ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ ប៉ូលិសទីក្រុងហូជីមិញបានចាប់នារីអាយុ២២ឆ្នាំម្នាក់ ចំពោះការជ្រើសរើសនារីប្រមាណ១.៥០០នាក់ភាគច្រើនជានិស្សិតមហាវិទ្យាល័យអោយបំរើការជាស្ត្រីរកស៊ីផ្លូវភេទ។
វី ង្វៀន ញឹត វី(Vu Nguyen Nhat Vy)ដែលបច្ចុប្បន្នជានិស្សិតមហាវិទ្យាល័យមួយ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទ«រកស្រីអោយប្រុសដើម្បីស៊ីកុំមីស្យុង»។ការចាប់ខ្លួននាងកើតឡើងក្រោយពីនាយកដ្ឋានប៉ូលិសព្រហ្មទណ្ឌនៅក្រោមក្រសួងសន្តិសុខសាធារណៈ សហការជាមួយប៉ូលិសក្រុងហូជីមិញធ្វើការឆ្មក់ចូលឆែកឆេរសណ្ឋាគារជាច្រើននៅក្នុងសង្កាត់ទី១ក្នុងទីក្រុងភាគខាងត្បូងនេះ និងបានរកឃើញបុរសនិងស្ត្រីជាច្រើនដេកជាមួយគ្នា។
ក្រោយមក នាងវីបានសារភាពថាមានជាប់ពាក់ព័ន្ធនឹងគូស្នេហ៍ទាំងនោះ។
ពួកអ្នកស៊ើបអង្កេតបាននិយាយថា កាលពីខែវិច្ឆិកាមុន វីបានបង្កើតគណនីជាច្រើនលើកម្មវិធីZaloនិងTelegram ក្រៅពីបង្កើតក្រុមឯកជនមួយចំនួននៅក្នុងបណ្តាញសង្គមFacebookដើម្បីជ្រើសរើសស្ត្រីបំរើសេវាកម្មផ្លូវភេទ។ប៉ូលិសបាននិយាយថា ក្រុមនេះមានស្រីប្រមាណ១.៥០០នាក់ធ្វើការបំរើសេវាផ្លូវភេទមិនត្រឹមតែនៅទីក្រុងហូជីមិញ តែនៅបណ្តាខេត្តក្បែរខាងប៊ិញយឿង និងដុងណៃ ព្រមទាំងទីក្រុងហាណូយផងដែរ។
នាងវីបានយកថ្លៃពីអតិថិជនជាបុរស ម្នាក់បីទៅ២៥លានដុង(១៣០-១.១០០ដុល្លារ)ក្នុងការបំរើសេវាផ្លូវភេទមួយលើកៗ ប្រាំមួយទៅ៥០លានដុងសំរាប់សេវាមួយយប់ ២០ទៅ២៥លានដុងសំរាប់ដំណើរកម្សាន្តសិចមួយថ្ងៃ និង៥០លានដុងសំរាប់រួមភេទប្រាំមួយទៅប្រាំបីដងក្នុងមួយខែ។
សំរាប់ភ្ញៀវណាមើលរូបជ្រើសយកស្រីត្រូវតាមចិតចង់បានត្រូវបង់លុយមួយលានដុងថែមទៀត។
ប៉ូលិសបាននិយាយថាវី រកបានប្រាក់យ៉ាងតិច២០០លានដុង(៨.៧០០ដុល្លារ)តាំងពីមុនមកពីរបររកស្រីអោយភ្ញៀវ និងថានាងបានចំណាយលុយទាំងនេះមួយចំនួនលើសេវានិងរបស់របរប្រើប្រាស់ប្រណិតៗ៕
នាង វី ង្វៀន ញឹត វីមុននិងក្រោយការចាប់ខ្លួន