​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ​.​ជ​.​ប បានសម្រេច​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ , លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​លុប​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើងទៀន សង្កាត់​មនោ​រម្យ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​។

​ការសម្រេច​នេះ បាន​ធ្វើឡើង​នៅក្នុង​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ និង​បន្ទាប់ពី​បាន​ស្ដាប់​ការឆ្លើយបំភ្លឺ​របស់​ដើមបណ្ដឹង ចុង​ចម្លើយ ស្តាប់​ការឆ្លើយបំភ្លឺ​របស់​មេធា​វី តំណាង​ដើមបណ្តឹង និង​មេធាវី​តំណាង​ចុង​ចម្លើយ ព្រមទាំង​បាន​ពិនិត្យ​កំណត់ហេតុ​សាកសួរ និង​ស្តាប់​ចម្លើយ​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ខាងលើ ក្រោយពី​បាន​ពិនិត្យ​ពិចារណា​គ្រប់​អង្គហេតុ និង​ក្រោយពី​បាន​ពិភាក្សា​ស្របតាម​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២
​សវនាការ​ជំនុំជម្រះ​ជា​សាធារណៈ​នេះ គឺ​ដើម្បី​ដោះស្រាយ​សំណុំរឿង​ចំនួន ៣ ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក និង​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​។

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​ឲ្យ​ដ​ដឹងថា នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ នៅ​សាលសន្និសីទ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ គ​.​ជ​.​ប ដែលមាន​សមាសភាព ៩​រូប ដឹកនាំ​ដោយ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ​.​ជ​.​ប និង​ជា​ប្រធាន​ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ​.​ជ​.​ប បាន​បើកសវនាការ​ជា​សាធារណៈ ដើម្បី​ដោះស្រាយ​សំណុំរឿង​ចំនួន ៣ ពាក់ព័ន្ធ​នឹង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​ភ្លើងទៀន ដែល​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ ទួលគោក និង​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ក្នុង​សំណុំរឿង​លេខ ១៣៩ ដើមបណ្ដឹង​ឈ្មោះ ស៊ូ កញ្ញា ភេទ​ស្រី កើត​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០០១ មាន​ទីលំនៅ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជា ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​ក្នុង​សំណុំរឿង​លេខ ១៤០ ដើមបណ្ដឹង​ឈ្មោះ នួន ឌុ​ក ភេទ​ប្រុស កើត​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​១៩៤៧ មាន​ទីលំនៅ ផ្ទះ​លេខ​៤​អា​អឺ​១ ផ្លូវ​៣៣៦ ភូមិ​១០ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្នុង​សំណុំរឿង​លេខ ១៤១ ដើមបណ្ដឹង​ឈ្មោះ ចាន់ ជួន​ជឿន ភេទ​ប្រុស កើត​ថ្ងៃទី​១ ខែ មករា ឆ្នាំ​១៩៤៥ មាន​ទីលំនៅ ផ្ទះ​លេខ​៤៧​អឺ​៣ ផ្លូវ​១៤៤ ភូមិ​៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ជា​ប្រជាពលរដ្ឋ​បាន​ប្តឹង​បដិសេធ​បញ្ជី​បេក្ខជន​របស់​គណបក្ស​ភ្លើងទៀន និង​បេក្ខជន ២​រូប បាន​ប្តឹង​សុំ​លុបឈ្មោះ​របស់គាត់​ចេញពី​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​៕​