ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កង្វល់មួយជំហានទៀត នៃការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះ ត្រូវបានដោះស្រាយ តាមរយៈអង្គប្រជុំ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) នាថ្ងៃទី២២ មេសា ម្សិលមិញនេះ ដែលដឹកនាំដោយ លោកបណ្ឌិត ថោង ខុន ដែលជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC ។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ CAMSOC បានថ្លែង ក្រោយកិច្ចប្រជុំថាៈ នៅដើមឆ្នាំ២០២២ នេះ គណៈកម្មកាជំនាញនានា របស់ CAMSOC និងតំណាងរបស់គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ធ្វើសុក្រិត្យកម្ម លើបញ្ហាប្រឈមទាំងនោះ ឲ្យបានទាន់ពេលវេលា ។
លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថាៈ អ្វីដែលសំខាន់ គឺលោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ លើការរៀបចំបច្ចេកទេស នៃទីលានប្រកួតនីមួយៗ។ បន្ទាប់ពីយើងទទួលបានការធ្វើ បទបង្ហាញ ពីជំនាញការ អំពីទីតាំង និងពេលវេលា នៃទីលានប្រកួតនីមួយៗ ច្បាស់លាស់ រួចរាល់ហើយនោះ គឺយើងបានកំណត់ថា ទីតាំងណា ជារបស់យើង ត្រូវជួសជុលកែលម្អ ហើយទីតាំងណាខ្លះទៀត ដែលជារបស់វិស័យឯកជន ត្រូវរក្សាទុកសម្រាប់ ការប្រកួតឲ្យ បានរួចរាល់»។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថាៈ ជារួម គឺគ្រប់សមាសភាព ពាក់ព័ន្ធទាំងអស់ បានឯកភាព ក្នុងការរៀបចំក្រុមការងារ ចំពោះកិច្ចពិសេស សម្រាប់ធ្វើកិច្ចការបច្ចេកទេស រៀបចំទាំងអស់។ អ្វីដែលសំខាន់ គឺសំណង់រឹង ដែលត្រូវជួសជុលកែលម្អ ត្រូវធ្វើឲ្យទាន់ពេល វេលា រួមជាមួយនឹងការគាំទ្រ ផ្នែកថវិកាឲ្យបានគ្រប់គ្រាន់។
ជាមួយគ្នានេះ លោកប្រធានគណៈកម្មការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ CAMSOC ក៏បានអះអាងជូន លោកបណ្ឌិត ប្រធានអង្គប្រជុំហើយថា ការផ្តត់ផ្គង់ថវិកា សម្រាប់ការជួសជុល កែលម្អនេះ នឹងធ្វើនីតិវិធី និងទន់ភ្លន់ តាមលំដាប់លំដោយ ឲ្យបានរលូន ពីព្រោះថា ការរៀបចំ និងការចំណាយថវិកា ក្នុងឆ្នាំ២០២២នេះ ច្រើនជាងឆ្នាំ២០២៣ ដែលជាឆ្នាំធ្វើស៊ីហ្គេម ផង។
ឆ្នាំ២០២៣ គឺគ្រាន់តែជាពេលវេលា ទទួលក្រុមប្រតិភូអត្តពលិក មកប្រកួតទេ ប៉ុន្តែអ្វីដែល ត្រូវចំណាយច្រើន គឺចាប់ពីពេលនេះតទៅ។ ដូច្នេះហើយ នៅក្នុងកិច្ចប្រជុំ ដ៏មានសារសំខាន់ នេះ ត្រូវបានលោក វ៉ាត់ ចំរើន បញ្ជាក់ទៀតថាៈ អ្នកពាក់ព័ន្ធទាំងអស់ បានទទួលខ្លឹមសារ សំខាន់ៗ ក្នុងការប្រើប្រាស់ថវិកាដោយការសន្សំសំចៃខ្ពស់ ប៉ុន្តែធ្វើឲ្យស៊ីហ្គេម ២០២៣ មានភាពអស្ចារ្យ។
កិច្ចប្រជុំនេះ មានលទ្ធផលល្អ មានភាពកក់ក្តៅ ហើយលោក បណ្ឌិត ថោង ខុន បានមាន ប្រសាសន៍ថាៈ យើងបានស្រាយនូវក្តីកង្វល់ ក្តីបារម្ភ ការដេកមិនលក់របស់យើង ទាំងអស់គ្នា ហ្នឹងកាន់តែល្អប្រសើរ បានមួយជំហានទៀត។ ដោយសារតែមានផែនការយុទ្ធសាស្ត្រ ច្បាស់លាស់ ប្រកបដោយភាពជឿជាក់ និងក្តីសង្ឃឹមខ្ពស់ បែបនេះហើយ ទើបលោកអគ្គលេខា ធិការ បានអះអាងថា អ្នកជំនាញគ្រប់សមាសភាព បានចាប់ផ្តើមធ្វើតាមជំនាញរៀងៗខ្លួន ទៅលើគម្រោងផែនការរបស់ខ្លួន ដើម្បីសម្រួចគោលដៅ នៃដំណើរការរៀបចំ ធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងជាប្រវត្តិសាស្ត្រ ស៊ីហ្គេម ២០២៣ បានដើររលូន តាមដំណាក់កាលនីមួយៗ ជាក់ជាមិនខាន៕/V