​ដោយៈ​ម៉េង​ឆៃ /​ភ្នំពេញ​៖ ផ្លូវ​ថ្មី ៣៨​ខ្សែ​និង​គម្រោង​ស្ដារ​លើកកម្ពស់​សោភ័ណភាព​ដងស្ទឹង​សៀមរាប​ដែល​វិនិយោគ​ដោយ ថវិកាជាតិ​ចំណាយ​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​ពី​ទីនោះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ប្រសិទ្ធ​នាម​ខេត្តសៀមរាប​ជា​”​តារា​រះ​នៅ​ទិសឧត្តរ​”​ខណៈ​នៅ​ខេត្ត​ទឹកដី​អង្គរ មួយ​នេះ​បាននិងកំពុង​អភិវឌ្ឍន៍​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ដែលមាន​ឈ្មោះថា​”​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គ​” ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៨០០​លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ផ្លូវ​ទាំង ៣៨​ខ្សែ គឺជា​ការយក​”​កម្ពុជា​ចិញ្ចឹម​កម្ពុជា​”​ពីព្រោះ​ការ សាងសង់​ផ្លូវ​ទាំងនេះ ជាការ​សាងសង់​ដោយ​កូន​ខ្មែរ និង​ជា​ថវិកា​របស់​ជាតិ​ផ្ទាល់​តែម្តង មិនមាន​បរទេស​ណា​ចូលរួម​នោះ ទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា សម្តេច​ពិតជា​រីករាយ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ និង​ប្រកាស​ជាថ្មី​ថា​សមិទ្ធផល ទាំងអស់ ដែល​កើតមាន​ឡើងលើ​ទឹកដី​នៃ​ខេត្តសៀមរាប​នេះ ត្រូវ​ប្រសិទ្ធ​នាម​ថា ជាតា​រា​រះ នា​ទិសឧត្តរ​។

​សម្តេច​តេ​ជោ​បាន​បន្ថែមថា ផ្លូវ​ទាំង ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប​នេះ សុទ្ធ​តែមាន​ព្រះនាម​ព្រះមហាក្សត្រ​អតីត ព្រះមហាក្សត្រ និង​ឥស្សរជន​សំខាន់ៗ​កម្ពុជា ដែល​បាន​សាង​ស្នាម​ព្រះ​ហ​ស្ថ និង​ស្នាដៃ​ចំពោះ​ជាតិ នាពេល​កន្លងមក​។​

​ក្នុងឱកាស​អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​សៀមរាប​-​អង្គរ ស្ថិតនៅក្នុង​ឃុំ​ពពេល និង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា ដល់ពេល​វេលា​ហើយ ដែល​កម្ពុជា ត្រូវ​ប្រកាស​អំពី​តារា​រះ នៅ​ទិសឧត្តរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា វា​ល្មម​ដល់ពេល ដែល​យើង​ត្រូវ​ប្រកាសថា តារា​រះ​នៅ​ទិសឧត្តរ បន្ទាប់ពី​យើង​បានប្រកាស​តារា​រះ នៅ​ទិសនិរតី ដែល​សំដៅលើ​តំបន់ឆ្នេរ ដែលជា​តំបន់​ទេសចរណ៍​របស់​យើង​។ អ្វីៗ​ទាំងនេះ មិនមែន​ជាការ​ចៃដន្យ​នោះទេ​! ចំពោះ​ការអភិវឌ្ឍ​នៅក្នុង​ខេត្តសៀមរាប​គឺ​វា​បានកើត​ចេញពី​ការខិតខំ របស់​រាជរដ្ឋាភិបាល តាមរយៈ​គោលនយោបាយ ឈ្នះ ឈ្នះ​។

​សៀមរាប ដែលជា​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា កំពុង​លេចចេញ​នូវ​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ គ្រោង​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៨៨០​លាន​ដុល្លារ​អាមេរិក បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ ខាងមុខនេះ ដោយ​នឹង​ដាក់ឱ្យ​ដំណើរការ​សាកល្បង ជា​លើកដំបូង នៅ​ខែតុលា ឆ្នាំ​២០២៣​។ មកដល់​ដើមខែ​មេសា ឆ្នាំ​២០២២ នេះ ការសាងសង់​សម្រេចបាន​ប្រមាណ ២២​ភាគរយ នៃ​ផែន​ការសរុប​។ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ខេត្តសៀមរាប ក៏បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ដោយឡែក ឆ្នេរសមុទ្រ​កម្ពុជា ដែលមាន​ប្រវែង ៤៤០​គីឡូម៉ែត្រ កាត់​ខេត្ត ៤ គឺ​កោះកុង ព្រះសីហនុ កំពត និង​កែប ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ពេញសិទ្ធិ​នៃ​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​សាកលលោក​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ភិ​បាល​ក្លឹប​កាលពី​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១១​នៅ​ទីក្រុង​កា​ហ្សែ​ស​(Cargese)​ប្រទេស​បារាំង​ដោយបាន​បោះឆ្នោត​សំរេច​គាំទ្រ ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង និង​ជាតា​រា​រះ​នា​ទិសនិរតី​ក្នុងចំណោម ខេត្ត​៤​ជាប់​សមុទ្រ​។​ខេត្ត​ព្រះសីហនុ​មាន​សក្តានុពល​ឆ្នេរសមុទ្រ​ស​ស្អាត​មាន​កោះ​រក្សាបាន​នូវ​ព្រៃ​ធម្មជាតិ​ទេសចរណ៍​បៃតង​។​

​ឆ្នេរសមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​ជា “​តារា​រះ​នា​ទិសនិរតី​” នៅ​ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និង​ខេត្ត​កែប អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន បន្ទាប់ពី​ប្រាង្គ​ប្រាសាទ​អង្គ​វត្ត​។ ដូច្នេះ ឆ្នេរសមុទ្រ​កម្ពុជា​ត្រូវតែ ជា​ឆ្នេរសមុទ្រ​បៃតង ដែល​ស័ក្ដិ​សមជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ ដែល​ស្អាត​បំផុត​លើ​លោក​។​

​ចាប់តាំងពី​នោះមក​កម្ពុជា ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​ផ្សព្វផ្សាយ​ទេសចរណ៍ «​កម្ពុជាៈ ព្រះរាជាណាចក្រ​អច្ឆរិយៈ​» និង​លើកស្ទួយ​កិត្យានុភាព​ឆ្នេរសមុទ្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ពិសេស​ចូលរួម​គាំទ្រ​គោលនយោបាយ​ពង្រីក​គោលដៅ​ទេសចរណ៍ ឱ្យមាន​ភាពសំបូរ​បែប​ពី​តំបន់​ទេសចរណ៍វប្បធម៌ (​សៀមរាប​-​អង្គរ​) ទៅកាន់​តំបន់​ឆ្នេរសមុទ្រ​ផងដែរ​។ ពិធីបុណ្យ​សមុទ្រ ក៏​ត្រូវបាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​បួន របស់​កម្ពុជា ដោយ​ប្តូរ​វេន មួយឆ្នាំ​ម្តង​។​

​យ៉ាងណាក៏ដោយ ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន​របស់​កម្ពុជា​គឺ​នៅ​ខេត្ត​ព្រះសីហនុ​បាន​អភិវឌ្ឍន៍​ខ្លាំងជាងគេ​នៅពេល​មាន​វត្តមាន ចិន ចូលមក​កាន់តែច្រើន​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ក្នុងនោះ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ខេត្ត​ព្រះសីហនុ ក៏បាន​ស្ថាបនា​រួចរាល់​នូវ​ផ្លូវ ៣៤​ខ្សែ ហើយ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​

​នៅពេលនេះ ក្នុងពេល​កូ​វីដ​១៩ កាន់តែ​ស្ងប់ស្ងាត់ ខេត្តសៀមរាប​-​អង្គរ​របស់​យើង ក៏បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ផ្លូវ ៣៨​ខ្សែ ដែល​ទើប​ស្ថាបនា​ជួសជុល​រួច​។ នៅ​ឆ្នាំក្រោយ ព្រលានយន្តហោះ​ថ្មី នៅ​ខេត្តសៀមរាប ក៏បាន​ស្ថាបនា​រួចរាល់​។ សមិទ្ធផល​ទាំងនេះ ក្រៅពី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក៏​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​និង​វិនិយោគ ផងដែរ​។ សៀមរាប ក្លាយជា​ប៉ូល​ទេសចរណ៍​ផង និង​ពាណិជ្ជកម្ម​ផង សម្រាប់​ភូមិភាគ​ឧ​ត្ត​រ គឺ​ក្រៅពី​សៀមរាប ក៏​សម្រាប់​ខេត្ត​ជាប់ៗ​នោះ ដូចជា ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ បាត់ដំបង ព្រះវិហារ ស្ទឹងត្រែង ជាដើម​។​

​មាន​ផ្លូវ​ស្អាត ធំ​ទូលាយ​ហើយ ក៏​មិនទាន់​គ្រប់គ្រាន់​ឡើយ​។ ចូរ​កុំភ្លេចថា​សៀមរាប​អង្គរ​របស់​យើង​បាន​បាត់បង់​ប្រជាប្រិយ ភាព​មិនសូវមាន​អ្នកទេសចរ​បរទេស ចូលមក​ទស្សនា តាំង​ពីមុន​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩ មកម្ល៉េះ​។​ពោលគឺ​មុន ឆ្នាំ​២០២០ សៀមរាប​អង្គរ​របស់​យើង ធ្លាក់ចុះ​នូវ​ចំនួន​អ្នកទេសចរ​យ៉ាងខ្លាំង​ពុំ​ធ្លាប់មាន នៅ​ឆ្នាំ​២០១៩​។​ដូច្នេះ​ក្នុងពេល ស្តារឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​នៅ​សៀមរាប​-​អង្គរ​នេះ​ទាមទារ​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​ពិសេស​ក្រុម​អ្នកបម្រើ​សេវាកម្ម​ទេសច​រណ៍ រាប់ទាំង​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន អ្នកធ្វើការ​នៅ​អាកាសយានដ្ឋាន រហូតដល់​អ្នកបើកប​រ​រថយន្ត​ដឹក​ភ្ញៀវ អ្នករត់ម៉ូតូឌុប និង​ម៉ូតូ​កង់​បី ជាដើម​ត្រូវតែ​ទទួល​នូវ​ការបណ្តុះបណ្តាល​ជំនាញ ច្បាស់លាស់ ហើយ​សំខាន់បំផុត ត្រូវ​មានចិត្ត​ស្មោះត្រង់ ពិសេស​មិន​កាប់ មិន​កោរ​អ្នកទេសចរ​ឡើយ​។​

​បញ្ហា​សន្តិសុខ សុវត្ថិភាព គឺជា​កត្តា​សំខាន់ ដែល​អាជ្ញាធរ​សមត្ថកិច្ច ត្រូវតែ​ធានា​ឱ្យបាន​។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​រួចហើយ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ទាំង ៣៨​ខ្សែ នៅ​ទី​រួម​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ ពី​ការបំពាក់​នូវ​កាំ​មេ​រ៉ា​សុវត្ថិភាព តាមផ្លូវ​ថ្មី​ទាំងនេះ​។ ប៉ុន្តែ​មានតែ​កាំ​មេ​រ៉ា​តែបើ​នៅតែ​កើតមាន​អំពើ អសន្តិសុខ​ហើយ​មិនមាន​សុវត្ថិភាព​នោះ​គឺជា​បញ្ហា​អាក្រក់​បំផុត​មួយ​ជះឥទ្ធិពល​មិនល្អ​ដល់​វិស័យ​ទេសចរណ៍​យើង​ជាមិនខាន​។​

​ជា​សរុបមក ខេត្ត​តំបន់ឆ្នេរ​របស់​កម្ពុជា​យើង ពិសេស​នៅ​ព្រះសីហនុ ដែលជា​តារា​រះ​នៅ​ទិសនិរតី បានប្រែក្លាយ​មុខមាត់​ថ្មី ដោយ​អគារ​ខ្ពស់ៗ ផ្លូវ​ប្រណិតៗ ធំ​ទូលាយ ហើយ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត ទើបតែ​រះ​ឡើងវិញ​ហើយ​ពេលនេះ​នៅ សៀមរាប អង្គរ​ជាតា​រា​រះ​នៅ​ទិសឧត្តរ​ក៏បាន​លេច​រូបរាង​ឡើង​ពេលនេះ​គេ​សង្ឃឹមថា​នឹងចូលរួម​ជួយ​ស្តារឡើងវិញ​នូវ​វិស័យ ទេសចរណ៍ និង​វិនិយោគ នៅក្រោយ​វិបត្តិ​កូ​វីដ​១៩​។ កូ​វីដ ដែល​នៅ​កម្ពុជា​យើង​កាន់តែ​ធូរស្រាល​ឡើងៗ​រហូតដល់​សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាសថា នឹង​ពិចារណា​ដាក់​ខេត្ត​មួយចំនួន ជា​តំបន់​មិន​ពាក់​ម៉ាស​នោះឡើយ​៕​សរន