ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៣.០០០ ដុល្លារ ដល់​លោកគ្រូ​តា សាន គឹមស៊ាន ប្រធាន​បណ្ឌិតសភា​ល្បុក្កតោ​កម្ពុជា និង​ជា​អនុប្រធាន សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា សម្រាប់ធ្វើ​ការវះកាត់​ភ្នែក​។ អគ្គលេខាធិការ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។​

​លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​គូសបញ្ជាក់ថាៈ ថ្ងៃនេះ ក្រុមការងារ​សហព័ន្ធ បាន​នាំយក​ថវិកា ៣.០០០ ដុល្លារ​នេះ ប្រគល់​ដោយផ្ទាល់ ជូន​លោកគ្រូ​តា សាន គឹមស៊ាន រួចហើយ​។ នេះ​ជា​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់ ដៃគូ​ឧបត្ថម្ភ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែល​បាន​ជួយ​ចេញថ្លៃ​ព្យាបាល​ការវះកាត់​ភ្នែក របស់លោក​គ្រូ​តា ដែលមាន​វ័យ ៧៧ ឆ្នាំ​ហើយ​នេះ ជាការ​ជួយ​រំលែក​ការលំបាក និង​ការគោរព​ស្រឡាញ់ ចំពោះ​លោកគ្រូ​តា ដែល​តែងតែបាន​ពុះពារ​ឧបសគ្គ​ទាំងឡាយ ក្នុង​ការបន្ត​ដំណើរកា​រ អភិវឌ្ឍ វិស័យ​ក្បាច់គុន ព្រលឹង​ជាតិខ្មែរ មួយ​នេះ កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​លោក អ៊ួ តារា បានចាត់ទុក​ថាៈ លោក​ព្រឹទ្ធាចារ្យ គឺជា​បង្គោល​ដ៏​រឹងមាំ ក្នុងការ​ពង្រឹង​គុណ ភាព​បន្ថែម លើ​ការអភិវឌ្ឍ និង​អភិរក្ស វិស័យ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ ជាពិសេស គឺ​គោលដៅ​ដ៏​ធំចម្បង នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង នៅ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ពង្រឹង​ការអភិវឌ្ឍ តទៅ​ថ្ងៃ​អនាគត ។​

​អ្នកជំនាញ​ខាង​កីឡា​គុន​ល្បុក្កតោ រូបនេះ បាន​បន្ថែមថាៈ ក្រុមហ៊ុន​សម្រស់​ធម្មជាតិ គឺជា​ដៃគូ​ដ៏​សំខាន់ ក្នុងការ​ឧបត្ថម្ភ​គាំទ្រ ដល់​ដំណើរ​ការប្រកួត និង​សកម្មភាព​អភិវឌ្ឍ គុន​ល្បុក្កតោ​នានា ជា​បន្តបន្ទាប់​។​

​អគ្គលេខាធិការរង​រូបនេះ បាន​បន្ថែមទៀតថាៈ បន្ថែម​ពីលើ​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ ក៏​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​លោកគ្រូ​តា ក៏ដូចជា ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ នានា ដែល​នេះ​បាន​ឆ្លុះបញ្ចាំង ពី​ភាពសុខដុមរមនា ក្នុង​វិស័យ​កីឡា​គុន​ល្បុក្កតោ​ទាំងមូល ជាពិសេស​ការជួយជ្រោមជ្រែង ដល់​ការព្យាបាល​របស់ លោកគ្រូ​តា នាពេលនេះ គឺជា​ការគាំទ្រ យ៉ាង​ពេញទំហឹង ចំពោះ​កិច្ច​ការបន្ត​របស់លោក​គ្រូ​តា សាន គឹមស៊ាន ក្នុងការ​ស្រាវជ្រាវ​- ចងក្រង​ឯកសារ គុន​ល្បុក្កតោ​យើង​នេះ សម្រាប់​កូនចៅ ជំនាន់​ក្រោយៗ ផងដែរ​៕/V​