ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក ប៉ាន់​ខែម ប៊ុនថន នាយរងខុទ្ទកាល័យ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​ប្រតិបត្តិ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ល្ងាច ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២២ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ជា​ផ្លូវការ នៃ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព (​ស​.​យ​.​ស​.​ស​.) នៃ​សាខា ខេត្តបន្ទាយមានជ័យ ចំនួន ៣៣៣ នាក់ នៅ​សាលប្រជុំ​ធំ​នៃ​សាលាខេត្ត​បន្ទាយមានជ័យ​។​

​គណៈអចិន្ត្រៃយ៍ នៃ​គណ​:​ក​ម្មា​ធិ​ការ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ថ្នាក់កណ្តាល បាន​អាន​នូវ​សេចក្តីសម្រេច ផ្តល់​សេចក្តីទុកចិត្ត បង្កើត​គណ​:​ក​ម្មា​ធិ​ការប្រតិបត្តិ និង តែងតាំង ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ រចនាសម្ព័ន្ធ​ដឹកនាំ​របស់ សម្ព័ន្ធ​យុវជន​ស្រឡាញ់ សន្តិភាព ខេត្តបន្ទាយមានជ័យ ក្នុងនោះ បានតែងតាំង​លោក រ៉េត រ៉​ន ជា​ប្រធាន​សម្ព័ន្ធ យុវជន​ស្រឡាញ់​សន្តិភាព ខេត្តបន្ទាយមានជ័យ ព្រមទាំង​អនុប្រធាន និង​សមាជិក ចំនួន ៣៣៣ នាក់ ។​

​លោក រ៉េត រ៉​ន ដែល​ទើប​ជាប់​ជា​ប្រធាន​សាខា​ថ្មី បាន​ឡើង​ធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់ ជា​ផ្លូវការ រចនាសម្ព័ន្ធ​ដឹកនាំ របស់​សម្ព័ន្ធ​យុវជន​ស្រឡាញ់ សន្តិភាព ខេត្តបន្ទាយមានជ័យ​ថា​: ១-​ប្តេជ្ញា​គោរព​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ តាម​បទបញ្ជាផ្ទៃក្នុង និង​លក្ខន្តិកៈ​របស់​សម្ព័ន្ធ ។ ២-​ប្តេជ្ញា​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ដើម្បី​ធានាបាន​ប្រសិទ្ធភាព ការងារ​ដឹកនាំ អោយបាន​ល្អប្រសើរ ។ ៣-​ប្តេជ្ញា​ចូលរួម​គ្រប់​សកម្មភាព ជាមួយ​អាជ្ញាធរ មូលដ្ឋាន និង​គាំទ្រ​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​។ ៤-​ប្តេជ្ញា​ខិតខំ​ពង្រីក​សកម្ម ភាព និង​កសាង​សមាជិក និង ៥-​ប្តេជ្ញា​គាំទ្រ និង​ដើរ​តាម​មាគ៌ា​ដឹកនាំ​របស់ គណបក្ស ប្រជាជន​កម្ពុជា ។​

​លោក ប៉ាន់​ខែម ប៊ុនថន បាន​មានប្រសាសន៍ថាៈ អង្គការ​មហាជន ” សម្ព័ន្ធ​យុវជន ស្រលាញ់​សន្តិភាព (​ស​.​យ​.​ស​.​ស​.) ” បាន​ចាប់បដិសន្ធិ​ឡើង នៅ​ឆ្នាំ ២០១៦ ដែលមាន សមាជិករ​ជាច្រើន​នាក់ កំពុង​ធ្វើ​សកម្មភាព នៅក្នុង​ទូទាំងប្រទេស​កម្ពុជា​។ ដោយឡែក សម្រាប់​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បានប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ នៅថ្ងៃនេះ គឺមាន​ចំនួន ៣៣៣ នាក់​។​

​លោក ប៉ាន់​ខែម ប៊ុនថន បាន​បន្តថាៈ តួនាទី​របស់​យុវជន​ស្រឡាញ់​សន្តិភាព គឺជា​អ្នក​ប្រយុទ្ធ (​បែប​អហិង្សា នៃ​ទម្រង់​អង្គការ​មហាជន​) ត្រូវ​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង ដើម្បី​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា ការពារ​ប្រមុខ​រាជរដ្ឋាភិបាល ស្របច្បាប់ ដែល​កើត ឡើង ពី​ការបោះឆ្នោត និង​ត្រូវធ្វើ​សកម្មភាព វាយបក​គ្រប់យ៉ាង ចំពោះ​អ្នក​ប្រឆាំងនឹង​រដ្ឋា ភិ​បាល ។​

​ទន្ទឹមនេះ នៅពេល​ខាងមុខ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព អាច​ក្លាយទៅជា​អ្នក​សង្កេត ការណ៍​បោះឆ្នោត អ្នក​រាប់​សន្លឹកឆ្នោត និង​ក៏​ជា​អ្នកគាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត នៅ​កម្ពុជា និង​ក៏​ត្រូវជា​អ្នកធ្វើ​សកម្មភាព វាយបក​ទាន់ពេលវេលា នៃ​ការ​ប្រឆាំងនឹង​លទ្ធ ផល ការបោះឆ្នោត​របស់​ពួក​ប្រឆាំង ។​

​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត នូវ​ការងារ​តាម​មូលដ្ឋាន ដោយ​ត្រូវ​ជួយ​បម្រើ​ការងារ ជូន​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ជួយ​ដោះស្រាយ ការលំបាក​ជូន ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ​ជឿជាក់ និង​ធ្វើការ​គាំទ្រ គោលនយោបាយ ដឹកនាំ របស់​បក្ស​របស់ ប្រមុខ​រាជរដ្ឋាភិបាល ក្នុងនោះ​ក៏ត្រូវ​ហ៊ាន​វាយបក និង​បកស្រាយ នូវ​រឿង​ពិត​ទាំងឡាយ ដែល​ពួក​ប្រឆាំង​បាន​បំភ្លៃ វាយប្រហារ​មកលើ​រដ្ឋា​ភិ​បាល តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តេ​ឡេ​ក្រាម ទីក​តុ​ក​… ឬ​មធ្យោបាយ​ផ្សព្វផ្សាយ​ផ្សេងទៀត ជាដើម​។​

​នាឱកាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អបអរសាទរ និង​ជូនពរ ក៏ដូចជា​បាន​គាំទ្រ​ពេញទំហឹង ចំពោះ​ការទទួលស្គាល់​ជា​ផ្លូវការ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព នៅក្នុង​សាខា​ខេត្តបន្ទាយមានជ័យ ទាំង ៣៣៣ នាក់​ក្នុង​ពេលនេះ ដើម្បី​សហការ​ជួយ​ធ្វើ​ការងារ នៅ​គ្រប់​មូលដ្ឋាន ស្របតាម​គោលនយោបាយ​របស់ គណបក្ស និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​។​

​ក្នុងនោះ លោក​បាន​សំណូមពរ ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​សម្ព័ន្ធ​យុវជន​ស្រលាញ់ សន្តិភាព​ទាំងអស់ សូមជួយ​រាយការណ៍​ជាបន្ទាន់ នូវ​ភាព​អសកម្ម​របស់ អាជ្ញាធរ​មូលដ្ឋាន ឬ​គ្រប់​ស្ថាប័ន​អង្គភាព នៅក្នុង​ខេត្ត ឲ្យ​បាន​ទាន់ពេលវេលា ពោលគឺ ដើម្បី​ថ្នាក់ដឹកនាំ​ខេត្ត មាន​វិធាន​ការអប់រំ ទប់ស្កាត់ និង​ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា រាល់​ភាព​អសកម្ម ទាំងអស់នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ បាត់បង់​ជំនឿ​ជាក់ លើ​គណបក្ស និង​លើ​ការដឹកនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល​។ សំខាន់​មួយទៀត សូមអោយ​សមាសភាព សមាជិក​សម្ព័ន្ធ​នេះ និ​សមាជិក​សម្ព័ន្ធ​យុវជន ក្រុម​ផ្សេងទៀត កុំ​ត្រួត​សមាជិក​គ្នា ហើយ​ធ្វើការ​ដោយ​គិត ប្រយោជន៍​រួម​ជាធំ ហើយ​កុំ​មើលបំណាំ ឬ​បញ្ចាំ​គ្នា​ក្នុង​សកម្មភាព ៕/V​