ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បានបញ្ជាក់​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​ហេតុការណ៍​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ប្រហារ​លើ​មន្ត្រីនគរបាល​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ដែល​បណ្តាល​ឲ្យ​ស្លាប់​ចំនួន​ពីរ​នាក់ និង​របួស​ម្នាក់ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២ នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​។

​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះ​ស​វិហារ​នៅ​ស្រុក​ពាម​ជរ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​បញ្ជាក់ថា ករណី​បទល្មើស​គ្រឿង​ញឿ​ន​នៅ​ស្រុក​អង្គស្នួល ត្បិត​ថា​ឧក្រិដ្ឋជន​មិនមែន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ក៏បាន​បង្ក​ការរំខាន អុកឡុក បង្កើត​ភាពអសន្តិសុខ​នៅ​កន្លែង​នោះ​ផងដែរ ពិសេស​ធ្វើឱ្យ​យុវជន​មួយចំនួន​វីវក់​នឹង​គ្រឿងញៀន​។ ដោយ​សម្តេច​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​នគរបាល​ប៉ុស្តិ៍​របស់​យើង​គាត់​លឺ​ព័ត៌មាន​នេះ ក៏បាន​នាំគ្នា​ទៅជា​មួយ​សមត្ថកិច្ច​ដទៃ​ទៀត​ដែលមាន​ការពាក់ព័ន្ធ​។ ពេល​ចុះទៅ​ដល់ទី​តាំង​ផ្ទះ​មុខសញ្ញា​ជួញដូរ​ចែកចាយ​គ្រឿងញៀន​នោះ សមត្ថកិច្ច​បាន​ឆែកឆេរ​ដែរ ក៏ប៉ុន្តែ​រក​មិនឃើញ​ជនល្មើស​នោះទេ​។ សំ​ទោស ដំបូង​ហាក់ដូចជា​ថា​ប្រយ័ត្ន​ដែរ ព្រោះ​រក​មិនឃើញ ក៏​សន្និដ្ឋានថា​តាមមើល​ប្រហែលជា​វា​រត់​ចូល​ព្រៃ​អស់ហើយ​។ ជនសង្ស័យ​មិនបាន​រត់​ចូល​ព្រៃ​ដូច​ការសន្និដ្ឋាន​នោះទេ ដោយ​ទៅ​អង្គុយ​គៀន​ផ្ទះ​យក​ភួយ​គ្របពីលើ​។ អ្នក​ទៅ​ឆែក​ហ្នឹង​មិន​ចាប់អារម្មណ៍​ទៅទៀត ទៅ​លើក​អា​ភួយ​ហ្នឹង​។ ដល់​តែ​លើក​អា​ភួយ​ហ្នឹង អានោះ​វា​មាន​កាំភ្លើង​ស្រេច​។ មេ​ប៉ុស្តិ៍ប៉ូលីស​ទៅ​លើក​ភួយ អានោះ​បាញ់​ផូង​ត្រូវចំ​ដើមទ្រូង ហើយនឹង​ប៉ូ​ស​លិ​សម្នាក់​ទៀត​ទៅជា​មួយ​។ ស្លាប់​អស់ពីរ​នាក់ មានការ​សោកស្ដាយ​ណាស់​”​។​

​គួរ​បញ្ជាក់ថា មន្ត្រីនគរបាល​ចំនួន ២​នាក់ ត្រូវបាន​បាញ់សម្លាប់ និង​ម្នាក់​បាន​រងរបួស នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​។ ចំណែក​ជនល្មើស​ម្នាក់​ស្លាប់ និង​ម្នាក់​ចាប់ខ្លួន​។ ជនល្មើស​ដែល​ស្លាប់ គឺជា​ជនដៃដល់​ដែល​បាន​បាញ់​លើ​មន្ត្រីនគរបាល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត ១២​ថ្ងៃត្រង់ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២២​នៅ​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល​។
​មន្ត្រីនគរបាល​ដែល​ស្លាប់ និង​រងរបួស​មានដូចជាៈ ១. លោក ជុច សុភា មេ​ប៉ុស្តិ​ទួល​ព្រេច , ២. លោក រី​ម​សុផាន់​ណា មន្ត្រី​ផ្នែក​គ្រឿងញៀន​។ ៣. លោក វ៉ន វុ​ទ្ទី មន្ត្រី​ប៉ុស្តិ​ទួល​ព្រេច របួស​ម្រាម​ដៃស្តាំ​។
​ចំណែក​ជនល្មើស​ដែល​ស្លាប់​ឈ្មោះ ធី​ម ឌឿ​ន អាយុ​២៣​ឆ្នាំ ជា​មុខសញ្ញា​ចាស់ និង​ម្នាក់ទៀត​ឈ្មោះ ថេ​ង​.​ធឿន អាយុ​១៦ ឆ្នាំ ត្រូវ​ចាប់ខ្លួន​។ រីឯ​វត្ថុតាង​ដកហូត​នៅ​កន្លែងកើតហេតុ​មានដូចជា ៖ អាវុធ ម៉ាក​រ៉ូឡូ ០១​ដើម ដាវ ០៣ កាំបិត​តូច​០២ ពូថៅ​០២ ម៉ូតូ ០១​គ្រឿង ថ្នាំញៀន ០២​កញ្ចប់ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០១ និង​សម្ភារ​:​ប្រើប្រាស់​ថ្ម​ញៀន​មួយចំនួន​៕​