ដោយៈសុផល/ភ្នំពេញ៖មន្រ្តីនៃវិទ្យាស្ថាន តេជោសែនសាធារណការនិងដឹកជញ្ជូនបានអះអាងថាវិទ្យាស្ថាននឹងរៀបចំ ព្រឹត្តិការណ៍ «សង្ក្រាន្ត TSI» នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ព្រឹត្តិការណ៍ «សង្ក្រាន្ត TSI» រៀបចំឡើង ក្នុងគោលបំណងអបអរសាទរ «ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ»និង ដើម្បីចូលរួមអភិរក្សវប្បធម៌ជាតិ ព្រមទាំងបំផុសស្មារតីយុវជនឱ្យមានមោទនភាព និងស្រលាញ់វប្បធម៌ អរិយធម៌ ប្រពៃណីនិងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិជាពិសេសដើម្បីប្រមូលថវិកាសប្បុរសធម៌ជួយទ្រទ្រង់ដល់មន្ទីរពេទ្យ គន្ធបុប្ផា។

កម្មវិធីនឹងប្រារព្ធធ្វើឡើង ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង៦ល្ងាចដោយមានការរៀបចំស្តង់តាំងបង្ហាញនិងលក់ផលិតផល សេវាកម្ម ស្តង់លក់ម្ហូបអាហារ និងភេសជ្ជៈ ស្តង់លក់វត្ថុអនុស្សាវរីយ៍ ព្រមទាំងការលេងល្បែងប្រជាប្រិយ បោះអង្គញ់ លាក់កន្សែង ចោលឈូង ដណ្ដើមស្លឹកឈើ ពង្រាត់កូនក្រមុំ ទាញព្រ័ត្រ និងការរាំកម្សាន្ត ជាដើម។

ព្រឹត្តិការណ៍ «សង្ក្រាន្ត TSI»គឺបើកទទួលសាធារណជនឱ្យចូលរួមដោយសេរីដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បង្កើនភាពស្និទស្នាល និងចូលរួមចំណែកដល់ការប្រមូលមូលនិធិសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន ក៏មានបើកទទួលជួលស្តង់តាំងបង្ហាញ និងលក់ផលិតផល សេវាកម្ម ស្តង់លក់ម្ហូបអាហារ និងភេសជ្ជៈ ស្តង់លក់វត្ថុអនុស្សាវរីយ៍ ជាដើម៕សរន