​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​សំរុកចូល​រោងចក្រ​ដែក​ដែល​ទាហាន​អ៊ុយ​ក្រែន​សេសសល់​ចុងក្រោយ​រួមទាំង​ជន​ស៊ីវិល​សរុប​ប្រមាណ​ពីរ​នាក់​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ទី​​ក្រុង​ម៉ា​រី​វ​ប៉ូល​ភាគខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ការប៉ុនប៉ង​កំទេច​ទីតាំង​តស៊ូ​ចុងក្រោយ​ដែល​ជា​និម្មិត​រូប​ជោគជ័យ​និង​តំលៃ​ជា​យុទ្ធសាស្ត្រ​សំរាប់​ទីក្រុង​មូ​ស្គូ​។​

ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី

កងកម្លាំងរុស្ស៊ីចូលទីលក្រុងម៉ារីវប៉ូលកាលពីថ្ងៃសៅរ៍ និងបន្តកំទេចទីតាំងសេសសល់ចុងក្រោយ

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ប្រកាស​ថា​លោក​នឹង​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ឡយ អូ​ស្ទីន នៅ​ថ្ងៃអាទិត្យ​ទី​២៤​មេសា​នៅ​ទីក្រុង​គៀវ ទោះជា​យ៉ាងណា សេត​វិមាន​បដិសេធ​មិន​ព្រម​បញ្ជាក់​ការអះអាង​នេះ​ទេ​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​មួយ លោក​ហ្សេ​លេន​ស្គី បាន​ផ្តល់​ព័ត៌មាន​ពិស្តារ​តិចតួច​អំពី​ជំនួប​នេះ តែ​បាន​និយាយថា​លោក​រំពឹង​អំពី​លទ្ធផល​មាំ​ទាំង​ណាស់ គឺ​«​មិន​ត្រឹមតែ​បង្ហាញ​វត្តមាន តែ​យើង​រំពឹងថា​​នឹង​មាន​កិច្ចការ​ជាក់លាក់​និង​សព្វាវុធ​ពិសេស​»​។​

ក្នុង​ការវាយប្រហារ​នៅ​មួយ​ថ្ងៃ​មុន​បុណ្យ​អ៊ី​ស្ទើ មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយ​ថា​កងកម្លាំ​ង​រុស្ស៊ី​បាន​វាយ​សំពង​បណ្តា​ទីក្រុង​ទីប្រជុំជន​នៅ​ភាគ​ខាងត្បូង​និង​ខាងកើត​អ៊ុ​យក្រែន​។​ទារក​អាយុ​បី​ខែ​ម្នាក់​បាន​ស្ថិត​​ចំណោម​មនុស្ស​ស្លាប់​ប្រាំបី​នាក់​នៅ​ពេល​រុស្ស៊ី​បាញ់​កាំជ្រួច​ដាក់​ទីក្រុង​កំពង់ផែ​អូដេ​សានៅ​សមុទ្រ​ខ្មៅនិង​១៨​នាក់​ទៀត​រងរបួស​។​

​លោក ហ្សេ​លេន​ស្គី បាន​និយាយថា «​សង្គ្រាម​បាន​ចាប់ផ្តើម​នៅពេល​ទារក​នេះ​ទើប​កើត​បាន​មួយ​ខែ​។​អ្នក​អាច​ស្រ​ម៉ៃ​តើ​នឹង​មាន​អ្វី​កើតឡើង​ថែម​ទៀត​»​។​

​បុគ្គលិក​ពេទ្យ​អ៊ុយ​ក្រែន​លើ​ក​ទាហាន​រងរបួស​ទៅកាន់​មន្ទីរពេទ្យ​នៅ​តំបន់​ដុន​ណិ​ត​ស​ខ៍ ខាងកើត​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សៅរ៍​ទី​២៣​មេសា​

​យោធា​អ៊ុ​យក្រែន បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​បាន​កំទេច​ទីបញ្ជាការ​រុស្ស៊ី​មួយ​នៅ​ទីក្រុង ឃឺ​សុន​(Kherson)​ភាគ​ខាងត្បូង​ដែល​បាន​ធ្លាក់​ក្នុង​ដៃ​កងកម្លាំង​រស្ស៊ី​ចាប់តាំងពី​ពេល​សង្គ្រាម​ចាប់ផ្តើម​។​​ទីបញ្ជាការ​យោធា​នេះ​បាន​រង​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​សម្លាប់​ឧត្តមសេនីយ៍​ពីរនាក់​និង​របួស​ឧត្តមសេនីយ៍ម្នា​ក់​ទៀត​តែ​ទោះជា​យ៉ាងណា​រុស្ស៊ី​មិន​បាន​បញ្ជាក់​អំពី​ការអះអាង​របស់​អ៊ុយ​​ក្រែន​នេះទេ​។​

​ក្នុងពេល​ជាមួយគ្នា រុស្ស៊ី​បាន​និយាយថា ខ្លួន​គ្រប់គ្រង​ភូមិ​ជា​ច្រើន​នៅ​តំបន់​ដុន​បាស​និង​បាន​បំផ្លាញ​គោលដៅ​យោធា​អ៊ុយ​ក្រែន​ចំនួន​១១ រួម​មាន​ឃ្លាំង​គ្រាប់កាំភ្លើង​ធំ​ចំនួន​បី​៕