ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រសួង​ការពារជាតិ​អាម៉េរិក​និយាយថា ជំនួយ​សព្វាវុធ​និង​សន្តិសុខ​ក្រុម​ដំបូង​ប្រមាណ​ប្រាំមួយ​យន្តហោះ​បាន​ទៅ​ដល់​អ៊ុ​យក្រែន ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​៨០០​លាន​ដុល្លារ​​ដែល​ប្រធានាធិបតី ចូ បៃ​ដិន បាន​អនុម័ត​កាលពី​ថ្ងៃ​១៦​មីនា​។​

​អ្នកនាំពាក្យ​ក្រសួង​លោក​ច​ន ឃឺ​ប៊ី​(John Kirby)​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​មីនា​ថា ទំនិញ​ដែល​ដឹក​ទៅ​ដល់​អ៊ុយ​ក្រែន​រួមមាន កាំជ្រួច​ប្រឆាំង​រថក្រោះ​ចាវើ​លីន​(Javelin) កាំ​ជ្រួច​​ប្រឆាំង​យន្តហោះ​ស្ទីង​ហ្គើ​(Stinger)​អាវ​ក្រោះ គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​និង​ថ្នាំពេទ្យ រួម​ជាមួយ​សម្ភារ​ផ្សេងៗ​ទៀត​។​

​លោក​បាន​បន្ថែមថា ដ្រូ​ន​យោធា​ស្វីត​ប្លេដ​(Switchblade)​ដែល​លោកបៃ​ដិន​បានអនុម័ត​ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​នេះ​នៅ​មិន​ទាន់​បញ្ជូន​ទៅ​ទេ​។​

​លោក​ឃឺ​ប៊ី បាន​និយាយទៀតថា ទំនិញ​ជា​ជំនួយ​៨០០​លាន​ដុល្លារ​នេះ​ទំនងជា​នឹង​ត្រូវ​ដឹក​ទៅ​អោយ​ចប់​សព្វគ្រប់​នៅ​រយៈពេល​ពីរ​សប្តាហ៍​។​វា​រួម​មាន​ឧទ្ធម្ភាគចក្រ​Mi-17 អាវុធ​ធុន​ស្រាល គ្រាប់រំសេវ​​យានយន្ត ប្រព័ន្ធ​គមនាគមន៍​សន្តិសុខ និង​សមត្ថភាព​និង​ការវិភាគ​រូបភាព​ផ្កាយរណប​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​និយាយថា សម្ពន្ធ​មិត្ត​អន្តរជាតិ​របស់​អ៊ុយ​ក្រែន​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បញ្ជូន​គ្រឿង​បរិក្ខា​យោធា​ថែមទៀត រួម​មាន​គ្រាបកាំភ្លើង​ធំ​និង​រថពាសដែក​​ទៅកាន់​អ៊ុ​យក្រែន​។​

​រដ្ឋមន្ត្រី​ការពារជាតិ បិ​ន វ៉ាល់​លេស​(Ben Wallace)​បាន​ធ្វើ​សន្និសីទ​តាម​វីដេអូ​បន្ត​ផ្ទាល់​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​៣៥​ប្រទេស រួម​មាន​អាម៉េរិក នូវ៉ែល​សេ​ឡង់ កូរ៉េ​ខាងត្បូង​និង​ជប៉ុន​​ហើយ​ជា​លទ្ធផល​« សព្វាវុធ​ថែមទៀត​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អ៊ុ​យក្រែន រួម​មាន​កាំភ្លើង​ធំ​និង​គ្រាប់រំសេវ ដើម្បី​ជួយ​ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​នៅតាម​បណ្តា​ទីក្រុង​អ៊ុ​យក្រែន​»៕

សព្វាវុធ​អាម៉េរិក​ដែល​ត្រូវបាន​បញ្ជូន​អោយ​អ៊ុយ​ក្រែននា​ពេលកន្លងមក​