ដោយៈ សុផល / ភ្នំពេញ​៖ លោក ឈួន វិ​ន រដ្ឋលេខាធិការ ទទួលបន្ទុក​ជា ប្រធាន​លេខាធិការដ្ឋាន គ្រប់គ្រង គ្រោះមហន្តរាយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការត្រៀម រៀបចំ​របាយការណ៍ ឆមាស​ទី​១ ឆ្នាំ​២០២២ ទាក់ទង​នឹង​ការគ្រប់គ្រង គ្រោះមហន្តរាយ នៃ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​លេខា ធិ​ការដ្ឋាន គ្រប់គ្រង​គ្រោះ មហន្តរាយ​ក្រសួង ព្រមទាំង​សមាជិក ក្រុម​ជំនួយការ ជា​មន្ត្រី​បង្គោល​ផងដែរ​។

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ដើម្បី​ចែករំលែក​ព័ត៌មាន អំពី​លទ្ធផល​ការងារ​សំខាន់ៗ និង​លើក​ទិសដៅ ការងារ​បន្ត ដូចជា​ការត្រៀម​រៀបចំ របាយការណ៍ ឆមាស​ទី​១ ឆ្នាំ​២០២២ របស់​លេខាធិការដ្ឋាន គ្រប់គ្រង​គ្រោះមហន្តរាយ និង​សេចក្ដីណែនាំ ស្ដីពី​ការចូល​រួមសហការ គ្រប់គ្រង​គ្រោះ មហន្តរាយ សម្រាប់​វិស័យ​សាធារណ ការ និង​ដឹកជញ្ជូន ។​

​អង្គប្រជុំ បាន​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​រាយការណ៍ អំពី​លទ្ធផល​ការងារ របស់ លេខាធិការដ្ឋាន​គ្រប់ គ្រង​គ្រោះមហន្តរាយ ពី​គ្រប់​បណ្ដា​អគ្គនាយកដ្ឋាន ពាក់ព័ន្ធ និង​បាន​រំឭក ពី​ក្របខ័ណ្ឌ​ការងារ គ្រប់គ្រង​គ្រោះមហន្តរាយ ទាក់ទង នឹង​សកម្មភាព​ត្រៀម​បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់ សកម្មភាព​ត្រៀម រៀបចំ​សកម្មភាព​ឆ្លើយតប និង​សង្គ្រោះបន្ទាន់ និង​សកម្មភាព​ស្តារឡើងវិញ ព្រមទាំង​បានលើកឡើង ពី​ផែនការ​សកម្មភាព​គាំទ្រ នៅក្នុង​ផែនការ​សកម្មភាព ជាតិ សម្រាប់​ការកាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ ២០១៩-២០២៣ ដែល​រួមមានៈ ១) បន្ត​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​ធន់​នឹង​ប្រែប្រួល​អាកាសធាតុ ដើម្បី​រួមចំណែក លើកកម្ពស់ វិស័យ​ដឹក​ជ​ញ្ចូ​ន ប្រកបដោយ​ចីរភាព និង​នវានុវត្តន៍​។ ២) បន្ត​រៀបចំ​បទដ្ឋាន បច្ចេកទេស និង​គំនូស​ប្លង់ និង​សាងសង់ ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​ធន់​នឹង ប្រែប្រួល​អាកាសធាតុ និង ៣) បន្ត​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព លើ​បទដ្ឋាន​បច្ចេក ទេស និង​ការសិក្សា​គម្រោង​សាងសង់ ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ។​

​លោក​ប្រធាន​លេខាធិការដ្ឋាន បាន​ជំរុញ​ឱ្យ​គ្រប់​អង្គភាព ក្រោម​ឱវាទ​ក្រសួង ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បន្ត​យកចិត្តទុកដាក់ លើ​គ្រប់​ដំណាក់កាល នៃ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ទប់ស្កាត់ បង្ការ ស្ដារឡើងវិញ និង​រាយ ការណ៍ ឱ្យបាន​ទាន់ពេលវេលា​។

​ជាមួយគ្នានេះ​ផងដែរ លោក​ប្រធាន ក៏បាន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ បន្ត​ផ្សព្វផ្សាយ បណ្ដុះ បណ្ដាល និង​ពង្រឹងសមត្ថភាព លើ​ការងារ​គ្រប់គ្រង កសាង និង​ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ដូច​មានចែង នៅក្នុង​ផែន ការ​សកម្មភាព​ជាតិ សម្រាប់​ការកាត់បន្ថយ​ហានិភ័យ គ្រោះមហន្តរាយ ២០១៩-២០២៣ តាមរយៈ​ការរៀបចំ​ជា​ទម្រង់ សម្រាប់​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​លទ្ធផល ឱ្យសម្រេចបាន តាម​ផែនការ​៕/V​-PC