​ដោយៈ ដេប៉ូ / កំពង់ចាមៈ លោក ហេង សួរ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ជន​បង្គោល​យុវជន គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​បាធាយ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​បេក្ខជន​ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​មន្ត្រី​គណបក្ស ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​ពិធី​នេះ បានធ្វើ​ឡើង នា​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ ដោយមាន​ការចូលរួម ពី​សំណាក់​លោក ងួន សុជាតិ តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម លោក ខ្លោក ផន ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ចាម​, និង​មន្ត្រី​ជាច្រើនរូប​ទៀតផង​ដែរ​។​

​លោក ហេង សួរ ក្នុង​ពិធី​នេះ វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល ដែលជា​ស្នាដៃ ក្នុង​ការងារ កន្លងមក បានបង្ហាញ​ឱ្យឃើញ ពី​ការខិតខំ​រួមគ្នា​របស់ គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​ជាន់ថ្នាក់ ជាពិសេស ការរួម​គ្នា​យ៉ាងសកម្ម​របស់ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន ក្នុង​ការជួយ​អភិវឌ្ឍន៍​ឃុំ​នីមួយៗ ឱ្យមាន​ការរីកចំរើន លើ​គ្រប់​វិស័យ ទាំង​រក្សា​ការពារ បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព លើក​កំពស់​សេវា សាធារណៈ​ជូន​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរឡើង ឆ្លើយតបបាន​ទាន់​វេលា និង​មាន​ប្រសិទ្ធភាព ចំពោះ​តម្រូវការ​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ លោក ហេង សួរ បាន​ផ្ញើ​ការសួរសុខទុក្ខ និង​ក្តី​នឹករលឹក ពី​សំណាក់ លោក ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន យុវជន គណបក្ស​ប្រជាជ​កម្ពុជា ថ្នាក់កណ្តាល និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​តែងតែ យកចិត្តទុកដាក់​ខ្ពស់ គិតគូរ​ដោះស្រាយ រាល់​បញ្ហា​របស់​យុវជន និង​សមាជិក សមាជិកា នៃ​គណបក្ស​របស់​យើង​។​

​ក្នុង​ពិធី​នេះដែរ លោក​ក៏បាន​សំដែង​នូវ ការស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​បេក្ខជន ឈរឈ្មោះ បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ អាណត្តិ​ទី​៥ ទាំងអស់ និង​បាន​ផ្តាំ​ផ្ញើឱ្យ ខិតខំ​បន្ត​យកចិត្តទុកដាក់ ផ្ដល់​សេវា​រដ្ឋបាល​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព គុណភាព ក្នុងការ​ធ្វើការ​ឱ្យបាន​ល្អ គុណភាព ក្នុងការ​បម្រើ ប្រជាពលរដ្ឋ បានល្អ សកម្ម​តម្លាភាព ទទួលខុសត្រូវ​ខ្ពស់ និង​យុត្តិធម៌ ដោយ​មិនមាន ការរើសអើង និង​ប្រកាន់​និន្នាការ​នយោបាយ​។​

​លោក អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ខេត្តកំពង់ចាម បានបញ្ជាក់​ថាៈ ការជួប​ជុំគ្នា នៅពេលនេះ មានការ​ចូលរួម ជា​មតិយោបល់ ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ ដោយ​ក្នុងនោះ បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត របស់​គណបក្ស​យើង បាន​ត្រៀមលក្ខណៈ សម្បត្តិ​រួចជាស្រេច ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​

​ដើម្បី​ទទួលបាន​ជោគជ័យ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ លោក អ៊ុន ចាន់​ដា ក៏បាន​លើកឡើង ពី​ការចូលរួម ដោយ​ខានមិនបាន ពី​តួអង្គ​សំខាន់ៗ ចំនួន ៤ តួអង្គ​ទី​១. គឺ​បេក្ខជន​ទាំង​ពេញ​សិទ្ធ និង​បម្រុង ត្រូវ​ចុះសាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ តាម​ខ្នង​ផ្ទះ ដោយ​លើក​បង្ហាញ​ពី​សមិទ្ធផល​ជាច្រើន ដែល​កើតចេញពី​ការខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា​, តួអង្គ​ទី​២. គឺ​មេឃុំ​-​ចៅសង្កាត់ ត្រូវធ្វើ​អំពើ​ល្អ បម្រើសេវា សាធារណៈ​ជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន ឲ្យ​បាន​កាន់តែ​ល្អ​, តួអង្គ​ទី​៣. គឺ​មេ​ប៉ុ​ស្ត ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង​មូលដ្ឋាន ជា​មូលដ្ឋាន ពុំមាន​គ្រឿងញៀន ពុំមាន​បងតូច​បងធំ ពោលគឺ​ភូមិ​-​ឃុំ ត្រូវមាន​សុវត្ថិភាព​, និង​តួអង្គ​ទី​៤. គឺ​ក្រុមការងារ​ចុះជួយ មូលដ្ឋាន ត្រូវ​ផ្តល់នូវ​មធ្យោបាយ ទាំង​សម្ភារ និង​ថវិកា សម្រាប់​បម្រើ​ផលប្រយោជន៍ នៅក្នុង​មូលដ្ឋាន ឲ្យ​មានការ​រីកចម្រើន បន្ថែមទៀត​៕/V