​អ្នកចម្រៀង​ល្បី មាស ហុក​សេង ត្រូវ​ខែ្មរ​ក្រហម​សម្លាប់​នៅ​ស្រុក​គាស់ក្រឡ​ក្នុង​ភូមិភាគ​ពាយ័ព្យ​

3227
ចែករម្លែក
លោក មាស ហុក​សេង ដែលជា​អតីត​តារាចម្រៀង​ដ៏​ល្បី​នៅ​អំឡុង​ឆ្នាំ​១៩៦០ និង​ដើមឆ្នាំ​១៩៧០ និង​ជា​ម្ចាស់​បទ​លលក​ញី​ឈ្មោល​ដ៏​ពេញនិយម

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: បន្ទាប់ពី​កងទ័ព​ខ្មែរក្រហម​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប្រជាជន មន្ត្រី​រដ្ឋការ ទាហាន ប៉ូលិស កីឡាករ តន្ត្រីករ តារាភាពយន្ត តារាចម្រៀង ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​ឲ្យ​ទៅធ្វើ​ការងារ​ពលកម្ម​ហួសកម្លាំង និង​សម្លាប់ចោល​នៅតាម​ទីជនបទ​ដាច់ស្រយាល​នានា​នៅ​ទូទាំងប្រទេស​។

​លោក មាស ហុក​សេង ដែលជា​អតីត​តារាចម្រៀង​ដ៏​ល្បី​នៅ​អំឡុង​ឆ្នាំ​១៩៦០ និង​ដើមឆ្នាំ​១៩៧០ និង​ជា​ម្ចាស់​បទ​លលក​ញី​ឈ្មោល​ដ៏​ពេញនិយម ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ដោយ​បង្ខំ​ជាមួយ​ក្រុមគ្រួសារ​ឲ្យ​ទៅ​រស់នៅ និង​ធ្វើ​ការងារ​ពលកម្ម​នៅក្នុង​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង (​តំបន់​១) ភូមិភាគ​ពាយ័ព្យ​។ ជា​អកុសល​លោក មាស ហុក​សេង ក្រុមគ្រួសារ​រួមជាមួយ​ប្រជាជន​ថ្មី​ប្រមាណ​៥០​នាក់​ផ្សេងទៀត​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​ដោយ​ចោទប្រកាន់ថា​មាន​គម្រោង​រត់គេច​ទៅ​ប្រទេស​ថែ​។

​ឈុន លាង អតីត​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​នៅក្នុង​កងពលតូច​លេខ​៥​ប្រចាំការ​នៅ​ជិត​រ៉ា​សំរោង និង​មាន​ស្រុកកំណើត​នៅ កា​កាប ស្រុក​ដង្កោ ខេត្តកណ្តាល បាន​រៀបរាប់ថា​នៅពេលដែល​ខ្មែរក្រហម​ទទួលបាន​ជ័យជម្នះ​នៅ​ថៃ្ង​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ គាត់​បានធ្វើ​ដំណើរ​ទៅជា​មួយ​មេបញ្ជាការ​កងវរសេនាតូច​ប្រចាំការ​នៅ​ជិត​រ៉ា​សំរោង​ឈ្មោះ ត្រាន់ ថា និង​ទាហាន​ចំនួន​៥​នាក់​ទៀត​ទៅ​លាក់ខ្លួន​នៅ​ក្តី​តា​កុយ​ខាង​ច្បារអំពៅ ដោយ​មានតែ​អង្ករ​មួយ​បង្វិច​តែប៉ុណ្ណោះ​។ លាង បានឃើញ​ព្រះអង្គម្ចាស់ នរោត្តម នរៈ​តិ​ប៉ោ និង​កងការពារ​ដែល​ជា​អតីត​អ្នក​ប្រដាល់​ល្បីឈ្មោះ ជា សារ៉ាក់ បាន​ចេញមក​អំពាវនាវ​រើស​និស្សិត​បញ្ញវន្ត នាយទាហាន​ចាប់ពី​សក្តិ​១​ឡើង ដើម្បី​ទទួល​សម្តេច សីហនុ ប៉ុន្តែ លាង មិន​ជឿ​លើ​ការឃោសនា​នេះឡើយ​។ បន្ទាប់មក លាង និង​ក្រុម​របស់គាត់​បាន​បំបែក​គ្នា​ធ្វើដំណើរ​ទៅតាម​គោលដៅ​ដែល​ចង់ទៅ​រៀងៗ​ខ្លួន ព្រោះ លាង បាន​គិតថា បើ​ខ្មែរក្រហម​បានដឹងថា​ពួកគាត់​ជា​ទាហាន លន់ នល់ នោះ​នឹង​ស្លាប់​ទាំងអស់គ្នា​។

ឈុន លាង អតីត​ទាហាន​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​

​លាង បាន​សុំ​ខ្មែរក្រហម​ធ្វើដំណើរ​តាម​ទូក​ឆ្លងកាត់​ទន្លេ​ទៅ​ជួប​មិត្ត​ភ័​ក្ត​របស់គាត់​ម្នាក់​ឈ្មោះ ម៉ាច នៅ​វត្ត​ចុង​ព្រែក​ក្នុង​ឃុំ​រការ​កោង ខេត្តកណ្តាល​។ បន្ទាប់ពី​បាន​ស្នាក់នៅ​ជាមួយ ម៉ាច មួយ​យប់ លាង បានធ្វើ​ដំណើរ​ទៅកាន់​ស្រុក​ឧដុង្គ ដើម្បី​ទៅរក​ម្តាយ​និង​បងប្អូន​ដែល​បាន​ជម្លៀស​ទៅ​ទីនោះ ប៉ុន្តែ​ខ្មែរក្រហម​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​គាត់​ធ្វើដំណើរ​ទៅកាន់​កន្លែង​នោះឡើយ​។ លាង បានសម្រេច​ចិត្ត​រស់នៅ និង​ធ្វើការ​តាម​ជើងភ្នំ​ឧដុង្គ​ក្នុង​សហ​ករ​ណ៏​ត្រពាំង​រំពា​ក់​ក្នុង ឃុំ​ភ្នំ​បាត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមាន​ប្រធាន​សហករណ៍​ឈ្មោះ តា​វ៉ាង​។ លាង រស់នៅ​សហករណ៍​ត្រពាំង​រំពា​ក់​ក្នុង​បាន​ប្រហែល​៣​ខែ ខ្មែរក្រហម​ក៏បាន​ស្រាវជ្រាវ​ដឹង​ពី​ប្រវត្តិរូប​របស់គាត់ តាមរយៈ​រូបថត​ដែល​គាត់​បាន​ថត​តាំង​ក្នុងផ្ទះ​របស់គាត់​នៅ​បន្ទាយ​ស្លឹក​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក​ខ្មែរក្រហម​បានធ្វើ​ដំណើរ​មក​ចាប់ លាង នៅក្នុង​សហករណ៍​នេះ​តែម្តង​។ ជា​ភ័ព្វ​សំណាងល្អ តា​វ៉ាង ជា​ប្រធាន​សហករណ៍​បាន​ឲ្យ​កូន​គាត់​មក​ប្រាប់ លាង ឲ្យ​រត់គេច ខណៈពេលដែល លាង កំពុងតែ​ភ្ជួរស្រែ​។ តា​វ៉ាង បាន​ឲ្យ​អង្ករ​ខ្លះទៅ លាង សម្រាប់​ដាំ​ហូប​ពេល​រត់​ភៀសខ្លួន​ដេក​នៅក្នុង​ព្រៃ​។ លាង បាន​ដើរ​ផ្សងព្រេង​ទៅដល់​បាត់ដឹង​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​បាន​បន្តដំណើរ​តាម​រថភ្លើង​ជាមួយ​ប្រជាជន​ដែល​ខ្មែរក្រហម​ជម្លៀស​ជាច្រើន​នាក់​ទៀត​ទៅកាន់​ខេត្តបាត់ដំបង​។

​ពេលមកដល់​ខេត្តបាត់ដំបង​ដំបូង លាង ត្រូវបាន​ខ្មែរក្រហម​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​ក្នុងភូមិ​ទួល​ជ្រេះ ឃុំ​សុ​ភី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្នុង​តំបន់​១ ដែល​ពេលនោះ លាង ចាប់ផ្តើម​ដូរ​ឈ្មោះ​ពី ឈុន ឡាយ មក ឈុន លាង វិញ​។ លាង បាន​ប្រាប់​ទៅ​កម្មាភិបាល​ខ្មែរក្រហម ថា គាត់​ឈ្មោះ ឈុន លាង ជា​សិស្ស និង​មាន​ស្រុកកំណើត​មកពី​ខេត្តតាកែវ ព្រោះ លាង ដឹង​ថាបើ​មិន​លាក់បាំង​ប្រវត្តិរូប​ពិតប្រាកដ​ទេ​គាត់​នឹងត្រូវ​សម្លាប់​។ លាង ធ្លាប់​បានឃើញ​បុរស​ម្នាក់​ជា​អតីត​ទាហាន លន់ នល់ ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​ហើយ​យកទៅ​សម្លាប់ ដោយសារតែ​ខ្មែរក្រហម​បានការ​ស៊ើបរក​ប្រវត្តិរូប​តាមរយៈ​មនុស្ស​ក្នុង​ក្រុមគ្រួសារ និង​មនុស្ស​មកពី​ស្រុកកំណើត​ជាមួយគ្នា​។

​នៅក្នុង​ស្រុក​គាស់ក្រឡ​នេះ លាង បាន​ជួប​តារាចម្រៀង​ល្បី​ពីររូប​គឺ​លោក មាស ហុក​សេង និង​អ្នកស្រី ហែម សុវណ្ណ ដែល​ត្រូវ​ខែ្មរ​ក្រហម​ជម្លៀស​មក​រស់នៅ​ស្រុក​នេះដែរ​។ លាង នៅចាំ​ថា ពេល​កំពុងធ្វើការ​ងារ​នៅតាម​វាលស្រែ​ខ្មែរក្រហម តែងតែ​ចាត់តាំង​ឲ្យ​អ្នកស្រី ហែម សុវណ្ណ ស្រែកច្រៀង​ចំរៀង​បដិវត្តន៍​ផ្សេងៗ នៅ​ខណៈដែល​កំពុងធ្វើការ​ព​លកម្ម​នោះ​។ នៅពេល​រសៀល​មួយ​ក្នុង​រដូវវស្សា​ឆ្នាំ​១៩៧៧ លាង និង​យុវជន​ប្រមាណ​ជាង ១០ នាក់​ទៀត ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​បញ្ជា​ឲ្យ​ជីករណ្តៅ​ទំហំ​១០​ម៉ែត្រ ៤​ជ្រុង ដើម្បី​ទុក​ឲ្យ​ពួកគេ​អា​រក​សម្លាប់​មនុស្ស រួចហើយ​ទម្លាក់​ចូលក្នុង​រណ្តៅ​នេះ​នៅពេល​ព្រលប់​ថ្ងៃ​ដដែល​នោះ​។ មនុស្ស​ដែល​ត្រូវ​សម្លាប់​មាន​ចំនួន​ប្រហែល​ជាង​៦០​នាក់ ក្នុងចំណោម​នោះ​ក៏មាន​លោក មាស ហុក​សេង និង​ក្រុមគ្រួសារ​ដែល​ត្រូវ​ខ្មែរក្រហម​ចោទប្រកាន់ថា​រៀបចំ​ផែន​ការរត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​។ លាង និង​អ្នក​ជីករណ្តៅ​ផ្សេងទៀត ត្រូវ​ខ្មែរក្រហម​បញ្ជា​ឲ្យ​ឈរ​រង់ចាំ​លុបរណ្តៅ​វិញ​នៅ​ចម្ងាយ​ប្រហែល​ជាជាង​១០​ម៉ែត្រ​ពី​កន្លែង​សម្លាប់​។ លាង បានឃើញ​ហេតុការណ៍​យ៉ាងច្បាស់​ថា មនុស្ស​ទាំងអស់​ត្រូវបាន​ចងស្លាបសេក និង​អារ​កដោយ​កាំបិត​ត្នោត​រួច​ធាក់​ទម្លាក់​ចូលទៅក្នុង​រណ្តៅ ជាមួយនឹង​សំឡេង​ស្រែកយំ​លាន់​រំពង​។ បន្ទាប់ពី​សម្លាប់​រួច កម្មាភិបាល​ខ្មែរក្រហម​ទាំង​នោះបាន​បញ្ជា​ឲ្យ លាង និង​យុវជន​ផ្សេងទៀត​កាយ​ដី​កប់​រណ្តៅ​វិញ ហើយ​មាន​អ្នកខ្លះ​មិនទាន់​ទាំង​ដាច់ខ្យល់​ផង​។ លាង ប្រាប់ថា​ឈ្លប​ខ្មែរក្រហម​ឈ្មោះ ជឹ​ប និង​បក្ខពួក​៥​នាក់​ទៀត​ជា​អ្នក​សម្លាប់​។ នៅក្នុង​ស្រុក​គាស់ក្រឡ មាន​គុក​មួយ​ស្ថិតនៅក្នុង​វត្ត​បាលី​ដូន រីឯ​ទីតាំង​សម្លាប់​មនុស្ស​វិញ​ស្ថិតនៅ​ក្រោយ​វត្ត ជិត​ទំនប់​ដំណាក់​សៀម​។

​លាង បាន​រៀបរាប់​បន្តទៀតថា ខ្មែរក្រហម​បាន​ចាត់តាំង​ឲ្យ​គាត់​ធ្វើការ​នៅក្នុង​សហករណ៍​ដែល​គ្រប់គ្រង​ដោយ តាថាវ ។ ដំបូង តាថាវ បាន​ឲ្យ លាង រស់នៅ​ជាមួយ​ចាស់ៗ​មួយក្រុម តែ​មិនយូរប៉ុន្មាន​ក៏​ផ្លាស់ប្តូរ​ឲ្យ​ទៅ​រស់នៅក្នុង​កងចល័ត​វិញ​។ ជីវិត​នៅ​ស្រុក​គាស់ក្រឡ​ជួប​ការលំបាក​ជាខ្លាំង ការផ្គត់ផ្គង់​អាហារ​មិនបាន​គ្រប់គ្រាន់​ឡើយ គឺ​អង្ករ​២​កំប៉ុង សម្រាប់​ចម្អិន​បបរ​មួយ​ខ្ទះ​ធំ ហើយ​ខ្មែរក្រហម​បាន​បន្ថែម​អំបិល​មួយ​ចុង​ស្លាបព្រា​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយពេលៗ​។ ប្រជាជន​ហត់​ហេវ បាន​បោច​ស្លឹកឈើ និង​បន្លែ​សម្រាប់​បរិភោគ​បន្ថែម​ដើម្បី​បំពេញ​ក្រពះ​។ នៅក្នុង​កងចល័ត លាង ត្រូវ​ចាត់តាំង​ឲ្យ​ធ្វើ​ការងារ​លើក​ទំនប់ ជីក​ប្រលាយ និង​ធ្វើស្រែ​ជាដើម​។ លាង បន្ថែមថា​ប្រជាជន​ថ្មី​ត្រូវបាន​ខ្មែរក្រហម​តាមដាន​ប្រវត្តិរូប និង​យកទៅ​សម្លាប់​ប្រសិនជា​ធ្វើការ​ងារ​មិន​សកម្ម​។ ទោះបីជា​ធ្វើការ​ងារ​ធ្ងន់​ដោយ​គ្មាន​អាហារ​គ្រប់គ្រាន់​ក៏ដោយ តែ លាង ត្រូវតែ​ខិតខំ​ធ្វើ​ការមិន​ហ៊ាន​ឈប់សម្រាក​ឡើយ ព្រោះ លាង ខ្លាច​មាន​កំហុស​ដែល​ឈានទៅដល់​ការស៊ើបអង្កេត​ប្រវត្តិរូប​។ ដោយ​ប្រធាន​សហករណ៍​បាន​មើលឃើញថា លាង ខិតខំ​ធ្វើការ​ងារ​នោះ ក៏​ចាត់តាំង លាង ឲ្យ​ធ្វើជា​ប្រធាន​កង​តូច​ដែល​គ្រប់គ្រង​ប្រជាជន​ប្រហែល​ពី​២០​ទៅ​៣០​នាក់ ដែល​ភាគច្រើន​ជា​ប្រជាជន​ថ្មី​ដូច លាង ដែរ​។ លាង បាន​ឲ្យ​ដឹង​ទៀតថា ទោះបីជា​ប្រជាជន​សាមញ្ញ ឬ​ជា​ប្រធាន​កង​តូច​ក៏​
​ដោយ ស្ថានភាព​កាន់តែ​លំបាក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើការ​ងារ​លើស​កម្លាំង អាហារ​មិន​គ្រប់គ្រាន់ ហើយ​មានពេលខ្លះ លាង បាន​ឆ្លៀតពេល​ចាប់​ក្តាម កណ្តុរ និង​បាច​ត្រី​តាម​ទីវាល​ហូប​ខ្លួនឯង​។

​នៅក្នុង​ឆ្នាំ​១៩៧៧ អង្គការ​ចាត់តាំង លាង យុវជន យុវនារី រាប់រយ​ឲ្យ​ទៅ​លើក​ទំនប់ ធ្វើ​អាងទឹក​នៅ​ភ្នំ​ធិ​ប​ដេ អស់​រយៈពេល​ពេញ​១​រដូវប្រាំង​។ ការងារ​លើក​ទំនប់​នៅ​ភ្នំ​ធិ​ប​ដេ មិនមែនជា​ការងារ​ស្រួល​សម្រាប់​ប្រជាជន​ទាំងអស់​ឡើយ ដែល​ពេលនោះ​មាន​ប្រជាជន​ជាច្រើន​បាន​ស្លាប់​ដោយសារ​ជំងឺ​កាន់តែច្រើន​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ បន្ទាប់មក​ខ្មែរក្រហម​ដក​អ្នកធ្វើ​ស្រែ​នៅ​ស្រុក​គាស់ក្រឡ​មកវិញ​នៅ​រដូវវស្សា​។ នៅ​ឆ្នាំ​១៩៧៨ អង្គការ​បាន​ចាត់តាំង លាង និង​កង​យុវជន​យុវនារី​ឲ្យ​ទៅ​លើក​ទំនប់​នៅ​ដ​ង្ហ​ត់​ទប់​ស្ទឹង​សង្កែរ​ទៀត​។

​គណៈ​ស្រុក​គាស់ក្រឡ​ចាស់​ឈ្មោះ តា​ព្រឿង​។ បន្ទាប់មក​នៅក្នុង​ឆ្នាំ​១៩៧៧ និង​១៩៧៨​ស្រុក​គាស់ក្រឡ​មានការ​ចាប់ និង​សម្លាប់​កម្មាភិបាល​ចាស់​នៅ​ភូមិភាគ​ពាយ័ព្យ ដោយ​កម្មាភិបាល​ថ្មី​មកពី​ភូមិភាគ​និរតី ហើយ​សមាសភាព​អ្នកដឹកនាំ​ក្នុង​ឃុំ ស្រុក និង​តំបន់​ត្រូវដាក់​ជំនួស​ដោយ​កម្មាភិបាល​មកពី​ភូមិភាគ​និរតី​វិញ​។

​នៅ​ខណៈពេលដែល​កងទ័ព​វៀតណាម​ចូលមក​ដល់​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ​១៩៧៩ ហេតុការណ៍​ជម្លៀស​ប្រជាជន​ចាប់ផ្តើម​កើតឡើង​ម្តងទៀត​។ ក្នុងពេលនោះ​យោធា​ខ្មែរក្រហម បាន​បង្ខំ​ប្រជាជន​ឲ្យ​ធ្វើដំណើរ​ទៅជា​មួយ​ដើម្បី​ធ្វើជា​រនាំង​បាំង​កុំ​ឲ្យ​កងទ័ព​វៀតណាម​បាញ់​ត្រូវ​ពួកគេ​។ ពេលធ្វើ​ដំណើរ​តាមផ្លូវ​ដោយមាន​ប្រជាជន​មួយចំនួន​មាន​ជំងឺ​មិនអាច​ធ្វើដំណើរ​បាន​លឿន និង​ដោយ​ខ្លាច​កងទ័ព​វៀតណាម​តាម​មក​ទាន់​នោះ កម្មាភិបាល​ខ្មែរក្រហម​ក៏បាន​ចាកចេញ​ទៅមុន​។ បន្ទាប់មក លាង និង​ប្រជាជន​មួយចំនួន​បាន​ហែល​ឆ្លងស្ទឹង​សង្កែ​មករក​កងទ័ព​វៀតណាម និង​បន្ត​ការ​ស្នាក់នៅ​ខេត្តបាត់ដំបង​ចាប់ពីពេលនោះ​មក​។​

​លាង បន្ត​រស់នៅ​ខេត្តបាត់ដំបង​រហូត​ពា​ក់​កណ្តាល​ឆ្នាំ​១៩៨០ ដោយសារ​ការខ្វះខាត​អាហារ និង​មធ្យោបាយ​ធ្វើដំណើរ​ត្រឡប់មក​ស្រុកកំណើត​។ ក្រោយមក លាង ក៏បាន​ត្រឡប់មក​ភ្នំពេញ​វិញ​។ នៅក្នុង​របប​ខ្មែរក្រហម​ពី​១៩៧៥-១៩៧៩ លាង បាន​បាត់បង់​ម្តាយ និង​ប្អូន​ពីរ​នាក់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ