ប្រែសម្រួលៈបំណង(ST,ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីនកំពុងទាមទារអោយអតិថិជនបរទេសទូទាត់ទំនិញហ្គាសរុស្ស៊ីជាប្រាក់រូបល៍ចាប់ពីថ្ងៃសុក្រទី០១មេសានេះទៅបើមិនដូច្នេះទេការផ្គត់ផ្គង់ហ្គាសរបស់គេនឹងត្រូវផ្តាច់ ។
វាជាការទាមទារមួយដែលបណ្តាប្រទេសនៅអឺរ៉ុបកន្លងមកបានច្រានចោល និងរដ្ឋាភិបាលក្រុងប៊ែរឡាំងបាននិយាយថា វាស្មើនឹង«ការចាប់ជំរិត»។
ក្រិតមួយរបស់វិមានក្រឹមឡាំងនិយាយថា«បណ្តាប្រទេសអមិត្ត» អាចបន្តបង់ថ្លៃទិញហ្គាសជារូបិយបណ្ណបរទេសតាមធនាគាររុស្ស៊ីមួយដែលនឹងប្តូរវាទៅជាប្រាក់រូបល៍។ក្រិតចេញផ្សាយដោយសារព័ត៌មានរដ្ឋកាលពីថ្ងៃព្រហស្បតិ៍នៅមួយថ្ងៃបន្ទាប់ពីមេដឹកនាំអ៊ីតាលី និងអាល្លឺម៉ង់បាននិយាយថា ពួកគេទទួលបានការធានាពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
តែមេដឹកនាំរុស្ស៊ីបាននិយាយកាន់តែម៉ឺងម៉ាត់ ដោយបញ្ជាក់ថារុស្ស៊ីនឹងចាប់ផ្តើមទទួលការទូទាត់ជាប្រាក់រូបល៍ចាប់ពីថ្ងៃសុក្រទី០១មេសាសំរាប់បណ្តាប្រទេសលោកខាងលិចណាដែលដាក់ទណ្ឌកម្មលើខ្លួនដោយសារតែជម្លោះរបស់ខ្លួនជាមួយអ៊ុយក្រែន។
លោកបាននិយាយថា កិច្ចសន្យាមានពីមុននឹងត្រូវបញ្ឈប់ បើអ្នកទិញមិនទទួលយកលក្ខខណ្ឌថ្មីៗ រួមមានការបើកគណនីជាប្រាក់រូបល៍នៅក្នុងធនាគាររុស្ស៊ី។
ពួកមេដឹកនាំអឺរ៉ុបបានច្រានចោលការទូរទាត់ប្រភេទនេះ ដោយថាវានឹងធ្វើអោយខូចទណ្ឌកម្មរបស់លោកខាងលិចដើម្បីប្រឆាំងនឹងសង្គ្រាមនៅអ៊ុយក្រែន។
ក្រិតដែលចុះហត្ថលេខាដោយលោកពូទីន និងត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋអអាយអេ ណូវ៉ូស្ទី(RIA Novosti)ផ្សាយនិយាយថាធនាគារកំណត់ទុកមួយនឹងបើកគណនីពីរសំរាប់អ្នកទិញម្នាក់ដោយមួយជារូបិយបណ្ណបរទេស និងមួយទៀតជាប្រាក់រូបល៍។អ្នកទិញនឹងបង់ជារូបិយបណ្ណបរទេសហើយអនុញ្ញាតអោយធនាគារលក់ប្រាក់នោះទៅជាប្រាក់រូបល៍នៅគ្នុងគណនីទីពីរ។
ការចេញក្រិតនេះកើតឡើងចំពេលមេដឹកនាំអាល្លឺម៉ង់និងអូទ្រីសបានបញ្ជាក់ថា ប្រទេសពួកគេមិនអាចបញ្ឈប់ការទិញថាមពលរុស្ស៊ីនៅពេលនេះបាននៅឡើយទេ។
អធិកាបតីអាល្លឺម៉ង់ បានកត់សំគាល់ថាទណ្ឌកម្មដែលកំពុងមានបានបង្កផលប៉ះពាល់រួចជាស្រេច និងថាគេត្រូវការពេលដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ថ្មី ឬប្រភពថាមពលកកើតឡើងវិញ៕
ចំណាត់ការរបស់ពូទីនកាលពីថ្ងៃព្រហស្បតិ៍នាំអោយអឺរ៉ុបប្រឈមនឹងការបាត់បង់ការផ្គត់ផ្គង់ហ្គាសជាងមួយភាគបីនៃតំរូវការរបស់ខ្លួន