ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំង​៖ មន្ទី​សាធារណការ​និង​ដឹក​ជ​ញ្ជូ​នេ​ត្ត​កំពង់ឆ្នាំង​កំពុងដំណើរការ​ជួសជុល​ពង្រីក​ផ្លូវជាតិ​លេខ ៥៣ ដែលមាន​ប្រវែង​ជាង​ពីរ​គីឡូម៉ែត្រ​ស្ថិតនៅក្នុង​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។ តាម​ផែនការ​នឹង​ធ្វើឱ្យ​រួចរាល់​នៅក្នុង​ឆ្នាំ ២០២២​នេះ​។​ប៉ុន្តែ​ទន្ទឹមនេះ​ក៏​តម្រូវឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​នេះ​ជួយ​សហការ​ដាក់លូ​បង្ហូរទឹក​នៅតាម​មុខផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ឲ្យ​ផែនការ​នេះ​ទទួលបាន​ជោគជ័យ ។​

​អ្នកស្រី សុខ ដាវី ដែលមាន​លំនៅឋាន​នៅក្នុង​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ជាប់​នឹង​ដងផ្លូវ​ជាតិ​លេខ​៥៣ ដែល​កំពុង​ជួស ជុល​បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២១​ខែមេសា​នេះ​ថា​ថ្មីៗ​កន្លងទៅនេះ​ខាង​មន្ទីរ​សាធារណៈការ​ខេត្ត​បាន​អញ្ជើញ ប្រជាពលរដ្ឋ​ទៅ​ប្រជុំ​ផ្សព្វផ្សាយ​ថា​ស្រប​ពេលដែល​ផ្លូវជាតិ​លេខ ៥៣ នៅ​ចំណុច​ភូមិ​ត្រោក​លិច និង​ភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី កំពុង​ជួសជុល​ឲ្យ​ធំ​ទូលាយ​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥៣ ត្រូវ​សហការ​ជួយ​ដាក់លូ​បង្ហូរទឹក នៅតាម​ដី​លំនៅ​រៀងៗ​ខ្លួន ដើម្បីឱ្យ​គម្រោងការ​ជួសជុល​និង​ពង្រីក​ផ្លូវជាតិ​នៅ​ចំណុច​នេះ​ទទួលបាន​ជោគជ័យ​តាម​ផែនការ ។​

​ស្ត្រី​ដដែល​បន្តថា ចំពោះ​រូបគាត់​ការ​ដាក់លូ​នៅតាម​ដី​លំនៅ​ជាប់​នឹង​ផ្លូវជាតិ​នេះ​បាន​ចំណាយ​អស់​ជាង​ពីរលាន​រៀល លើ​ការទិញ​លូ​មុខកាត់​ទំហំ ៨ តឹក ប្រវែង​មួយ​ម៉ែត្រ​។ ចំណែក​ការជីក​ប្រឡាយ​ដាក់លូ ការ​ស្ទូច​លូ​ដាក់​ក្នុង​ប្រឡាយ និង​ការចាក់ដី​លុប​លើ​លូ​ដែល​បានដាក់​រួចហើយនោះ​គឺ​ខាង​មន្ទីរ​សាធារណការ​ខេត្ត​ជា​អ្នក​ជួយ​ធ្វើ​ដោយ​មិន​គិត​ប្រាក់​នោះឡើយ​។​ចំណែក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​គឺជា​អ្នកទិញ​លូ​ដោយ​ខ្លួនឯង និង​ជួល​ជាង​បិទ​លូ​ភ្ជាប់​គ្នា​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​បាន​អះអាងថា​ពួកគាត់​ពេញចិត្ត​សហការ​ជួយ​ដាក់លូ​នៅតាម​មុខផ្ទះ​ព្រោះថា​គាត់​បាន​ផ្លូវ​កៅស៊ូ​ធំ​ល្អ​ស្អាត​នៅមុខ​ផ្ទះ​។ ដូច្នេះ​គ្មានអ្វី​ជា​បញ្ហា​ចំពោះ​ការសហការ​ដាក់លូ​នៅតាម​មុខផ្ទះ​ឡើយ ។​

​លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​នៅ​ថ្ងៃទី​២១​ខែមេសា​នេះ​ថា តាម​គម្រោងការ​ជួសជុល​ផ្លូវ​កៅស៊ូ​លេខ​៥៣​នេះ​មាន​ទទឹង ៨ ម៉ែត្រ និង​បណ្តោយ​ជាង​ពីរពាន់​ម៉ែត្រ ហើយ​បាន​ធំ​ទូ លាយ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ ស្របតាម​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​ជាតិ​ហើយ​ផ្លូវ​នៅ ចំណុច​នេះ​នឹងត្រូវ​ជួសជុល​ឲ្យ​រួចរាល់​នៅក្នុង​ឆ្នាំ ២០២២​នេះ ។ ដោយឡែក​ការដាក់​លូ​នៅតាម​មុខផ្ទះ និង​នៅតាម​ដី​លំ នៅ​ឋាន គឺជា​ភារកិច្ច​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​និង​ម្ចាស់​ដី​នីមួយៗ ។ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះខាត​ជីវ ភាព​នោះអាជ្ញាធរ​ភូមិ​ឃុំ​និង​មន្ទីរ​សាធារណការ​ខេត្ត នឹងសិក្សា​ដើម្បី​ជួយ​គាត់ ។

​លោក​បន្តថា ចំណែក​ការ​ដាក់លូ​នៅតាម​មុខ​សាលារៀន សាលា​បុណ្យ ឬ​តាម​ផ្លូវលំ​ឆ្លង​ក្នុងភូមិ​គឺ​មន្ទីរ​សាធារណការ​ខេត្ត​នឹង សិក្សា​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​សម្របសម្រួល​គ្នា​ដើម្បី​ដោះស្រាយ​ជាមួយ​សហគមន៍​នៅក្នុង​មូលដ្ឋាន​។​មន្ទីរ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​សូមមេត្តា​ជួយ​សហការ និង​ផ្ដល់​ការយោគយល់​អធ្យាស្រ័យ ក្នុងពេល​កំពុង​ជួសជុល​ពង្រីក​ផ្លូវ​នេះ​៕​សរន​-PC