចូលរួម ឬ​មិន​ចូលរួម គឺជា​សិទ្ធិ​របស់​គណបក្សនយោបាយ​។ ចំណែក​គ​.​ជ​.​ប គឺ​អនុវត្ត​នៅ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ដូច​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីទី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីទី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត​ដំណាក់កាល​ទី​២ ដែលជា​ដំណាក់​កាលដែល​គណបក្ស​នយោបាយ​បាន​ចុះបញ្ជី​គណបក្ស​ស្របតាម​ច្បាប់​គណបក្ស ស្របតាម​ច្បាប់ ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ គឺអាច​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន ក្នុង​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ដូច្នេះ​ការ​ពហិកា ឬ​ការចូលរួម​របស់​គណ​បក្សនយោបាយ គឺជា​សិទ្ធិ​សម្រេច​របស់​គណបក្សនយោបាយ​ផ្ទាល់​។​

​អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់ថា “​គ​.​ជ​.​ប ក៏ដូចជា​គណបក្សនយោបាយ​ដែរ គឺមាន​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ដូច្នេះ​យើង​អនុវត្ត​គោលការណ៍​ទូទៅ​ដែល​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ស្ថាប័ន​រៀបចំ​ចាត់ចែង​ការបោះឆ្នោត​។ ហើយ​គណបក្សនយោបាយ​ក៏មាន​សិទ្ធិសេរីភាព​នៅក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម ដែល​អនុលោម​តាមច្បាប់ ស្តីពី​គណបក្សនយោបាយ រួម​ជាមួយនឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ជា​សរុប​ការធ្វើ​ពហិកា​មិន​ចូលរួម​ការបោះឆ្នោត គឺជា​សិទ្ធិ​សម្រេច​របស់​គណបក្សនយោបាយ​។ ហើយគ​.​ជ​.​ប ក៏​អត់​មាន​សិទ្ធិអំណាច​អ្វី​ទៅ​ចាប់បង្ខំ​ឲ្យ​គណបក្សនយោបាយ​មក​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែរ​”​។​

​អ្នកនាំពាក្យ​បាន​អះអាងថា “​ការធ្វើ​ពហិកា​មិន​ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​នាពេល​ខាងមុខនេះ របស់​គណបក្ស​ភ្លើងទៀន មិនបាន​ធ្វើ​ឲ្យ​កិច្ចដំណើរការ​ទាំងមូល នៃ​ដំណើរការ​បោះឆ្នោត​ប្រែប្រួល​ទៅជា​ការអាក់ខាន​មិនបាន​ដំណើរការ​ទៅមុខ​ទេ ការបោះឆ្នោត​នៅតែ​ប្រព្រឹត្ត​ទៅតាម​ការកំណត់​រប​ស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ហើយគ​.​ជ​.​ប រៀបចំ​ការបោះឆ្នោត ហើយ​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅតាម​ការកំណត់ គឺ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​”​។

​លោក សោម សូ​រី​ដា បានបញ្ជាក់​ទៀតថា តាម​ការសង្កេត​ជាទូទៅ​នៅក្នុង​ដំណាក់កាល​ចុះបញ្ជី​បេក្ខជន​គណបក្សនយោបាយ​កន្ល​ង​មក គឺមាន​គណបក្សនយោបាយ​ចំនួន ១៧ បាន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត​។ ហើយ​ការធ្វើ​ពហិកា​មិន​ចូលរួម​ការបោះឆ្នោត​រប​ស់​គណបក្ស​ភ្លើងទៀន ក៏​ផ្តល់ឱកាស​ឲ្យ​គណបក្សនយោបាយ​ចំនួន ១៦​ផ្សេងទៀត​នៅតែ​បន្ត​កិច្ចការ​របស់ខ្លួន​ក្នុងការ​ប្រកួតប្រជែង​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ ពីព្រោះ​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ មាន​សិទ្ធិ​ស្មើៗ​គ្នា​នៅក្នុង​ការចូល​រួមការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ដោយ​គ្មាន​ការបែងចែក​គណបក្ស​តូច គណបក្ស​ធំ គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល គណបក្ស គណបក្ស​ក្រៅ​រាជរដ្ឋាភិបាល​នោះទេ​៕​