​ដោយៈ​សុផល​/ភ្នំពេញ​: កាលពីថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២២ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អនុប្រធាន​អចិន្ត្រៃយ​ន៍​នៃ​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​បង់ប្រាក់​ផាកពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ និង​បំពេញ​ពិន្ទុ​ឡើងវិញ​សម្រាប់​បណ្ណ​បើកបរ និង​ធ្វើការ​បែងចែក​ឧបករណ៍​បច្ចេកទេស​ពិន័យ​បទល្មើស​ចរាចរណ៍​ចំនួន ៣០០​គ្រឿង ដែលជា​អំណោយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅ​ស្នងការដ្ឋាន​នគរបាល​ទូទាំង ២៥​រាជធានី ខេត្ត ដែលមាន​ការចូលរួម និង​ធ្វើ​បទ​បង្ហាញ​ពី​ក្រុមការងារ​បច្ចេកទេស​គ​ម្រោ​ង នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ស្នងការរង​ទទួលបន្ទុក​ហិរញ្ញវត្ថុ ស្នងការរង​ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ទូទាំង ២៥​រាជធានី ខេត្ត សរុប ១១៤​រូប និង​តំណាង​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី (True Money)​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​គឺ ដើម្បី​បែងចែក​ឧបករណ៍​បច្ចេកទេស​ពិន័យ​បទល្មើស​ចរាចរណ៍​ចំនួន ៣០០​គ្រឿង សម្រាប់​ប្រើប្រាស់​ក្នុង​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដែលជា​អំណោយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សម្រាប់​មន្ត្រីនគរបាល​ចរាចរណ៍​យកទៅ​បំពេញភារកិច្ច​របស់ខ្លួន និង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍ ទៅលើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ទាក់ទង​នឹង​ការគ្រប់គ្រង​ទិន្នន័យ ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នីតិវិធី​ប្រតិបត្តិការ​ប្រព័ន្ធ និង​ការប្រើប្រាស់​ឧបករណ៍​ពិន័យ​អំពើ​ល្មើសច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​វិធី​គ្រប់គ្រង​ព័ត៌មាន និង​ការ​រក្សាទុក​ទិន្នន័យ​នៃ​ការពិន័យ​។

​កម្មវិធី​នេះ ក៏​អាច​ទាញយក​ជា​របាយការណ៍​នៃ​ការផាកពិន័យ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និង​ប្រចាំឆ្នាំ តាមរយៈ​ឧបករណ៍​ដក​ពិន្ទុ និង​ពិន័យ និង​ការត្រៀម​លក្ខណៈ​ក្នុងការ​អនុវត្ត​ជាក់ស្តែង​នៅពេល​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក នាពេល​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន បាន​លើកឡើងថា កិច្ចប្រជុំ​ថ្ងៃនេះ នឹងធ្វើ​ការងារ​ជាក់ស្តែង​លើ​ប្រតិបត្តិ​ការគ្រប់គ្រង​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​លើ​ដងផ្លូវ ជាពិសេស​គឺ​ការងារ​នគរបាល​ចរាច​រណ៍​មានការ​កែទម្រង់​ការងា​រ​ថ្មី​មួយ និង​ការទទួល​ភារកិច្ច​សំខាន់​មួយទៀត​នៅលើ​ផ្លូវ​ល្បឿន​លឿន ដែលជា​ការកែទម្រង់​ពិន័យ​អន្តរការណ៍ ចំពោះ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​តាមរយៈ​សេចក្តីណែនាំ​។​

​ជា​ចុងក្រោយ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា បើ​ចង់​ទប់ស្កាត់​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន ត្រូវអនុវត្ត​វិធានការ​ចំនួន​៣៖ ទី​១-​រឹតបន្តឹង និង​ការដាក់ពិន័យ​ចំពោះ​បទល្មើស​ចរាចរណ៍ ហើយ​ត្រូវតែ​ធ្វើឱ្យមាន​ប្រសិទ្ធភាព​, ទី​២-​ត្រូវ​ចាប់​មុខសញ្ញា​ដែល​គេចខ្លួន​ឲ្យ​បាន ដោយ​ការព្យាយាម​តាមរក​ចាប់​ឱ្យបាន​, ទី​៣-​គឺ​វិធានការ​ផ្សព្វផ្សាយ​អប់រំ​ឱ្យបាន​ទូលំទូលាយ ៕សរន​