ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ទ្វេភាគី​តាម​ប្រព័ន្ធ Online ជាមួយនឹង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ លីវ ចេ​ន លី (Liu Zhen Li) មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២២ ។

​ក្នុងជំនួប​នេះ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​មោទកភាព​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ប្រកបដោយ​ការជឿទុកចិត្ត និង​ការគោរព​គ្នា​ទៅវិញទៅមក រួមជាមួយ​នឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ទាំងពីរ កម្ពុជា​-​ចិន ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក ការអភិវឌ្ឍ​រីកចម្រើន​រួមគ្នា និង​ការ​រួមសុខ​រួមទុក្ខ លើ​មូលដ្ឋាន​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មិត្តភាព​ដែកថែប និង​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដូចដែល​ស្តែងឡើង​តាមរយៈ កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​គ្នា និង​ឧបត្ថម្ភ​គាំទ្រ​គ្នា​ទៅវិញទៅមក ក្នុង​កាលៈទេសៈ​នៃ​ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូ​វីដ​-១៩ កន្លងមកនេះ ។​

​ភាគី​ទាំងពីរ បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​យោធា កម្ពុជា​-​ចិន និយាយ​ជារួម និង​និយាយ​ដោយឡែក កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ដំណើរការ​បោះជំហាន​រីកចម្រើន​ទៅមុខ និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ជាទី​មោទនៈ ។ ភាគី​ទាំងពីរ ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កងទ័ពជើងគោក​ទាំងពីរ ដែល​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​នៅក្នុង​ការគាំទ្រ​ដល់​ដំណើរការ​ទៅមុខ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ឱ្យ​កាន់តែ​រឹងមាំ និង​ទទួលបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​សន្តិសុខ​សាកល និង​តំបន់ ដែល​កំពុង​កើតមានឡើង និង​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការគាំទ្រ ជំរុញ និង​លើកកម្ពស់​ដល់​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំងពីរ ដើម្បី​បន្ត​ចូលរួមចំណែក​ថែរក្សា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​សម្រាប់​ទាំងអស់គ្នា ។​

​នៅក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ មេបញ្ជាការ​កងទ័ពជើងគោក កម្ពុជា​-​ចិន បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ “​អនុស្សារណៈ​នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ពជើងគោក នៃ​កងទ័ព​រំដោះប្រជាជន​ចិន​” ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​រវាង​កងទ័ព​ជើងគោក​ទាំងពីរ ដោយ​ឈរលើ​មូលដ្ឋាន​សមភាព និង​ផលប្រយោជន៍​ទៅវិញទៅមក​។ ឯកសារ​នេះ​គឺជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៅក្នុង​ការត្រួសត្រាយ​ផ្លូវ​ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែមទៀត ហើយ​ព្រឹត្តិការណ៍​នេះ អាច​ចាត់ទុកថា​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​នៃ​កិច្ចទំនាក់ទំនង​រវាង​កងទ័ពជើងគោក​ទាំង​ពីរ​ផងដែរ ៕​