ក្រសួង​ការងារ​នឹង​រៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៅ​ថ្ងៃ​សុក្រ​នេះ

1378
ចែករម្លែក
  • 14
    Shares

ដោយ​: ពៅ និមល / ភ្នំពេញ​: តាម​ការកំណត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានរៀបចំ​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ (TVET Today) ដើម្បី​ជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​ក្នុង និង​ក្រៅ​ស្រុក ដែល​ប្រព្រឹត្តទៅ​នៅ​អគារ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​។​

​យោងតាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ​បាន​បញ្ជាក់ថា ទិវា​ជាតិ​ដ៏​មហោឡារិក​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​បង្កើតឡើង ក្នុង​គោលបំណង​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ និង​ធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និង​ផ្នែក​ឯកជន ព្រមទាំង សាធារណជន​ឲ្យ​បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ឲ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ការងារ​នៅក្នុង និង​ក្រៅប្រទេស​។​

​សារលិខិត​នេះ​បន្តថា ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ដើរតួនាទី​ដ៏​សំខាន់​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​ឲ្យ មានចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ និង​សីលធម៌​វិជ្ជាជីវៈ​ដែលជា​កត្តា​កំណត់​ក្នុង​ការលើក កម្ពស់​ផលិតភាព ភាព​ប្រកួតប្រជែង និង​ការទាក់ទាញ​វិនិយោគ សំដៅ​បន្ត​រក្សាបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ បង្កើត​ការងារ​ថ្មី​កាន់តែ​ល្អ ទទួលបាន​ប្រាក់ចំណូល​ប្រសើរឡើង និង​រស់នៅក្នុង​ភាពសុខដុមរមនា​។​

​ក្នុង​សារលិខិត​ដដែល​លើកឡើង​បន្តថា ក្នុង​រយៈពេល ០៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​សិក្ខាកាម សិស្ស និស្សិត និកម្ម​ករ​និយោជិត​ប្រមាណ​៤០​ម៉ឺន​នាក់ បានទទួល​ការបណ្តុះបណ្តាល​លើ​កម្ពស់​ជំនាញ​របស់ខ្លួន ដើម្បី​ចាប់យក​ឱកាស​ការងារ​ល្អ និង​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​។ បន្ថែម​លើ​នេះ និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​។ ដើម្បី​ផ្តល់​ភាពបត់បែន​ងាយស្រួល​ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ កម្មវិធី​បណ្តុះបណ្តាល​ត្រូវបាន​រឿប​ចំ​ឲ្យ​មាន​ជា​រយៈពេល​ខ្លី និង​រយៈពេល​វែង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ហើយ​ត្រូវបាន អនុវត្ត​ធ្វើឡើង​នៅតាម​គ្រឹះស្ថាន សហគ្រាស សហគមន៍ និង​ចល័ត​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​បានផ្តល់ អាហារូបករណ៍​កាន់តែ​ច្រើនឡើង​ជូន​ដល់​យុវជន​បោះបង់ចោល​ការសិក្សា កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ស្ត្រី ជនពិការ កុមារកំព្រា ជនជាតិដើម​ភាគតិច កម្មករ កម្ម​ការ​នី​ដែល​បាត់បង់​ការងារ និង​ជន​ងាយ​រងគ្រោះ ដើម្បី​មានលទ្ធភាព​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​។​

​សូមបញ្ជាក់ថា ទាក់ទិន​នឹង​ទិវា​ខាងលើនេះ ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃទី​១៥ ខែមិថុនា​រៀងរាល់ឆ្នាំ​ដើម្បី​រៀបចំ​ជា​ព្រឹត្តិការណ៍​នេះ​ឡើង​។ ហើយ​ការរៀបចំ​ទិវា​ជា​លើកដំបូង​នេះ ត្រូវបាន​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រំពឹងថា នឹង​អាច​ស្រូបយក​អ្នកចូលរួម​ប្រមាណ​០២​ម៉ឺន​នាក់ ពី​សំណាក់​យុវជន សិស្ស​និស្សិត និង​សាធារណៈជន ដែល​ក្នុង​ទិវា​នោះ​ផ្តល់​សារៈសំខាន់ៗ​យ៉ាងច្រើន​ដល់​អ្នកចូលរួម ដូចជា​៖ ព័ត៌មាន​និង​សារៈសំខាន់​ពី​វិស័យ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស​និង​វិជ្ជាជីវៈ ទទួលបាន​នូវ​ព័ត៌មាន​ទីផ្សារការងារ​ដែល​ត្រូវការ​អ្នកបច្ចេកទេស​យ៉ាងច្រើន និង​បង្កើន​ទំនាក់ទំនង រវាង​អ្នកផ្តល់​ការបណ្តុះបណ្តាល និង​អ្នកប្រើប្រាស់​កម្លាំង​ពលកម្ម​ជំនាញ​ជាដើម​។​ល​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ