ដោយៈ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​/ភ្នំពេញ៖​ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវ​ជម្លៀស​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​។ យើង​បានធ្វើ​ដំណើរ​ទៅកាន់​ស្រុកកំណើត​ម្តាយ​របស់​យើង ដែល​ស្ថិត​នៅឯ​ខេត្តតាកែវ​។ កាលនោះ គឺ​នៅ​ឆ្នាំ​១៩៧៥ ហើយ​មាន​ពាក្យ​ច​ចាម​អារាម​បាន​លេចឡើង​ថា យើង​អាច​ត្រឡប់មកផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ​វិញ​។ ថ្ងៃមួយ ខ្មែរក្រហម​បានមក​ប្រាប់​យើង​ឲ្យ​រៀបចំ​បង្វេច និង​ចេញដំណើរ​។ យើង​សង្ឃឹម​ក្នុង​ចិត្ត​ថា នេះ​គឺជា​ការធ្វើដំណើរ​វិលត្រឡប់​មក​ផ្ទះ​យើង​វិញ​ហើយ​។​

​ ​ខ្មែរក្រហម​បាន​បញ្ជា​យើង​ឲ្យ​ឡើង​រថភ្លើង​។ នៅលើ​រថភ្លើង​មាន​មនុស្សម្នា​ជាច្រើន ដែល​យើង​មិនអាច​អង្គុយ​បាន​។ បងស្រី​របស់ខ្ញុំ​ម្នាក់​មានកូន​ស្រី​មួយ ដែល​ទើប​តែមាន​អាយុ​ពីរ​-​បី​ខែ​ប៉ុណ្ណោះ​។ នាង​មាន​ឈ្មោះថា តាន់ កែវ​កិ​តា​ណា​។ យើង​គ្រប់គ្នា​ចាប់ផ្តើម​ព្រួយបារម្ភ​ចំពោះ​រឿងរ៉ាវ​ដែល​អាច​កើតឡើង​បន្ទាប់​។ នៅពេល​យប់ ពូ​របស់ខ្ញុំ​ឈ្មោះ កែវ ឈឿន បាន​ក្រឡេក​មើលទៅ​ផ្កាយ​ឯលើ​មេឃ ហើយ​ដំណាល​ប្រាប់​យើង​អំពី​ផ្កាយក្រពើ​។​


អ្នកបើកបរ​រថភ្លើង​វ័យក្មេង​ដែល​ភាគច្រើន​គឺជា​ក្មេង​ជំទង់​បើកបរ​យក​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​ពី​តាម​បណ្តា​ទីតាំង​នានា​ក្នុង​ផ្ទៃ​ប្រទេស​ទៅកាន់​ភូមិភាគ​ពាយ័ព្យ​ដែលមាន​ខេត្តពោធិ៍សាត់ និង​បាត់ដំបង នៅ​អំឡុង​របប​ខ្មែរក្រហម​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​​ផ្កាយក្រពើ គឺជា​រឿងនិទាន​ដែល​យើង​បាន​រៀន​កាលពី​ក្មេង​។ នេះ​គឺជា​រឿងនិទាន ស្តីអំពី​ក្រពើ​មួយ​ក្បាល ដែល​បាន​សាង​អំពើ​ល្អ ហើយ​បាន​ក្លាយទៅជា​ផ្កាយ​នៅលើ​មេឃ​។ ផ្កាយក្រពើ​តំណាង​ឲ្យ​សេចក្តីសង្ឃឹម ទិសដៅ និង​សេចក្តី​ល្អ​។ គេ​អាច​សម្លឹង​រកមើល​ផ្កាយក្រពើ​នៅលើ​មេឃ ព្រោះ​ផ្កាយ​នេះ​អាចជួយ​ចង្អុល​ប្រាប់​ទិសដៅ​ដល់​យើង​បាន​។​

​ ​នៅពេល​ធ្វើដំណើរ​តាម​រថភ្លើង​នាពេល​រាត្រី ពូ​របស់ខ្ញុំ​តែងតែ​ចង្អុល​ប្រាប់​ខ្ញុំ​អំពី​ផ្កាយក្រពើ​នោះ​។ គាត់​បាន​ប្រាប់​យើងទាំងអស់គ្នា​ថា យើង​កំពុងធ្វើដំណើរ​ត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​។ យើងទាំងអស់គ្នា​សប្បាយចិត្ត​ខ្លាំងណាស់ ដោយ​ដឹងថា​នឹង​បាន​ត្រឡប់មកផ្ទះ​វិញ​។ បើទោះបីជា យើង​ត្រូវ​ធ្វើដំណើរ​ជាច្រើន​ថ្ងៃ និង​ឈប់​តាមផ្លូវ​ជាច្រើន​កន្លែង​ក៏ដោយ ក៏​យើង​មិន​ខ្វល់​ដែរ ឲ្យ​តែ​យើង​ធ្វើដំណើរ​លើ​ទិសដៅ​ត្រូវ​មួយ​នេះ​។ រំពេច​នោះ យើង​ក៏បាន​ដឹង​ការពិត​។ បន្ទាប់ពី​ធ្វើដំណើរ​ទៅដល់​ខេត្តពោធិ៍សាត់ ប្រជាជន​ជាច្រើន​ត្រូវ​បញ្ជា​ឲ្យ​ចុះ​ពី​ទូរថភ្លើង​។ អ្នកដំណើរ​ផ្សេងទៀត​ត្រូវធ្វើ​ដំណើរ​បន្តទៅ​កាន់​ខេត្តបាត់ដំបង នៅក្បែរ​ព្រំដែន​ប្រទេស​ថៃ​។ ការធ្វើដំណើរ​របស់​យើង​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ពោលគឺ​ការធ្វើដំណើរ​របស់​យើង​ទើបតែ​ចាប់ផ្តើម​តែប៉ុណ្ណោះ​។​

​ ​សព្វថ្ងៃនេះ ខ្ញុំ​នៅតែ​នឹកឃើញ​ដល់​ផ្កាយក្រពើ​។ ក្នុងអំឡុងពេល​មួយ​នោះ ផ្កាយក្រពើ​បាន​នាំមក​នូវ​ក្តីសង្ឃឹម និង​ភាព​រីករាយ​ដល់​យើង បើទោះបីជា​វា​ហាក់បីដូចជា​ការស្រមើស្រមៃ​យ៉ាងណាក៏ដោយ​។ ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវ​បំបែកចេញ​ពីគ្នា​។ យើង​ចាប់ផ្តើម​ជីវិត​ថ្មី​រៀងៗ​ខ្លួន ជាមួយនឹង ការអត់ឃ្លាន ការធ្វើការ​ធ្ងន់ និង​អំពើ​ប្រល័យពូជសាសន៍​។ ខ្ញុំ​យល់ថា ខ្លួន​ខ្ញុំ​មានសំណាង ដែល​បាន​រស់រានមានជីវិត​ពី​របប​ដ៏​ឃោរឃៅ ស្រប​ពេលដែល​សមាជិក​ក្រុមគ្រួសារ​របស់ខ្ញុំ​ជាច្រើន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត ដូចជា កូនស្រី​របស់​បងស្រី​ខ្ញុំ និង​ពូ​របស់ខ្ញុំ​ជាដើម​។ តាំងពី​ពេលនោះ​មក ខ្ញុំ​បាន​ប្តូរ​ការយល់ឃើញ​របស់​ខ្ញុំ​ចំពោះ​ផ្កាយក្រពើ​៕សរន