ដោយៈ​សុផល / ភ្នំពេញ​៖ បណ្តាញ​ទំនាក់ទំនង​សង្គម គឺជា​មធ្យោបាយ ផ្សព្វផ្សាយ ដ៏​សំខាន់​មួយ ដើម្បី​លើកកម្ពស់ ការយល់ដឹង អំពី​បញ្ហា​ការពារ បរិស្ថាន ទាំង​នៅ​ថ្នាក់ ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង តាម​អ្នកធ្វើការងារ លើ​កិច្ច​ការការពារ បរិស្ថាន​។​

​ថ្លែង​នៅក្នុង​ឱកាស ទិវា​ភពផែនដី ឆ្នាំ​២០២២ អេកូ​យុវ​ទូត (YEA) ដែលជា សហគមន៍ ដែលមាន​គោលបំណង ផ្តល់​អំណាច បំផុស និង​អប់រំ ប្រជាពលរដ្ឋ កម្ពុជា អំពី​របៀប​រស់នៅ កាន់​តែមាន​និរន្តរភាព បានបង្ហាញ​អនុសាសន៍ មួយចំនួន អំពី​របៀប​ចូលរួម យ៉ាង​ងាយស្រួល ក្នុងការ​ការពារ​បរិ​ស្ថាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ប្រើ​បណ្តាញ ទំនាក់ទំនង សង្គម​។ អនុសាសន៍​ទាំងនេះ ត្រូវបាន​ធ្វើឡើង ក្រោម​ប្រធានបទ «​វិនិយោគ​លើ​ភពផែនដី របស់​យើង​»​។​

​កញ្ញា វិ​ន ពុទ្ធា​លី អ្នកសម្របសម្រួល​គម្រោង នៃ​អេកូ​យុវ​ទូត បាន​មាន ប្រសាសន៍ ថាៈ «​មាន​បញ្ហា​ប្រឈម​ជាច្រើន ដែល​ត្រូវ​ជម្នះ ក្នុងប្រទេស​កម្ពុជា​។ ទោះបី​ជាមាន​ចលនា​ជាច្រើន លើកស្ទួយ​របៀប រស់នៅ​បៃតង និង​ការបោះ ចោល​សំរាម ឱ្យបាន​ត្រឹមត្រូវ​ក៏ដោយ ក៏​ប្រជាជន​កម្ពុជា ភាគច្រើន នៅតែ​បោះ ចោល​សំរាម និង​ប្លា​ស្ទិ​ក ពាសវាល​ពាសកាល​។ យើង​ប្រឹងប្រែង​យ៉ាងខ្លាំង លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការយល់ដឹង ពាក់ព័ន្ធ​នឹង​សំរាម និង​ការផ្លាស់ប្តូរ ឥរិយាបថ និង​លើ​ការធ្វើឱ្យ​ប្រសើរឡើង នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម ក្នុង​សហគមន៍​»​។​

​អេកូ​យុវ​ទូត ចាត់ទុក​ការលើកកម្ពស់ ការយល់ដឹង ការផ្សព្វផ្សាយ​ព័ត៌មាន និង​បន្ទាប់មក ការចាត់វិធានការ ថា​ជា​គន្លឹះ​សំខាន់ ក្នុងការ​ការពារ បរិស្ថាន កម្ពុជា​។ ពួកគេ​ប្រើប្រាស់ ឧបករណ៍​អន​ឡាញ ដើម្បី​ជួយ​ជំរុញឱ្យមាន ការផ្លាស់ប្តូរ ក្នុងចំណោម​យុវជន នៅក្នុង​ទីក្រុង និង​សហគមន៍​ជនបទ ដើម្បី​ជួយ​ពួកគេ ឱ្យ​ក្លាយជា​គំរូ អំពី​របៀប​រស់នៅ កាន់​តែមាន​សុខដុម រម​នា ជាមួយ​ធម្មជាតិ និង​ឈានមុខ​គេ ក្នុង​សកម្មភាព​គម្រោង​បរិស្ថាន នៅក្នុង​សហគមន៍ របស់​ពួកគេ​ផ្ទាល់​។​

​កញ្ញា ពុទ្ធា​លី បាន​បន្ថែមថាៈ «​យើង​ជឿជាក់ថា បណ្តាញ​ទំនាក់ទំនង​សង្គម មាន​តួនាទី​យ៉ាង សំខាន់ ក្នុងការ​លើកកម្ពស់​កា​រ​យល់ដឹង ផ្សព្វផ្សាយ​ព័ត៌មាន និង​លើកទឹកចិត្ត​មនុស្ស ឱ្យធ្វើ សកម្មភាព​។ វា​ជា​ភ្លែត​ហ្វ​ម​មួយ សម្រាប់​ពួកយើង ដើម្បី​ចែករំលែក​មាតិកា និង​ភ្ជាប់​ទំនាក់ ទំនង ជាមួយ​យុវជន ដែល​ចាប់ អារម្មណ៍​ចូលរួម ក្នុង​សកម្មភាព​គម្រោង របស់​យើង​»​។​

​អេកូ​យុវ​ទូត ធ្វើ​យុទ្ធនា​ការបង្កើន​ការយល់ដឹង តាម​អ៊ីនធឺណិត នៅលើ​ភ្លែត​ហ្វ​ម បណ្តាញ ទំនាក់ទំនង​សង្គម​ផ្សេងៗ ដូចជា Facebook គេហទំព័រ​របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ ទៅដល់​ទស្សនិកជន​ក​ម្ពុ​ជា កាន់តែច្រើន ផ្តល់ព័ត៌មាន និង​អំពាវនាវ ឱ្យមាន​សកម្មភាព​។ ពួកគេ​ពន្យល់ថា លំហ​ឌីជីថល អាច​ត្រូវបាន ប្រើប្រាស់ ដើម្បី​រំលេច​មុំ​ផ្សេងៗ នៃ​បញ្ហា​បរិស្ថាន និង​ចាប់យក​រឿងរ៉ាវ​នានា ដើម្បី​បំផុសគំនិត​យុវជន​កម្ពុជា​។

​លើសពីនេះ​ទៀត បណ្តាញ​ទំនាក់ទំនង​សង្គម ជួយ​ឱ្យមាន​ទំនាក់ទំនង ជាមួយ​យុវជន ក្នុង​កម្រិត​កាន់តែ​ស៊ីជម្រៅ ដែល​បណ្តាញ​ទំនាក់ទំនង​សង្គម ទាំងនោះ មានដូចជា Facebook, Messenger, Instagram, កម្មវិធី​ផ្ញើ​សារ​ផ្ទាល់ IG, មុខងារ​បង្កើត​គ្រុប (Groups) ទំព័រ​ឬ​ផេ​ក (Pages) និង​កម្មវិធី (Events) នៅលើ Facebook និង​ផ្សេងៗ​ទៀត​។​

​ចាប់តាំងពី​ឆ្នាំ​២០១៥ មក អេកូ​យុវ​ទូត បាន​ដំណើរការ យុទ្ធនាការ​ឌីជីថល ផ្សេងៗ​ជាច្រើន រួមទាំង​កម្មវិធី​យុវជន ដើម្បី​ដាក់​កម្រិត ដល់​ការប្រើប្រាស់​ប្លា​ស្ទិ​ក របៀប​រស់នៅ កាន់​តែមាន និរន្តរភាព ជាង​មុន និង​ការគាំទ្រ​សត្វព្រៃ​។ ពួកគេ​បាន​បង្កើត​ឧបករណ៍ សិក្សា​រៀនសូត្រ បានរៀបចំ​ការតាំងពិព័រណ៍ កម្មវិធី​និទានរឿង មហោស្រព​ភាពយន្ត ហើយ​ថែមទាំង​បាន សហការ​ជាមួយ KOLs ដែល​ធ្វើ​ការងារ លើ​កិច្ចការពារបរិស្ថាន​ទៀតផង ដូចជា Green Lady ជាដើម​។​

​កញ្ញា​បាន​បន្ថែមថាៈ «​ដំបូង អ្នក​ត្រូវ​យល់​អំពី​បរិបទ​សង្គម និង​វប្បធម៌​របស់ ទស្សនិកជន របស់​អ្នក បញ្ហា និង​ដំណោះស្រាយ ដែល​អ្នក​កំពុង​ព្យាយាម ផ្សព្វផ្សាយ បន្ទាប់មក អ្នក​អាចបង្កើត មាតិកា​បរិស្ថាន ប្រកបដោយ​ការ យល់ដឹង​ស៊ីជម្រៅ និង​ច្នៃប្រឌិត សម្រាប់​ទស្សនិកជន​នោះ​»​។​

​តើ​អ្នក​អាច​ស្វែងរក​ការ​បំផុសគំនិត នៅ​ទីកន្លែង​ណា​? មាន​គ្រុប​ផ្សេងៗ​ជាច្រើន នៅលើ​បណ្តាញ ទំនាក់ទំនង​សង្គម នៅ​កម្ពុជា ដែល​ប្រជាពលរដ្ឋ អាច​ចូល​មើល និង​ស្វែងយល់​អំពី ការការពារ​បរិស្ថាន ឬ​ចូលរួម ដូចជា MekongWonders.org, Young Eco Ambassador, Green for Future Cambodia, Think Plastic, Dek Kit, ZeroW ឬ​អង្គការ​អភិរក្ស​នានា ដូចជា WWF ឬ Wildlife Alliance ជាដើម​។​

​ប្រជាជន​កម្ពុជា ជាង ៤០ ម៉ឺន​នាក់ ចូលរួម​យ៉ាងហោចណាស់ ក្នុង​គ្រុប Facebook មួយ ដែល​ផ្តោតលើ​ការរកឃើញ​អ្វីមួយ ការការពារ និង​ការដឹងគុណ ដល់​ភពផែនដី និង​បរិស្ថាន​របស់​យើង​។ លើសពីនេះ មាន​អាជីវកម្ម​ជាង ២៥០ នៅលើ Instagram ក្នុងប្រទេស​កម្ពុជា ដែល​ពណ៌នា​ខ្លួនឯង ថា​ជា​អាជីវកម្ម មិន​ប៉ះពាល់​បរិស្ថាន​។​

​មនុស្ស​គ្រប់គ្នា អាច​បង្ហាញ​ការគាំទ្រ​របស់ខ្លួន ដោយ​ប្រើ​ស្ទី​គ័​រ​របស់ Instagram ស៊ុម​ប្រូ​ហ្វា​ល់រ​បស់ Facebook និង​ស្ទី​ឃ័​រ​នៅលើ Messenger សម្រាប់​ទិវា​ភព ផែនដី​។ អ្នកប្រើប្រាស់ Facebook អាច​ចូលទៅ​កាន់​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ អាកាសធាតុ​របស់ Facebook ដើម្បី​ស្វែងយល់​អំពី សកម្មភាព​ប្រចាំថ្ងៃ ដែល​ពួកគេ​អាចធ្វើ​បាន និង​ស្វែងយល់​បន្ថែម អំពី​ការការពារ​បរិស្ថាន​ស​កល និង​ក្នុង​តំបន់​។

​អ្នកប្រើប្រាស់ ក៏​អាច​ទិញ​ទំនិញ ប្រកបដោយ​និរន្តរភាព​ផងដែរ តាមរយៈ​ការ ជ្រើសរើស ផលិតផល​មួយ​តឹក នៅលើ​ទីផ្សារ Facebook Marketplace ជំនួស​ឱ្យ​ការទិញ​ផលិតផល​ថ្មី ហើយ​អ្នក​គ្រប់គ្នា អាច​ប្រើប្រាស់ Facebook Marketplace ដើម្បី​ទិញ និង​លក់​របស់របរ​មួយ​តឹក នៅក្នុង​សហគមន៍​មូលដ្ឋាន របស់​អ្នក និង​នៅ​ទីកន្លែង​ផ្សេងទៀត ដូចជា​កង់ រុក្ខជាតិ សម្លៀកបំពាក់ និង​របស់របរ​ជាច្រើន​ទៀត​៕/V​-PC