ដោយៈសុផល/ភ្នំពេញ៖ ក្រសួង សាធារណ ការនិងដឹកជញ្ជូន និងសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានពិភាក្សាលើគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដំណាក់កាលទី២ ដែលក្នុងនោះ ផ្តោតលើការធ្វើឱ្យប្រសើរឡើងនៅច្រកទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែលើកទី៩ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីគម្រោងកែលម្អប្រព័ន្ធភស្តុភារកម្មនៅកម្ពុជាដំណាក់កាលទី២ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគម្រោងនិងជំនាញការនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងទិសដៅសកម្មភាពដែលត្រូវអនុវត្តបន្តនៅខែបន្ទាប់សំណូមពរនិងបញ្ហាប្រឈមនានាដែលត្រូវពិភាក្សាជាមួយ ក្រុមការងារ PMU លើវឌ្ឍនភាពនៃការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

អង្គប្រជុំបានពិភាក្សាលើរបាយការណ៍វឌ្ឍនភាព និងសកម្មភាពការងាររបស់ក្រុមការងារភស្តុភារកម្ម បៃតង ក្រុមការងារមជ្ឈមណ្ឌលភស្តុភារកម្មតំបន់ ក្រុមការងារខ្សែសង្វាក់ត្រជាក់ ក្រុមការងារទំនើបកម្មយានយន្តដឹក ជញ្ជូនទំនិញ ក្រុមការងារតាមដាន និងវាយតម្លៃ និងក្រុមការងារការធ្វើឱ្យប្រសើរឡើងច្រក ទ្វារព្រំដែនបាវិត និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន និងការដឹកជញ្ជូនតាមព្រំដែនផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះលោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងនិងវឌ្ឍនភាពរបស់ក្រុមប្រតិបត្តិការងារគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដែលបានសម្រេចលទ្ធផលការងារជាវិជ្ជមានក្នុងការរៀបចំតាក់តែងគោលនយោបាយពាក់ព័ន្ធនឹងការដឹកជញ្ជូន និងភស្ភុភារកម្ម ការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិតនិងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀនសំដៅធ្វើយ៉ាងណាជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន បញ្ចប់តាមផែនការគ្រោងទុក និងបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបានឆាប់រហ័សគ្មានការកកស្ទះ៕សរន