ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖​ប្រព័ន្ធ​ទូទាត់​បាគង​ដែល​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា កំពុង​ក្លាយជា​សមិទ្ធផល​ថ្មី​គួរ​ជាទី​មោទន​របស់​ប្រទេស​កម្ពុជា ដោយសារ ប្រព័ន្ធ ទូទាត់​នេះ កំពុង ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង និង​ផ្តល់​ពាន រង្វាន់​ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លំដាប់ ពិភពលោក ។

​នៅ​ដើមឆ្នាំ២០២២ នេះ ប្រព័ន្ធ​ទូទាត់​បាគង ត្រូវបានស្ថាប័នព័ត៌មាន Nikkei Asia ផ្តល់ ពានរង្វាន់ ទទួលស្គាល់​ជា​ផលិតផល និង​សេវាកម្ម ឆ្នើម​ប្រចាំឆ្នាំ​២០២១ ក្នុង ការរួម ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ Nikkei Asia ជា​ស្ថាប័ន​ព័ត៌មាន​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវបាន​បង្កើតឡើង នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៨៧៦ ។​

​ស្ថាប័ន​ព័ត៌មាន Nikkei Asia បាន​បញ្ជាក់ថា កា​រសម្រេច​ផ្តល់​ពានរង្វាន់​នេះ​ដល់​ប្រព័ន្ធ​ទូទាត់ បាគង គឺ ដោយសារ ពិនិត្យឃើញ​ពី​អត្ថប្រយោជន៍ និង នវានុវត្តន៍​ថ្មី​របស់​ប្រព័ន្ធ​បាគង ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០២០ កន្លងមក​។​

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា

​ប្រព័ន្ធ​បាគង​ជា​ប្រព័ន្ធ​ទូទាត់​របស់​ធនាគារកណ្តាល ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន​មុនគេ​បង្អស់​នៅលើ​ពិភពលោក ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​អាច ធ្វើការ​ទូទាត់​ក្នុង​ប្រតិបត្តិការ ទូទៅ​និង​ផ្ទេរប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនា គារ​និង​ហិរញ្ញវត្ថុ តាមរយៈ​កម្មវិធី ធនាគារ​នៅលើ​ទូរស័ព្ទដៃ ដោយ​ទទួលបាន​ប្រាក់​ភ្លាមៗ ប្រកបដោយ​ប្រសិទ្ធភាព សុវត្ថិភាព និង​តម្លៃ​សមរម្យ​។​

​ការផ្តល់ ភាពងាយស្រួល​ក្នុងការ​ទទួលបាន​សេវា​ទូទាត់​តាម​ប្រព័ន្ធ​បាគង បាន​បង្កើន​ចំនួន​ប្រជាជន ប្រើ ប្រាស់ សេវា​ទូទាត់​ដល់​ប្រមាណ ៨ លាន​នាក់ ស្មើ​ប្រមាណ ៨០ភាគរយ នៃ​ប្រជាជន​ពេញវ័យ​សរុប​។​

​យោងតាម​ទិន្នន័យ​ពី​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ឆ្នាំ​២០២១​កន្លងទៅ ប្រតិបត្តិការ​ជា​ប្រាក់រៀល​តាម​ប្រព័ន្ធ​ទូទាត់​បាគង​មាន​ប្រមាណ ២,៥ ទ្រី​លាន រៀល និង​ប្រតិបត្តិការ​ជា​ប្រាក់​ដុល្លារ​អាម៉េរិក​មាន​ប្រមាណ ៣ ប៊ីលានដុល្លារ​អាម៉េរិក​។​

លោក ស៊ុំ សន្និសីទ

​ចាប់ពី ឆ្នាំ​២០២០​មក ធនាគារជាតិ​នៃ​កម្ពុជា​បានទទួលពានរង្វាន់ អន្តរជាតិ​ជា​បន្តបន្ទាប់ រួមមាន៖ ពានរង្វាន់​ទេសាភិបាល​ឆ្នើម​ប្រចាំឆ្នាំ​២០២១ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកពី​ទស្សនា​វ​ត្តី ហិរញ្ញវត្ថុ The Banker, ពាន រង្វាន់ និយ័ត​ករ​ឆ្នើម​លើ​ការបំពេញ​មុខងារ​-​ភារកិច្ច ពី​ភ្នាក់ងារ​ប្រឹក្សា​យោបល់​និង​វាយតម្លៃ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ The Asian Banker និង ពានរង្វាន់​នាពេលនេះ​ពី ភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន Nikkei Asia សម្រាប់​ប្រព័ន្ធ​បាគង ក្នុងនាម ជា ផលិតផល និង សេវាកម្ម​ឆ្នើម​ប្រចាំឆ្នាំ​២០២១​។​

​បន្ថែម​លើ​នេះ លោកស្រី ជា សិរី ដែលជា​អ្នក​ផ្តួចផ្តើម​គំនិត និង​ដឹកនាំ​ការបង្កើត ប្រព័ន្ធ​បាគង​នេះ ក៏ ត្រូវបានស្ថាប័ន​ជំនាញ​ផ្នែក​វិភាគ និង​រាយការណ៍​ព័ត៌មាន​អំពី​រូបិយប័ណ្ណ​ឌីជីថល CoinDesk ដាក់បញ្ចូល ក្នុងបញ្ជីបុគ្គល​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់បំផុត ៥០ រូប លើ​ពិភពលោក​ប្រចាំឆ្នាំ ២០២១ ផងដែរ​។​

​សមិទ្ធផល​ដែលសម្រេចបាន​ទាំងនេះ​កើតឡើង​ពី​ការ ប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ និង​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ទាំងអស់ និង​ជាពិសេស​គុណសម្បត្តិ​ពី សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ នៅ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​ទស្សនវិស័យវែង ឆ្ងាយ​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ដែល​បាន ធ្វើឱ្យ​សេដ្ឋកិច្ច​ងើបឡើង​យ៉ាង​ឆាប់រហ័ស​។​

​គួរ​បញ្ជាក់ថា នាពេល​កន្លងមក ធនាគារជាតិ​នៃ​កម្ពុជា​បានគិត​គូ​ពី​ប្រសិទ្ធភាព​និង​ភាព​ធន់​នៃ​ប្រព័ន្ធ​ទូទាត់​របស់​កម្ពុជា ស្របតាម​និន្នាការ​តំបន់ តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដោយ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​។​

​ជាក់ស្តែង ចាប់ពី ខែកុម្ភៈ ឆ្នាំ​២០២០​មក ប្រជាជន​កម្ពុជា​អាច​ទូទាត់​ដោយផ្ទាល់ តាមរយៈ​ឃ្យូ​អរ​កូត (QR Code) នៅ​ប្រទេស​ថៃ ហើយ​ចាប់ពី​ខែសីហា ឆ្នាំ​២០២១​មក អាច​ទូទាត់​និង​ផ្ទេរប្រាក់​នៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ ប្រព័ន្ធ​បាគង ដែល​បាន​សម្រួល​ដល់​ទេសចរ​និង​ពលករ​ខ្មែរ ក្នុងការ​ទូទាត់​និង​ផ្ទេរប្រាក់​នៅក្នុង​ប្រទេស​ទាំង​ពីរ​។ ជាមួយគ្នានេះ ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្វី​ច (CSS) ក៏​ត្រូវបាន​បង្កើតឡើង​ផងដែរ ដើម្បី​សម្រួល រាល់​ការទូទាត់​តាម​កាត​ធនាគារ​នៅក្នុង​ប្រព័ន្ធ​ទូទាត់​ក្នុងស្រុក ទន្ទឹមគ្នា​នឹង​ការប្រើប្រាស់ វី​សា ឬ​ម៉ា​ស្ទ័រកាត​។​

​ធនាគារជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ពង្រឹង​ការទូទាត់​ជា​រូបិយវត្ថុ​ជាតិ និង​ការទូទាត់ ទ្វេភាគី​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដើម្បី​លើកកម្ពស់​ភាព​ម្ចាស់ ឯករាជ្យភាព​និង​ភាព​ធន់​នៃ​ប្រព័ន្ធ​ទូទាត់ កម្ពុជា ក៏ដូចជា​កាត់បន្ថយ​ការពឹងផ្អែក​ជ្រុល​លើ​ប្រព័ន្ធ​ទូទាត់​អន្តរជាតិ​។​

​ទន្ទឹមនេះ ធនាគារជាតិ​នៃ​កម្ពុជា គ្រោង​នឹង​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ក្រសួង​ការងារ​និង​បណ្តុះបណ្តាល វិជ្ជាជីវៈ និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​បាគង​សម្រាប់ សម្រួល​ដល់​ការផ្ទេរ​ប្រាក់ឧបត្ថម្ភ​នានា​របស់​រាជរដ្ឋាភិបាល ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​ផងដែរ ៕​សរន