ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​: លោកជំទាវ​បណ្ឌិត Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការ សហប្រជាជាតិ​(​អ​.​ស​.​ប​)​សម្រាប់​មី​យ៉ាន់​ម៉ា​បានទទួល​ស្គាល់​នូវ​ការលំបាក​នានា​ដែល​កម្ពុជា​កំពុង​ប្រឈម​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន និង​បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការ​បើកផ្លូវ​សម្រាប់​ដំណើរការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​។

​ការបញ្ជាក់​របស់លោក​ស្រី​បណ្ឌិត Noeleen Heyzer បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា នា​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ​២០២១ ទៅ​នៅ​ទីស្តីការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឱ្យដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​បាន​ចាប់ ផ្តើម​កិច្ចពិភាក្សា​ដោយ​ជម្រាបជូន​ដៃគូ​សន្ទនា​របស់លោក​អំ​ពី​សកម្មភាព​ការ​ប្រឈម​នានា​និង​លទ្ធផល​នៃ​ជំនួប​របស់លោក​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ក្នុងអំឡុងពេល​ទស្សនកិច្ច​ជា​លើកដំបូង​របស់​ឯកឧត្តម​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី ២១-២៣​ខែមីនា​ឆ្នាំ​២០២២​ដោយ​ផ្តោតជាសំខាន់​ទៅលើ​អាទិភាព​បន្ទាន់​ចំនួន​បី​រួមមាន​៖​ដំណើរ​ឆ្ពោះទៅរក​ការ​បញ្ចប់​អំពើហិង្សា សម្របសម្រួល​ការ​ចែក​ចាយ​​​ជំនួយ​មនុស្សធម៌ និង​ការកសាង ជំនឿ​ទុកចិត្ត​និង​បង្កើត​បរិយាកាស​ដើម្បី ចាប់ផ្តើម​កិច្ចសន្ទនា​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ស្ថាបនា ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ត្រូវ​បានទទួល​ស្វាគមន៍​ជាទូទៅ និង​ត្រូវបាន​ចាត់ទុកថា​ជា​ដំណើរ​ឆ្ពោះទៅមុខ​ដ៏​សំខាន់​នៅក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន ដោយ​គូសបញ្ជាក់ថា នៅក្នុង​អំឡុងពេល​ពីរ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច ឯកឧត្តម​ទទួលបាន​ការយល់ដឹង​ពាក់ព័ន្ធ​ជាច្រើន សម្រាប់​ដំណើរ​ឆ្ពោះទៅមុខ​ក្នុងការ​បញ្ចប់​អំពើហិង្សា​ក្នុងការ​យល់ដឹង​បន្ថែមទៀត​អំពី​ហេតុផល​នៅ​ពីក្រោយ​ភាពមិន​ដូចគ្នា​នៃ ទស្សនៈ និង​ជំហរ ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ ក៏ដូចជា តម្រូវការ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​នានា ក្នុងការ​ចែកចាយ ជំនួយ​មនុស្សធម៌​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ផងដែរ​អំពី​បញ្ហា​ប្រឈម​នានា ដោយ​គូសបញ្ជាក់ថា​តួអង្គ នយោបាយ​ខុសៗ​គ្នា​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​មិនទាន់បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​កិច្ចពិភាក្សា​នោះទេ​និង​នៅតែមាន ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបន្ត​ការតស៊ូ​របស់​ពួកគេ នៅ​គ្រប់​ទម្រង់ ជាពិសេស​តាមរយៈ​ការតស៊ូ​ប្រដាប់អាវុធ​។ លោក​បាន​បន្តទៀតថា​វា​ច្បាស់​ណាស់​ថា​គ្មាន​ដំណោះស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រទេស សង្គម និង​នៅក្នុង​សតិអារម្មណ៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា នោះទេ​។​

​លោក ប្រាក់ សុខុន បាន​ជម្រាបជូន លោកស្រី បណ្ឌិត Heyzer អំពី​ជំហាន​ចំនួន​៣​នៃ​ការងារ នាពេល​បន្ទាប់​របស់លោក ក្នុងនាម​ជា​ប្រេសិត​ពិសេស​។ ទីមួយ ការត្រៀម​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​អំពី​ជំនួយ​មនុស្សធម៌​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ដើមខែ​ឧសភា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ ជាមួយ​ភាគី​ផ្សេងៗ​លើ​របៀប​ក្នុងការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព​ឱ្យទៅដល់ ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត​ដោយ​គ្មាន​ការរើសអើង​។ លោក​បាន​បន្តថា ជំហាន​ទី​ពីរ គឺ​អំពី​គម្រោង​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង និង ទី​បី អំពី​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២​របស់ ឯកឧត្តម​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោកស្រី​បណ្ឌិត Heyzer បាន​ពិភាក្សាគ្នា​យ៉ាង​វែង​អំពី​ការរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ជំនួយ​មនុស្សធម៌ និង​ការបង្កើត​ច្រករបៀង​មនុស្សធម៌ ដើម្បី​ធានា​ដំណើរការ​ផ្តល់ជំនួយ​ដោយ​រលូន និង​សុវត្ថិភាព​។ ក្នុងន័យនេះ លោក​បណ្ឌិត​ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​បាន​ធានា​ចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី អំពី​ការគាំទ្រ និង​ការចូលរួម​យ៉ាង​ពេញលេញ​របស់​អង្គការសហប្រជាជាតិ​។ ប្រេសិត​ពិសេស​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ អំពី​តួនាទី​របស់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ​ទាំងមូល ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា​។​

​ចំពោះ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​អង្គការសហប្រជាជាតិ ប្រេសិត​ទាំងពីរ​បាន​ឯកភាព​ធ្វើការ​រួមគ្នា​ក្នុង​ការជួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​រួច​ផុតពី​វិបត្តិ​នេះ តាមរយៈ​កិច្ចព្រមព្រៀង ជា ឯក ច្ឆ​ន្ទ​៥​ចំណុច​របស់​អាស៊ាន​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី និង​ប្រេសិត​អង្គការសហប្រជាជាតិ ក៏បាន​ពិភាក្សាគ្នា​ផងដែរ​អំពី​ទម្រង់​សហប្រតិបត្តិ​ការបំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​ត្រូវអនុវត្ត​ដោយ​អាស៊ាន និង​អង្គការសហប្រជាជាតិ និង​ដោយ​ប្រេសិត​ពិសេស​ទាំងពីរ ក្នុង​ដំណើរការ​ជា​ជំហានៗ ដោយ​ចាប់ផ្តើម​ពី​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ទៅ​៕​សរន​