ដោយៈ​សុផល​/​បាត់ដំបង​៖ លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​អមដំណើរ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ចូលរួម​ក្នុង​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៣ នៅ​ខេត្តបាត់ដំបង ដែល​រៀបចំឡើង​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង​។

​កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ អគ្គលេខា ធិ​ការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​.)​លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត តំណាង​អង្គការ​ជាតិ តំណាង​ក្រុមហ៊ុន យុវជន​ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ប្រមាណ ៥០០​នាក់​។​

​ពិធី​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បង្ក​ឱ្យ​អន្តរាយ​ដល់​អាយុជីវិត​មនុស្ស បាត់បង់​កាយសម្បទា និង​ការខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ព្រមទាំង​បំផុសស្មារតី​បង្កើន​ការប្រុងប្រយ័ត្ន​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​ស្ថិតនៅក្នុង​កម្រិត​ទាប​បំផុត​។​

​ថ្លែង​ក្នុង​របាយការណ៍​គោរព​ជូន​សម្ដេច​ក្រឡាហោម និង​អង្គពិធី​ទាំងមូល ឯកឧត្តម សុខ អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់ថា ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​លើក​ទី​១៣ នាពេលនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ឱ្យ​លាន់​ឮសូរ​កងរំពង​សព្វទិសទី រួម​ជាមួយនឹង​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ឱ្យ​ខិតខំ​ប្ដូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ ងាក​មក​ប្រកាន់យក​ឥរិយាបថ​ដែល​គោរព​ច្បាប់ មាន​សណ្ដាប់ធ្នាប់​របៀប​រៀបរយ​ល្អ មានការ​អធ្យាស្រ័យ និង​គោរព​ច្បាប់​ចរាចរណ៍​នៅពេល​ធ្វើដំណើរ ឬ​នៅពេល​បើកបរ​យានយន្ត​។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី បានធ្វើការ​កត់សម្គាល់​ថា ពិធី​នេះ​គឺជា​សកម្មភាព​មួយ​នៃ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបំបាត់​ទុក្ខលំបាក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការសំដែង​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ អនុវត្តបាន​ជោគជ័យ​នូវ​ផែនការ​សកម្មភាព​ទស​វត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​។​

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្ដេច​ក្រឡាហោម​ស ខេង បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ពលី​កម្ម​សព្វបែបយ៉ាង​របស់​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក និង​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​តស៊ូ​លះបង់​យ៉ាង​ស្វិតស្វាញ បំពេញ​តួនាទី​ភារកិច្ច រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​មនសិកា​វិជ្ជាជីវៈ​ខ្ពស់ ធ្វើឱ្យ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ មានការ​ថយចុះ​គួរ​ជាទី​មោទន​។​

​ទន្ទឹមនឹងនេះ សម្ដេច​ក៏បាន​កោតសរសើ​រ លើកទឹកចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បានរួម​ចំណែក​ក្នុងការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​ច្បាប់ ការសង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​កិច្ច​ការសំខាន់ៗ​ជាច្រើន​ទៀត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ឆ្លៀត​ក្នុងឱកាស​នេះ សម្ដេច​ក្រឡាហោម បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ដ៏​ច្រើន​លើសលប់​ពី​គ្រប់​មជ្ឈដ្ឋាន បណ្ដាញសារព័ត៌មាន​នានា អង្គការ​ជាតិ​-​អន្តរជាតិ វិស័យ​ឯកជន រោង ចក្រ សហគ្រាស ក្រុមហ៊ុន​ដឹកជញ្ជូន និង​ក្រុមហ៊ុន​នានា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​តាម​ការអំពាវនាវ ឬ​សេចក្តីប្រកាស​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុង​បំណង​ជំរុញ​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។​

​សម្ដេច​ក៏បាន​អំពាវនាវ​ផងដែរ ដល់​អ្នកប្រើប្រាស់​ផ្លូវ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់ ឱ្យ​ចូលរួម​អនុវត្តតាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា «​ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​» ជាមួយនឹង​ការយកចិត្តទុកដាក់​បើកបរ​ប្រកបដោយ ការទទួល ខុសត្រូវ និង​បង្កើត​ឆន្ទៈ​គោរព​អនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យដឹងថា​៖ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ចំនួន​១០៦​លើក ស្មើនឹង​១៤​ភាគរយ (៨៦៩/៧៦៣​លើក​) ចំនួន​អ្នកស្លាប់​កើន ៦០​នាក់ ស្មើនឹង ១៤​ភាគរយ (៤៩៣/៤៣៣​នាក់​) និង​ចំនួន​អ្នករបួស​កើន​១៤៩​នាក់ ស្មើនឹង ១៣​ភាគរយ (១២៦២/១១១៣​នាក់​)​។

​ដោយឡែក យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា​នៅក្នុង ឆ្នាំ​២០២១ កន្លងមកនេះ​ខេត្តបាត់ដំបង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ១២៧​ករណី ចំនួន​អ្នកស្លាប់ ៧៤​នាក់ និង​អ្នករបួស ២១៤​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០២០ ថយចុះ ៦២​ករណី ក្នុងនោះ​ចំនួន​អ្នកស្លាប់​ថយចុះ ១២​នាក់ និង​អ្នករបួស​ថយចុះ ១០៩​នាក់​។​

​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​បញ្ហា​ប្រឈម​យូរអង្វែង​ជាក់ស្ដែង បើទោះជា​មានការ​ថយចុះ ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក៏ដោយ ប៉ុន្តែ​គ្រោះថ្នាក់​នេះ​មាន​និន្នាការ​កើនឡើង​បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​-១៩ បាន​ធូរស្រាល​នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២១ និង​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ដែល​បាន​បណ្ដាលឱ្យ​ចំនួន​អ្នកស្លាប់ និង​អ្នករបួស​មាន​អត្រា​ខ្ពស់ លើស​គ្រោះថ្នាក់​សង្គម​នានា​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នកស្លាប់​ចំនួន​លើ ៥​នាក់ និង​របួស​ចំនួន ១៤​នាក់​។​

​មូលហេតុ​ចម្បង​បង្កឱ្យមាន​គ្រោះថ្នាក់ គឺ​ការបើកបរ​លើស​ល្បឿន​កំណត់ ការមិន​គោរព​សិទ្ធិ​អាទិភាព ការមិន​គោរព​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង ការមិន​ប្រកាន់​ស្ដាំ ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ការមិន​ពាក់មួក​សុវត្ថិភាព ការមិន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ដែល​សុទ្ធសឹង​បង្កឡើង​ដោយ​កត្តា​អ្នកបើកបរ យានយន្ត​មួយចំនួន​មិន​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ខ្វះ​ការប្រុងប្រយ័ត្ន ឬ​ខ្វះ​ការយោគយល់​អធ្យាស្រ័យ​។​

​ការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​លើក​ទី​១៣​នេះ គឺជា​ការផ្ញើ​សារ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​ចំពោះ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ចងចាំ​ថា​៖ មានតែ​ការខិតខំ​យក​អស់​ស្មារតី​ចូលរួម​គោរព​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ មាន​សីលធម៌​យោគយល់​អធ្យាស្រ័យ ចេះ​ស្រឡាញ់​ជីវិត​ខ្លួនឯង និង​អ្នកដទៃ ទើប​ជៀស​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​នូវ​សេចក្តីសុខ​សុវត្ថិភាព​ជានិច្ច​និរន្តរ៍​។​

​សូម​ជម្រាបជូន​ថា​៖ ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ ជា​ព្រឹត្តិការណ៍​ផ្ដួចផ្ដើមឡើង​ដោយ​អង្គការសហប្រជាជាតិ​ដែល​បានកំណត់​យក​ខែឧសភា​រៀងរាល់ឆ្នាំ ប្រារព្ធ​ឡើង​នៅតាម​ប្រទេស​នានា​ទូទាំង​សកលលោក ដើម្បី​ជាការ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ឱ្យ យកចិត្ត​ទុក ដាក់​លើកកម្ពស់​វិស័យ​សុវត្ថិ ភាព​ចរាចរណ៍​។ ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៣ ដែល​កម្ពុជា​រួមជាមួយ​ប្រទេស​នានា​បាន​ប្រារព្ធ​ពិធី​ដ៏​មាន​សារៈសំខាន់​នេះ ក្រោម​ការលើកទឹកចិត្ត និង​ឧបត្ថម្ភ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ បាន​ដាក់ចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ​។​ដោយ​រាជរដ្ឋាភិបាល​ពិនិត្យឃើញ​ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​តែងតែ​កើតមាន​យ៉ាងច្រើន​នៅក្នុង​ឱកាស​បុណ្យប្រពៃណី​ជាតិ​ធំៗ ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានកំណត់​ជា​ផ្លូវការ និង​ជំរុញ​លើកទឹកចិត្ត​ឱ្យ គ​.​ស​.​ច​.​គ​. យក​កាលបរិច្ឆេទ​ពីថ្ងៃ​ទី​៧ ដល់ ថ្ងៃទី​១៤ ខែ មេសា ជា​រៀងរាល់ឆ្នាំ​ក្នុងការ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដើម្បី​ក្រើនរំលឹក បញ្ញា​ក់ អារម្មណ៍​ប្រជាពលរដ្ឋ​ឱ្យ​យកចិត្តទុកដាក់​គោរព​ច្បាប់ និង​មាន​សីលធម៌​យោគយល់​អធ្យាស្រ័យ​នៅ​គ្រប់ពេល​ធ្វើដំណើរ​លើ​ដងផ្លូវ នាំមក​នូវ​សុវត្ថិភាព រីករាយ​ជួបជុំ​គ្រួសារ​ក្នុង​សង្គមជាតិ​កម្ពុជា ដែលមាន​សុខ សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​កំណើនសេដ្ឋកិច្ច ជាពិសេស​ផ្លូវ​ស្ពាន​ត​ភ្ជាប់​ទៅគ្រប់​តំបន់​នៅក្នុង​ប្រទេស និង​ភ្ជាប់​ជាមួយ​ប្រទេសជិតខាង​៕​សរន​-PC