សិង្ហ​បុរី​ចំណាយ​២០​លាន​លើ​ជំនួប​កំពូល​ត្រាំ​-​គីម តែ​បាន​មកវិញ​ជាង​៧០០​លាន​

1904
ចែករម្លែក
  • 1.5K
    Shares

​នៅពេល​ពួក​អ្នកវិភាគ​កំពុង​ជជែក​គ្នា​ថា​តើ​ជំនួប​ហ្នឹង​ជា​ជោគជ័យ​មួយ​ដែរ​ឬ​អត់ សិង្ហ​បុរី​ខ្លួនឯង​អាច​ទទួលបាន​ចំណូល​ជាង​៧០០​លាន​ដុល្លារ​ពី​ការរៀបចំ​ជំនួប​កំពូល​​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង ,​នេះ​បើតាម​អ្នកវិភាគ​ខាង​ព័ត៌មាន​ស៊ើប​ការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​គេ​ប៉ាន់​ស្មានថា សាធារណរដ្ឋ​នេះ​បាន​ចំណូល​លើស​ធម្មតា​ដល់​ទៅ​៣៨​ដង ដោយសារ​ទេសចរណ៍ ការលក់​រាយ​និង​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​សិង្ហ​បុរី​បាន​ចំណាយ​សរុប​ប្រមាណ​២០​លាន​ដុល្លារ​លើ​ជំនួប​នេះ ក្នុងនោះ​ពាក់កណ្តាល​ទៅលើ​សន្តិសុខ និង​ក្រោម​៥​លាន​ដុល្លារ​លើ​ការផ្សព្វផ្សាយ រួមមាន​មជ្ឈមណ្ឌល​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ សំរាប់​អ្នកកាសែត​ប្រមាណ​២.៥០០​នាក់​។​

​តែ​ដំណើរ​របស់​មេដឹកនាំ​កូរ៉េខាងជើង​ទៅកាន់​តំបន់​Marina Bay ត្រូវបាន​ចុះផ្សាយ​នៅ​ទំព័រមុខ​នៃ​កាសែត​ជាច្រើន ហើយ​អាគារ​ខ្ពស់ៗ​របស់​សិង្ហ​បុរី​បាន​លេច​ត្រដែត​​ក្នុង​ព្រឹត្តិបត្រ​សារព័ត៌មាន​ជាច្រើន​។​

​ក្រុមហ៊ុន​ស៊ើបការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​Meltwater​ប៉ាន់​ស្មានថា ថ្លៃ​ឃោសនា​ពាណិជ្ជកម្ម​អន​ឡាញ​ក្នុងអំឡុងពេល​៣​ថ្ងៃ​ដែល​មេដឹកនាំ​ទាំងពីរ​ស្ថិតនៅ​ទីនេះ រកបាន​២៧០​លាន​ដុល្លារ តែដោយសារ​ការ​ជ្រួលជ្រើម​អំពី​វត្តមាន​អ្នក​ទាំងពីរ​នៅ​ប្រទេស​នេះ​ចាប់តាំងពី​ខែ​មុន​មក តំលៃ​ឃោសនា​អាច​ដល់​៧៦៧​លាន​ដុល្លារ​។​បើ​គិត​ទាំង​​សារព័ត៌មាន​បោះពុម្ព ផ្សាយ​តាម​ទូរទស្សន៍​និង​វិទ្យុ​តំលៃ​ឃោសនា​អាច​ច្រើនជាង​នេះ​។​

​និយាយ​ដោយឡែក សណ្ឋាគារ​ទទួល​បានកា​រ​ចាប់អារម្មណ៍​ជាងគេ​។​អត្ថបទ​អន​ឡាញ​ប្រហែល​ពាក់កណ្តាល​និយាយ​អំពី​សណ្ឋាគារ​Capella កន្លែង​ដែល​ត្រាំ​និង​គីម​​បាន​ជួបប្រជុំគ្នា​មួយថ្ងៃ​។​សណ្ឋាគារ​ដែល​លោក​ត្រាំ​និង​គីម ស្នាក់នៅ​គឺ​Shangri-La និង The St Regis ត្រូវបាន​សារព័ត៌មាន​លើក​មក​និយាយ​ប្រមាណ​១​ភាគ​៥​។​

​ក្រៅពី​ការផ្សាយ​របស់​សារព័ត៌មាន សិង្ហ​បុរី​ក៏​អាច​រំពឹងថា​ទទួលបាន​ជាង​៧​លាន​ដុល្លារ​ពី​អ្នក​ទេសចរណ៍​រយៈពេល​៣​ថ្ងៃនេះ​។​

​ទោះជា​យ៉ាងណា ព្រឹត្តិការណ៍​រយៈពេល​ខ្លី​នេះ​ក៏​អាច​រារាំង​ការ​ស្នាក់​និង​ការដើរ​ទិញ​ទំនិញ​របស់​ភ្ញៀវ​។​

​លោក​នី​គូ​ឡាស ហ្វា​ង នាយក​កិច្ចការ​សន្តិសុខ​និង​សកលលោក​នៅ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​សិង្ហ​បុរី បាន​និយាយថា ជំនួប​កំពូល​បាន​ជួយ​លើកស្ទួយ​ឈ្មោះ​សិង្ហ​បុរី​​នៅក្នុង​បរិយាកាស​ប្រកួតប្រជែង​សកល​៕​ដោយ​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ