ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​ប៉ូលិស​ចរាចរណ៍​ខេត្ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២២ បាន​ចុះ​ផ្សព្វផ្សាយ ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការប្រើប្រាស់​ទ្រូង​ថ្នល់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​ផ្សារ ក្រុង​សិរីសោភ័ណ មាន​ផ្សារ​ចំការ​គរ (​ផ្សារ​ថ្មី​) ផ្សារ​ភូមិ​ទឹកថ្លា ផ្សារ​សិរីសោភ័ណ និង​ចំណតរថយន្ត (​បេន ឡាន​ចាស់​) ។​

​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានអោយដឹង នៅ​ថ្ងៃទី​១៣ ខែមេសា​នេះ​ថាៈ គោលបំណង​ឲ្យ​អ្នកធ្វើដំណើរ តាម​យានយន្ត​គ្រប់​ប្រភេទ យល់ដឹង​ពី ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​ពាក់មួក​សុវត្ថិភាព ឲ្យ​បាន​ត្រឹមត្រូវ រាល់ពេល​ធ្វើដំណើរ បើកបរ​ចេះ​អធ្យាស្រ័យ​គ្នា មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​មិន​បើកបរ​លើស ល្បឿន​កំណត់ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ​អត្រា ពិការ​ស្លាប់ និង​របួសធ្ងន់ ដោយ សារ​គ្រោះថ្នាក់​ចរាចរណ៍ ។​

​ក្នុងឱកាស​នោះដែរ ក្រុមមន្ត្រី​ទាំងនោះ ក៏មាន​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ ខិតប័ណ្ណ​នានា ទាក់ទង​នឹង​ច្បាប់​ស្តីពី សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បិទ​ចំណាំងផ្លាត ក៏ដូចជា ចុះ​អប់រំ ផ្សព្វផ្សាយ វិធានការ​ការពារ​ជំងឺ​កូ​វី​១៩ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី្ ប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខនេះ​។

​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ ក្រុមយុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ខេត្តបន្ទាយមានជ័យ បាន​ផ្ដាំផ្ញើ​ដល់​ពុក​ម៉ែ​បងប្អូន រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​ប្រទេស​កម្ពុជា​យើង ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវអនុវត្ត​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ទោះ​នៅតាម​ជនបទ ឬ​ទីក្រុង ត្រូវ​ពាក់មួក​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ និង​ដាក់​ខ្សែក្រវាត់ ឲ្យ​តឹង​ណែន​ល្មម រាល់ពេល​ធ្វើដំណើរ ទោះ​ជិត ឬ​ឆ្ងាយ ។​

​សូម​គិតថា មួកសុវត្ថិភាព​មួយ អាច​សង្គ្រោះ​ជីវិត​មនុស្សម្នា​ក់បាន បើ​សេព​គ្រឿង​ស្រវឹង សូមកុំ​បើកបរ ការពារ​ជីវិត​អ្នក​កុំ​បើកបរ ហួស​ល្បឿន​កំណត់ សូមកុំ​វ៉ា ឬ​ជែង​គ្នា ក្នុងស្ថានភាព​គ្រោះថ្នាក់ សូម​គោរព​សិទ្ធិ​អាទិភាព ពេល​បើកបរ ។ សូមកុំ​ប្រើ​ទូរស័ព្ទដៃ ពេល​បើកបរ សូម​ត្រួតពិនិត្យ​យានយន្ត អោយបាន​ត្រឹមត្រូវ មុនពេល​បើកបរ គ្រប់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ តាម​ប្រភេទ​រថយន្ត សូម​បំពាក់​សម្ភារៈ​ចំណាំងផ្លាត លើ​រថយន្តរ​បស់បង​ប្អូន សូមកុំ​ផ្ទុកទំនិញ សម្ភារៈ ឬ​មនុស្ស​លើស​ចំណុះ ។​

​គោរព​ច្បាប់​ចរាចរណ៍ គឺ​មានន័យថា លោកអ្នក​បាន​គោរព និង​ស្រឡាញ់​ជីវិត​អ្នក គោរព​ច្បាប់​ចរាចរណ៍ គឺ​មានន័យថា អ្នក​បាន​លើកស្ទួយ​កិត្តិយស​ជាតិ​យើង​។​ចរាចរណ៍​ល្អ គឺ​អាស្រ័យ​លើ​អ្នក គោរព​ស្រឡាញ់​ជីវិត​អ្នក និង​អ្នកដទៃ សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់​៕/V​