​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បណ្តា​ក្រុមហ៊ុន​ផលិត​សព្វាវុធ​របស់​អាម៉េរិក​មិន​បាន​ចំណេញ​លុយ​ដោយ​ផ្ទាល់​ពី​មី​ស៊ី​ល ដ្រូ​ន និង​អាវុធ​ផ្សេង​ទៀត​រាប់ពាន់​ដើម ដែល​បាន​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​នោះទេ ប៉ុន្តែ​ពួកគេ​នឹង​រក​ប្រាក់​ចំណេញ​បាន​យ៉ាងច្រើន​ក្នុង​រយៈពេល​វែង ដោយ​ការផ្គត់ផ្គង់​ដល់​ប្រទេស​ដែល​ចង់​បង្កើន​ការការពារ​ប្រឆាំង​នឹង​រុស្ស៊ី​។​

​ដូច​បណ្តា​ប្រទេស​លោកខាងលិច​ផ្សេង​ទៀត​ដែរ សហរដ្ឋ​អាម៉េរិក​បាន​ងាក​ទៅរក​ឃ្លាំង​អាវុធ​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រទេស​អ៊ុយ​ក្រែន​នូវ​មី​ស៊ីល​លី​លើស្មា​ស្ទីង​ហ្គើ​(Stinger)​និង​ចាវើ​លីន​(Javelin) ។ សព្វាវុធ​ទាំងនេះ​ពី​ក្រុមហ៊ុន​ឡក់​ហ៊ី​ដ​-​ម៉ា​ធី​ន​( Lockheed-Martin) និង​រេ​ធី​អន ថិ​នណរ​ឡ​ជី​( Raytheon Technologies) ត្រូវបាន​បង់​លុយ​ឱ្យ​យូរ​មក​ហើយ​។​

​ដូច្នេះ​លទ្ធផល​ត្រីមាស​ទី​មួយ​របស់​ក្រុមហ៊ុន​ទាំងនេះ ដែល​នឹង​ចេញ​ផ្សាយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ មិន​គួរ​មាន​អី​ធំដុំ​ដោយសារតែ​ការ​ប្រញាប់ប្រញាល់​ក្នុង​ការផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែន​នោះទេ ខណៈ​ដែល​ប្រទេស​នេះ​ប្រយុទ្ធ​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ប៉ុន្តែ​ឃ្លាំង​សព្វាវុធ​យោធា​អាម៉េរិក​ទាំងនោះ ដែល​ទុក​សម្រាប់​បញ្ជូន​ទៅ​កាន់​ទី​ក្រុង​គៀវ នឹង​ត្រូវ​បំពេញ​ស្តុក​បន្ថែម​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ថា មន្ទីរ​បញ្ច​កោណ​គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​ចំនួន ៣,៥​ពាន់​លាន​ដុល្លារ​ដែល​បាន​កំណត់​សម្រាប់​គោលបំណង​នេះ​នៅក្នុង​​ច្បាប់​ចំណាយ​ដែល​ត្រូវបាន​អនុម័ត​កាលពី​ពាក់កណ្តាល​ខែ​មីនា​។​

​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ Javelin ត្រូវបាន​ផលិត​ដោយ​ការបណ្តាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន Lockheed និង Raytheon ។ មី​ស៊ី​ល​ប្រឆាំង​យន្តហោះ Stinger​ជំនាន់​ក្រោយ​បាន​ឈប់​ផលិត​​រហូត​ដល់​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជា​ទិញ​អាវុធ​នេះ​តម្លៃ ៣៤០ លាន​ដុល្លារ​កាលពី​រដូវក្តៅ​មុន​។​

​អ្នកនាំពាក្យ​បាន​និយាយថា “​យើង​កំពុង​ស្វែងរក​ជម្រើស​ដើម្បី​បំពេញ​សារពើភ័ណ្ឌ​របស់​សហរដ្ឋអាម៉េរិក​ឱ្យ​បាន​លឿន​ជាង​មុន និង​បំពេញ​មកវិញ​នូវ​ស្តុក​ដែល​បាត់បង់​របស់​សម្ពន្ធមិត្ត​និង​ដៃគូ​”​។​

​លោក​បាន​បន្ថែមថា “​វា​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​ស្តារ​មូលដ្ឋាន​ឧស្សាហកម្ម​ឡើងវិញ នៅ​ឯ​អ្នក​ផ្គត់ផ្គង់​សំខាន់ៗ​និង​រាយរង ដើម្បី​អាច​ឱ្យ​ផលិតកម្ម​ចាប់ផ្តើម​ឡើង​វិញ​”​។​

​អ្នកជំនាញ​ឧស្សាហកម្ម​ការពារជាតិ​បាន​ប្រាប់ AFP ថា ប្រាក់ចំណេញ​ដែល​ក្រុមហ៊ុន​រកបាន​ពី​មី​ស៊ី​ល​ទាំងនេះ ដែល​គេ​ស្គាល់​ថា​មាន​លក្ខណៈសាមញ្ញ​ក្នុង​ការប្រើប្រាស់ នឹង​មិន​មាន​អ្វី​គួរឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​។​

​លោក ខូលីន ស្កា​រ៉ូឡា (Colin Scarola) មក​ពី​ក្រុមហ៊ុន CFRA ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ការវិនិយោគ​បាន​និយាយថា “​ប្រសិនបើ​មី​ស៊ី​ល Stinger ១០០០ ដើម និង មី​ស៊ី​ល Javelin ១០០០​ដើម​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​អឺរ៉ុប​ខាង​កើតជា​រៀងរាល់ខែ​សម្រាប់​ឆ្នាំ​បន្ទាប់ ដែល​វា​ទំនង​កើតមាន​ក្នុង​និន្នាការ​បច្ចុប្បន្ន តាម​ទស្សនៈ​របស់​យើង យើង​គិតថា​វា​នឹង​ស្មើនឹង​ប្រាក់​ចំណូល​ពី ១ ពាន់​លាន​ដុល្លារ​ទៅ ២ ពាន់​លាន​ដុល្លារ​សម្រាប់​ក្រុមហ៊ុន​ផលិត​អាវុធ​ទាំងពីរ​”៕

​មី​ស៊ី​ល Javelin របស់​អាម៉េរិក​ដឹក​ដល់​ទីក្រុង​គៀវ​កាលពី​ថ្ងៃទី​១១​កុម្ភៈ​ឆ្នាំ​២០២២​