សម្តេច​ប្រធានព្រឹទ្ធសភា ស្នើ​អាជ្ញាធរ​ថៃ​បន្ត​យុទ្ធនា​ការផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា ដែល​មិនទាន់មាន​ឯកសារ​ប្រមាណ ៥៤.៤១៣​នាក់

946
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នៅក្នុង​ជំនួប​ជាមួយ​លោក ផាន​យ៉ា​រ៉ា​ក់ ភុ​ន​ថ័​ប​( Panyarak Poolthup)​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ស្នើ​ដល់​អាជ្ញាធរ​ថៃ បន្ត​សហការ​ជាមួយនឹង​ក្រុមការងារ​កម្ពុជា ក្នុង​ការបន្ត​យុទ្ធនា​ការផ្តល់​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ជូន​ពលករ​កម្ពុជា ដែល​មិនទាន់មាន​ឯកសារ​ប្រមាណ ៥៤.៤១៣ នាក់ (​ខែឧសភា ឆ្នាំ​២០១៨)​។​

​ក្នុងជំនួប​សវនាការ​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នៅ​វិមាន​ព្រឹទ្ធសភា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​លើកឡើងថា​រាជរដ្ឋាភិបាល​ថៃ និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏បាន​សហការ​ជាមួយ​ភាគី​កម្ពុជា នៅក្នុង​ការជួយ​សម្រប​សម្រួល​ឱ្យមាន​យន្តការ​ផ្តល់​ភាពស្របច្បាប់ ដល់​ពលករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​។ បច្ចុប្បន្ន ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រមាណ ១,០៥០,០០០ នាក់ បានរួម​ចំណែក​ដ៏​សំខាន់​នៅក្នុង​ការ លើកកម្ពស់​សេដ្ឋកិច្ច​-​សង្គម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស បាន​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ ពួកគេ​កាន់តែ​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​ការអបអរសាទរ និង​ស្វា​គម យ៉ាង​កក់ក្តៅ​ចំពោះ​លោក Panyarak Poolthup ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ តែង តាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា​។ សម្តេច​ប្រធាន ព្រឹទ្ធសភា មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរាជទូត នៅ​ព្រះរាជាណាចក្រ កម្ពុជា ពិតជា​រួមចំណែក​ពង្រឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​

​សម្តេច បាន​សម្តែង​នូវ​សេចក្តី​សប្បាយរីករាយ និង​ពេញចិត្ត​ជាខ្លាំង ដោយបាន​មើលឃើញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ថៃ បាន​បន្ត​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​គួរ​ជាទី​មោទនៈ​។ ទំនាក់ទំនង​ដ៏​ល្អ​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ព្រះរាជទស្សនកិច្ច និង​ទស្សនកិច្ច​រវាង​រាជ្យ​វង្សានុវង្ស រវាង​ប្រមុខ​រដ្ឋាភិបាល ក្រសួង ស្ថាប័ន និង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ដែល​កាន់តែ​ស៊ីជម្រៅ​ទូលំទូលាយ និង​បាន​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ​។​

សម្តេច​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​អំណរ​ព្រះ​គុណ និង​អរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រាជ្យ​វង្សានុវង្ស​ថៃ និង​រាជរដ្ឋាភិបាល​ថៃ ដែល​បាន​គាំទ្រ និង​ជួយ​ជា​បន្តបន្ទាប់​ផ្នែក​សុខាភិបាល វិស័យ​អប់រំ សង្គមកិច្ច និង ហេដ្ឋារចនាសម្ព័ន្ធ​។ ទន្ទឹមនេះ ទំនាក់ទំនង​ខាង​វិស័យ​វិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ត​ភ្ជាប់​ក៏មាន​ការរីកចម្រើន​ជា​លំដាប់ ព្រមទាំង​បាន​បង្កើត​នូវ​យន្តការ​ទ្វេភាគី​កម្ពុជា​-​ថៃ ជាច្រើន​វិស័យ ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​នានា សំដៅ​ឱ្យមាន​ការអភិវឌ្ឍ​រួមគ្នា ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​សុខដុម​នីយកម្ម សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។ សម្តេច​ប្រធានព្រឹទ្ធសភា ក៏បាន​អបអរ និង​ត្រូវ​ជំរុញ​ថែមទៀត​នូវ​ទំនាក់ទំនង​ដ៏​ល្អ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ក្នុងនាម​ព្រឹទ្ធសភា និង​រូប​សម្តេច​ផ្ទាល់ សម្តេច​បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការធ្វើ កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និត​ជាមួយនឹង​ឯកឧត្តម​ឯកអគ្គរាជទូត ក៏ដូចជា​ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា ដើម្បី​រួមចំណែក​ពង្រឹងពង្រីក​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍​ទៅវិញ ទៅមក​ជូន​ប្រជាជន និង​ប្រទេស​ទាំងពីរ​។​
​នៅក្នុង​ជំនួប​សម្តែង​ការគួរសម​នោះ លោក Panyarak Poolthup បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ប្រធានព្រឹទ្ធសភា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឲ្យ​ឯកឧត្តម​បាន​ចូលជួប សម្តែង​ការគួរសម​នាឱកាស​នេះ​។

​លោក​ឯកអគ្គរាជទូត បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា​ថា បច្ចុប្បន្ន និង​កាលពីពេល​កន្លងទៅ ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា មាន​សភាពការណ៍​ប្រហាក់ប្រហែលគ្នា ដោយសារតែ​មានការ​រិះគន់​ពី​ពួក​បរទេស​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធមនុស្ស បញ្ហា​លទ្ធិប្រជាធិបតេយ្យ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានផ្តល់​តម្លៃ នឹង​ប្តេជ្ញា​ខ្ពស់ ក្នុង​ការខិតខំ​ថែរក្សា បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដើម្បី​ធានា​ឲ្យ​មានការ​អភិវឌ្ឍ​ជា​លំដាប់​។

​លោក​ឯកអគ្គរាជទូត បាន​សម្តែង​នូវ​ការសប្បាយរីករាយ​ដោយសារតែ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស ទាំងពីរ តែងតែបាន​ជួបគ្នា​ជា​ញឹកញាប់​នៅក្នុង​គ្រប់​ខ័​ណ្ឌ​អន្តរជាតិ ជាពិសេស នៅក្នុង​វេទិកា​នៃ​កិច្ចប្រជុំ​អាស៊ាន ហើយ​នៅថ្ងៃនេះ​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​យុ​ទ្ឋ​សាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អា​យ៉េ​យ៉ា​វា​ឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/ CLMV) លើក​ទី​៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ដ៏​ល្អ​រវាង​ប្រជាជន រាជរដ្ឋាភិបាល ក៏ដូចជា​អង្គការនីតិប្បញត្តិ នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​ថៃ​)​។ តាមរយៈ បេសកកម្ម​ការទូតរ​បស់​ឯកឧត្តម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​អគ្គរាជ​រដ្ឋទូត​ថៃ​បាន​សន្យាថា នឹង​ខិតខំ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​ទាំងពីរ ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត តាមរយៈ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​និង​បទពិសោធន៍​គ្នា​ទៅវិញ​វិញ​ទៅមក​រវាង​ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម