ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ២ឆ្នាំហើយ មិនបានប្រារព្ធពិធីជួបជុំ ពិសេសនៅតាមវត្តអារាម នៅទូទាំងប្រទេស នោះក៏ដោយសារតែកូវីដ១៩ ប៉ុន្តែនៅឆ្នាំនេះ កូវីដ១៩ធូរស្បើយ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយមានការជួបជុំឡើងវិញ និងការដើរកម្សាន្តនៅទូទាំងប្រទេស ដោយប្រកាន់ខ្ជាប់រៀងៗខ្លួននូវវិធានការសុខាភិបាល ៣កុំ និង៣ការពារ។
នៅអំឡុងមុនថ្ងៃចូលឆ្នាំមកដល់ នៅឆ្នាំនេះ មានពិធីនិមន្តព្រះសង្ឃ សូត្រមន្ត ប្រស់ព្រំលើករាសី នៅតាមក្រុមហ៊ុន ស្ថាប័នរដ្ឋ ឯកជន និងតាមផ្ទះ ជាដើម មិនថា នៅភ្នំពេញ ឬតាមខេត្ត តាមមូលដ្ឋានណាណានោះទេ។ នៅតាមចេតីយ៍ ក៏មានពិធីនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វការីជន ញាត្តិសន្តាន ដែលបានចែកឋានតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។
ជាការពិត ចូលឆ្នាំ ២ឆ្នាំមកហើយ គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ យើងមិនបានចូលឆ្នាំ ដោយការជួបជុំតាមប្រពៃណី ពិសេសនៅតាមវត្តនោះឡើយ។ កូវីដ១៩ ក៏បានធ្វើឱ្យយើងមិនអាចប្រារព្ធពិធីជួបជុំតាមវត្ត ពិសេសបុណ្យភ្ជុំបិណ្ឌ ឱ្យបានពេញលេញ អស់រយៈពេល ២ឆ្នាំមកហើយដែរ។ ការខកខានពិធីបុណ្យ ជួបជុំតាមវត្តអារាមនេះ នាំឱ្យបាត់បង់ឱកាសធ្វើបុណ្យរបស់ប្រជាពុទ្ធបរិស័ទផង ហើយខាងវត្ត ក៏មិនទទួលបច្ច័យចូលរួមពីប្រជាពុទ្ធបរិស័ទ សម្រាប់ការចូលរួមចាប់មគ្គផល កសាងសមិទ្ធផលនានា នៅក្នុងវត្តឡើយ។
យ៉ាងណាក៏ដោយ នៅឆ្នាំនេះ ពេលចូលឆ្នាំ មិនថា នៅវត្ត ឬនៅតាមទីប្រជុំជននានា នៅតាមរាជធានីខេត្តនោះទេ គឺបានរៀបចំព្រឹត្តការណ៍អបអរសាទរឆ្នាំថ្មី ដោយហៅថា «សង្ក្រាន្ត» រយៈពេល ៣ថ្ងៃ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមវត្ត តាមសាលារៀន និងនៅតាមរមណីយដ្ឋាននានា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា។
ក្នុងការជួបជុំទាំងនោះ មានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជា ការលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញគំនូរសិល្បៈ ការលក់ទំនិញនានា និងការប្រគំតន្ត្រីបុរាណ-សម័យ ដើម្បីរាំកម្សាន្ត ជាដើម។ សកម្មភាពទាំងអស់នេះ សុទ្ធតែបង្កបរិយាកាសរីករាយផង និងផ្តល់ចំណូលដល់សេដ្ឋកិច្ចសង្គមឱ្យរស់ឡើងវិញ បន្ទាប់ពីខកខាន ២ឆ្នាំជាប់ៗគ្នា។
ទន្ទឹមនឹងកម្មវិថីសប្បាយរីករាយទាំងនេះ អ្នកចូលរួមពិធីម្នាក់ៗ រួមទាំងគណៈកម្មការ អាចារ្យវត្ត និងអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន និងកិច្ចការពារសុខសុវត្ថិភាព ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពអធិកអធម ដោយរក្សាបាននូវប្រពៃណីទំនៀម ទម្លាប់ដ៏ល្អរបស់ជាតិ ក៏ដូចជាដើម្បីទប់ស្កាត់បានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផងដែរ។
តាមវត្ត និងតាមរមណីយដ្ឋាននានា ក៏ត្រូវបានអាជ្ញាធររាជធានីខេត្ត រៀបចំកន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផងដែរ ដូច្នេះប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ដែលចូលរួម គឺត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ហើយបើដល់ថ្ងៃចាក់វ៉ាក់សាំង មិនទាន់ចាក់ សូមអញ្ជើញចាក់វ៉ាក់សាំង នៅតាមវត្ត ឬក៏នៅតាមកន្លែងដើរកម្សាន្តទាំងនោះ។
ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩ នាំឱ្យខកខាន មិនបានរៀបចំព្រឹត្តការណ៍អបអរសាទរចូលឆ្នាំថ្មី ប្រពៃណីជាតិ ២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដូច្នេះ នៅឆ្នាំនេះ នៅពេលយើងបានចូលឆ្នាំឡើងវិញ ក៏សូមឱ្យប្រជាពលរដ្ឋយើង ត្រូវតែបង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ទាំងការធ្វើដំណើរ ការជួបជុំសប្បាយ ការជួបជុំផឹកស៊ី ក៏ដូចជា ការដើរលេងកម្សាន្តនានា ពិសេសអ្នកទៅលេងទឹក ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់។ សូមកុំឱ្យសប្បាយ ក្លាយជាទុក្ខ។ សូមជូនពរឆ្នាំថ្មី សូមសុខសប្បាយទាំងអស់គ្នា៕