ដោយៈ បាយ័ន / សៀមរាបៈ អ្នកចំការ​ម្នាក់ នៅ​ខេត្តសៀមរាប ចាក់​ផ្លែស្វាយ​ចោល អស់​ចំនួន ៣០ តោន ព្រោះ​គ្មាន​ទីផ្សារ និង​អត់​អ្នក​មក​ទិញ​។​

​លោក សេន ផុន មាន​ទីលំនៅ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​និយាយថាៈ ” មាន​អារម្មណ៍​យ៉ាងម៉េច​ដែរ ដែល​ខំ​ធ្វើបាន​ផល​ហើយ អត់​អ្នកទិញ បងប្អូន​ចាក់ចោល ប្រហែល ៣០ តោន អ្នកធ្វើ​ចំការ​ដូច​ខ្ញុំ ឃើញ​ទន់​ខ្លួន​អស់ ដើរ​អត់​ចង់ទៅ​មុខ​រួច​ទេ ” ។​

​លោក សេន ផុន បាន​និយាយថាៈ ” ផ្លែស្វាយ​រាប់សិប​តោន​នោះ ត្រូវបាន​ចាក់ចោល នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ នេះ នៅក្នុង​ចំការ​រង្វង់​មូល​ធំ ក្នុង​ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ” ។​

​លោក​បាន​និយាយ​បន្តថាៈ ” អារម្មណ៍​អ្នក​ដាំ ដើរទៅ​មុខ​លែង​ចង់​រួចហើយ ព្រោះ​ផល កសិកម្ម​មួយ​នេះ ពេល​ដាំ​បាន​ផល​ហើយ អត់​អ្នកទិញ មានតែ​ចាក់ចោល​បែបនេះ ។ ជាទូទៅ អ្នក​ដាំ​ស្វាយ នៅ​ខេត្តសៀមរាប​ប៉ុន្មាន​ឆ្នាំនេះ ដាំ​បាន​ផល​ហើយ គ្មាន​អ្នកទិញ តែមាន​វិញ ឈ្មួញកណ្តាល​ឱ្យ​ថ្លៃ ១ គីឡូក្រាម មិន​ដល់ ១០០ រៀល​ផង ” ៕/V​