​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ​៨០៧ នាំយក​អំណោយ​របស់ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ និង​ព្រះគ្រូ​ចៅអធិការ​វត្ត​ថ្ម​រមៀល នាំ​អំណោយ​របស់​លោកស្រី កែ​សួន សុ​ភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា និង​លោក ស សុខា ទៅ​ចែកជូន​ពលរដ្ឋ រងគ្រោះ ដោយ​ភ្លើង​ឆេះ​ផ្ទះ​។​

​មន្ត្រីនគរបាល បានអោយដឹងថា នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២ លោក​វរសេនីយ៍ ឯក ឡុង សំណាង មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨០៧ បាន​ដឹកនាំ​កម្លាំង នាំយក​អំណោយ​របស់លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​អគ្គិភ័យ ឆាបឆេះ​ផ្ទះ នៅ​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ២២ ខែមេសា ឆ្នាំ​២០២២ វេលា​អធ្រាត្រ​។​

​អំណោយ​ទាំងនោះ រួមមាន​អង្ករ​ចំនួន ៥០ គីឡូក្រាម​ទឹក​សុ​ទ្ឋ ១០ យួរ ត្រីខ ៥ យួរ មី ២ កេះ និង​ថវិកា ចំនួន ២០ មុ​ឺ​ន​រៀល ។​

​ចំណែក​ព្រះអង្គ ឧ​ត្ត​ម​ញ្ញាណ រ៉េត ស៊ី​ណាត ព្រះគ្រូ​ចៅអធិការ វត្ត​ថ្ម​រមៀល បាន​នាំយក​អំណោយ​របស់លោក​ស្រី កែ​សួន សុ​ភី ប្រធាន​ក្លិប​បាល់ទាត់​វិសាខា និង​លោក ស សុខា ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ នៅ​ភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រួមមានៈ អង្ករ ចំនួន ១០០ គីឡូក្រាម , របស់របរ​ប្រើប្រាស់ និង​គ្រឿង​បរិភោគ​មួយចំនួនធំ ថវិកា​ចំនួន ២០០ ដុល្លារ​អាម៉េរិក​។​

​សូម​រំលឹកថា ករណី​ភ្លើង​ឆេះ​ផ្ទះ ប្រជាពលរដ្ឋ នៅវេលា​ម៉ោង ០២​ៈ​៣០ នាទី ទៀបភ្លឺ ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្រឡ​ចាស់ ចំនួន ៥ នាក់ ដឹកនាំ ដោយ​លោក អនុសេនីយ៍ឯក សុខុម ករុណា នាយប៉ុស្តិ៍ បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ ចុះជួយ​ពន្លត់​អគ្គិភ័យ ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជា​ពលរ​ដ្ធ ឈ្មោះ រួន អឿង ភេទ​ប្រុស អាយុ​៥៥ ឆ្នាំ ស្ថិតនៅ​ភូមិ​ថ្ម​រមៀល​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមាន​ទំហំ ១២ គុណ​នឹង ២០ ម៉ែត្រ​៕/V​