ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣១ ខែមីនានេះបានអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែល ស្ថិតលើទីតាំងចាស់ តាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភពបញ្ជាក់ថា អគារថ្មីនេះបានប្រារព្ធពិធីបញ្ចុះបឋមសិលា កាលពីព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មាន កម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ ចំណតរថយន្ត ចំនួន ៣៣០គ្រឿង ។ ដំបូលអគារមានកម្ពស់ ៦៣ម៉ែត្រ គិតត្រឹម ដំបូលក្បឿង ៩២ម៉ែត្រគិតដល់ចុងបុស្បបុកតូច និង១១៨ម៉ែត្រ គិតដល់ចុងបុស្បបុកធំ ។

យោងតាមប្លង់ស្ថាបត្យកម្ម អគារថ្មីនៃទីស្តីការក្រសួងមហាផ្ទៃ ជា ប្រភេទ ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង ស្រកា លេញ មានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្ត កំពូល ប្រាំ និងអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ ព្រម ទាំង គិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់់ ប្រកបដោយផាសុខភាពសក្តិសមជាទីកន្លែងបំពេញការងារបែបសម័យទំនើបថ្មី ។

តាមគម្រោងអគារថ្មីនេះ គ្រោងនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០២៣ ។បច្ចុប្បន្នសាងសង់បានប្រមាណ ២០ ភាគរយដែលគ្រោងចំណាយថវិកាប្រមាណ៦០លានដុល្លារ  ៕សរន