ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុ ញ្ញាតលោក កាបាសហ្ស៊ីម៉ា អ៊ីគូអុ អភិបាលខេត្តគូម៉ាម៉ូតូនិងក្រុមហ៊ុនធុរកិច្ចចំនួន៨ដែលកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជាចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា៖ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែនបានស្វាគមន៍ចំពោះក្រុមហ៊ុនទាំងអស់ដែល បាននឹងកំពុងធ្វើពាណិជ្ជកម្មនៅកម្ពុជានិងកំពុងមានគម្រោងទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ ។ ជាមួយគ្នានេះសម្តេចតេជោបានអនុ ញ្ញាតឱ្យក្រុមហ៊ុននីមួយៗបានលើកឡើងអំពីសកម្មភាពវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាក៏ដូចជាគម្រោងវិនិយោគនាពេលខាងមុខផងដែរ។

សម្ដេចតេជោបានមានប្រសាសន៍ថាបច្ចុប្បន្ននេះច្បាប់វិនិយោគនៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរច្រើនសម្រាប់អ្នកវិនិយោគក្រៅប្រទេសទាំងអស់ដែលចូល មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ការវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែនក៏បានជូនពរអោយក្រុមហ៊ុនទាំងអស់ដែលបាននិងកំពុងវិនិយោគនៅកម្ពុជាក៏ដូចជាមានគម្រោងទៅវិនិយោគឲ្យទទួលបាននូវភាពជោគជ័យ ជាបន្តបន្ទាប់នាពេលខាងមុខ៕