ដោយៈ​ម៉េង​ឆៃ / ភ្នំពេញ​៖ ក្នុង​សារ​ជា​សំឡេង​ពិសេស​ជូន​ជនរួមជាតិ កាលពី​យប់​ថ្ងៃអាទិត្យ ទី​១០ ខែមេសា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសសម្រេច​ដាក់​ខេត្ត​ចំនួនបួន គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ មិន​តម្រូវឱ្យ​ប្រជាពលរដ្ឋបំពេញ​កាតព្វកិច្ច ពាក់​ម៉ាស​ទៀត​នោះទេ​។​នៅក្នុង​ទឹកដី​ខេត្ត​ទាំងបួន​នេះ រដ្ឋាភិបាលទុក​លទ្ធភាពឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ៗ សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​នោះទេ​។​

​សម្តេចតេជោនាយក​រដ្ឋមន្ត្រីបាន​បញ្ជាក់ថា ការសម្រេច​នេះបានធ្វើ​ឡើង បន្ទាប់ពី​មានការ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។

​ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​យប់​ថ្ងៃទី​១០ ខែមេសា​តទៅ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា នេះ​ជាការ​សាកល្បង​ភាពស៊ាំ​ក្នុង​សហគមន៍ ដែល​យើង​បាន​អនុវត្ត​ដោយ​ជោគជ័យ ក្នុង​រយៈពេល​កន្លងទៅ​។ សម្តេច​សង្ឃឹមថា ពី​ទីក្រុង ក៏​មិន​នាំ​ជំងឺ​ទៅ​ជនបទ ហើយពី​ជនបទ ក៏​មិន​នាំ​ជំងឺចូល​ទីក្រុង ដោយ​អ្នក​ចូល​ទីក្រុង​វិញចាំបាច់​ត្រូវ​ពាក់​ម៉ាស ហើយ​អ្នកចេញ​ផុតពី​ខេត្ត​ទាំងបួននេះ ក៏ត្រូវ​តែ​ពាក់​ម៉ាស ជា​ចាំបាច់​។ ដូច្នេះ​លទ្ធភាព​នៃ​ការនាំ​ជំងឺ​កូ​វីដ​ពី​ខេត្ត​ទាំង ៤​នេះ ចូលទៅ​កាន់​ខេត្ត​ផ្សេង គឺមាន​កម្រិត​តិចតួច ក្នុងពេល​វិធានការ​ពាក់​ម៉ាស ត្រូវបាន​អនុវត្ត​នៅក្នុង​ដែនដី ក្រៅពី​ខេត្ត​ទាំង ៤​នេះ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​យើង​សាកល្បង​នេះ មិនមែន​យក​ជីវិត​ប្រជាជន​ទៅ​សាកល្បង​ទេ​។ ក៏ប៉ុន្តែ​យើង​ចង់ដឹង​អំពី​ភាព​ធន់ ភាពស៊ាំ​សហគមន៍​របស់​យើង ទាំង​ទីក្រុង និង​ទាំង​ជនបទ ហើយ​ខេត្ត ដែល​យើង​ដាក់ឱ្យអនុវត្ត​នេះ ជា​ខេត្ត ដែល​គ្មាន​ឆ្លង ហើយ​បើ​មាន ក៏មាន​តិចតួច​ណាស់ ក្នុង​រយៈកាល​កន្លងមក​នេះ​។ ដូច្នេះ​សូម​បងប្អូន​ជនរួមជាតិ ក្រោយពី​បានទទួល​សារ​នេះហើយ សម្រេចចិត្ត​ដោយ​ខ្លួនឯង ថា​ពាក់​ម៉ាស ឬ​មិនគួរ​ពាក់​ម៉ាស នៅពេល​ចូលដល់​ខេត្ត​ទាំង ៤​នេះ រួមមាន ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ព្រះវិហារ​។ គឺ​សម្រេចចិត្ត​ដោយ​ខ្លួនឯងពាក់​ម៉ាស ឬ​មិន​ពាក់​ម៉ាស​។ ប៉ុន្តែ​នៅពេល​ចេញ​ផុតពី​ដែនដី​ខេត្ត​ទាំងបួននេះ ត្រូវតែ​ពាក់​ម៉ាស ជា​ចាំបាច់​»​។​

​ជាការ​ពិត យោងតាម​ការសម្រេច​ថ្មី​នេះ ប្រជាពលរដ្ឋ ដែល​ទៅ​ពី​ក្រៅ ដើម្បី​ទស្សនកិច្ច នៅក្នុង​ខេត្ត​ទាំង​៤​នោះ ក៏មាន​សិទ្ធិ​ជ្រើសរើស ដោយ​ខ្លួនឯង ដូច​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ទាំង​នោះដែរ ថា​ត្រូវ​ពាក់​ម៉ាស ឬ​មិន​ពាក់ ប៉ុន្តែ​ក្រោយ​ចាក​ចេញពី​ខេត្ត​ទាំង​៤​នេះ កាតព្វកិច្ច​ពាក់​ម៉ាស់ ត្រូវតែ​អនុវត្ត​ជាធម្មតា​ឡើងវិញ ដែល​ស្ថិតនៅក្នុង​វិធានការ​សុខាភិបាល ៣​កុំ និង​៣​ការពារ​ដដែល​។​

​បទពិសោធន៍ និង​វិធានការ​របស់​កម្ពុជា បានបង្ហាញ​រួចមកហើយ ចាប់តាំងពី​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការបើក​ប្រទេស​ឡើងវិញ លើ​គ្រប់​វិស័យ ចាប់តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតមកដល់​ពេលនេះ គឺ​ស្ថានភាព​កូ​វីដ​១៩ នៅ​កម្ពុជា​យើង កាន់តែ​ធូរស្រាល​ពីមួយថ្ងៃ ទៅមួយថ្ងៃ​។ នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២២ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា មាន​ត្រឹមតែ ១៦​នាក់​ប៉ុណ្ណោះ នៅ​ទូទាំងប្រទេស ហើយ​ពុំមាន​អ្នកស្លាប់​ដោយសារតែ​ជំងឺ​កូ​វីដ​១៩ ទៀត​ទេ​។​

​ការបន្ធូរបន្ថយ​វិធានការ​រឹតត្បិត​កូ​វីដ រួមទាំង​អត្រា​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ថយចុះ​នេះ ក៏​ដោយសារតែ​កម្ពុជា​យើង អនុវត្ត​នូវ​វិធានការ​ស្រោច​វ៉ាក់សាំង​ដោយ​ជោគជ័យ ពោលគឺ​ប្រជាពលរដ្ឋ​ជិត ១៥​លាន​នាក់ ចាប់ពី​អាយុ ៣​ឆ្នាំ​ឡើង បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់ ម្នាក់ ២​ដូ​ស ហើយ​ចាប់ពី​អាយុ ៥​ឆ្នាំ​ឡើង ចាក់​បាន ៣​ដូ​ស និង​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើង ចាក់​វ៉ាក់សាំង ម្នាក់ៗ ៤​ដូ​ស​។ ក្រៅពីនេះ ការបន្ត​អនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ និង​៣​ការពារ ក៏​ម្នាក់ៗ នៅតែ​បន្ត​អនុវត្ត​នៅឡើយ​។​

​ដូច្នេះ​ការសម្រេច​ថ្មី​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើក​នេះ គឺជា​ការសាកល្បង​ភាព​ធន និង​ភាពស៊ាំ ក្នុង​សហគមន៍ ដែល​កម្ពុជា បាន​អនុវត្តន៍​ដ៏​ជោគជ័យ ក្នុង​រយៈពេល​កន្លងទៅ ដោយ​មិនមែន​យក​ជីវិត​ប្រជាពលរដ្ឋ​ទៅ​សាកល្បង​ទេ ក៏ប៉ុន្តែ​គឺ​ដើម្បី​ចង់ដឹង​អំពី​ភាព​ធន ភាពស៊ាំ​ក្នុង​សហគមន៍​ទាំង​នៅ​ទីក្រុង និង​ទីជនបទ​។ ម្យ៉ាងទៀត ឆ្លងតាម​ពេល​ឈប់សម្រាក​បុណ្យទាន​ជាច្រើន​កន្លងមក គឺ​នៅពេល​បុណ្យអុំទូក កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២១ ពេល​ចូលឆ្នាំ​សកល​ឆ្នាំ​២០២១ ចូលឆ្នាំ​២០២២ រួមទាំង​ពេល​ចូលឆ្នាំ​ចិន ជាដើម គឺ​កម្ពុជា​យើង មិនបាន​ផ្ទុះ​ការឆ្លង​សហគមន៍​ធ្ងន់ធ្ងរ​ឡើងវិញ​ទេ ទោះជា​មាន​ករណី​ឆ្លង​កូ​វីដ នៅ​បន្ត​កើតឡើង​រៀងរាល់ថ្ងៃ​ក៏ដោយ​។​

​ក្នុងនោះ ទោះបីជា​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ការឆ្លង​កូ​វីដ ប្រភេទ​អូ​មី​ក្រុង ហាក់ដូចជា​កម្រើក​ឡើង​វិញ ដោយ​ឆ្លងតាម​សហគមន៍ តាម​ផ្ទះ តាម​ក្រុមហ៊ុន និង​តាម​សាលារៀន ពិសេស​នៅ​ភ្នំពេញ ច្រើន​នាក់​ក៏ដោយ ក៏​ការឆ្លង​នោះ មិន​ធ្ងន់ធ្ងរ​ឡើយ ព្រោះ​អ្នក​ឆ្លង ទាំង​ក្មេង ទាំងចាស់ ហាក់ដូចជា កើត​ជំងឺ​ផ្តាសាយ​ធម្មតា ហើយ​ស្ទើរតែ​ទាំងអស់ នៅ​សម្រាក​ព្យាបាល​តាម​ផ្ទះ ដោយ​លេបថ្នាំ មិន​ដល់មួយអាទិត្យ​ផង ក៏​ជាសះស្បើយ​ឡើងវិញ​។​

​ជារួម ការសម្រេច​លើកលែង​ការពាក់​ម៉ាស នៅ​ខេត្តបួន តាម​ព្រំដែន នៅ​ភាគ​ឦសាន​នេះ ក៏​ច្បាស់​ណាស់​ថា នឹងមិន​មាន​អ្វី​កើតឡើង ឬក៏​ផ្ទុះ​ការឆ្លង​កូ​វីដ ក្នុងអំឡុង​ចូលឆ្នាំថ្មី​នេះឡើយ​។ បន្ទាប់ពី​ចូលឆ្នាំ​រួច យ៉ាងយូរ ១​សប្តាហ៍ ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស នឹង​ពង្រីក​ទៅ​ខេត្ត​ផ្សេង​បន្ថែមទៀត ហើយ​អាច​នឹង​អនុវត្ត​ទូទាំងប្រទេស​តែម្តង​។ មួយវិញទៀត ពលរដ្ឋ​យើង​ម្នាក់ៗ ក៏​ចេះ​បង្កើន​អនាម័យ​ខ្ពស់ និង​ការពារ​ខ្លួន​ដោយ​ខ្លួនឯង ពី​កូ​វីដ បន្ថែម​លើ​ការចូលរួម​ចាក់​វ៉ាក់សាំង​ផងដែរ​៕​សរន