​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​តិច​ដប់​នាក់​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មេសា ក្រោយ​ទូក​ទេសចរណ៍​មើល​ទេសភាព​មួយ​លិច​ក្នុង​ទឹក​ត្រជាក់​កក​ដុំៗ​នៅ​ឯនាយ​ឆ្នេរ​ភាគឦ​​សាន​ជប៉ុន ក្នុង​ឧបទ្វីប​ស៊ី​រេ​តូ​កូ​។​ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​និយាយថា មនុស្ស​១៦​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

​អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា « យើង​បញ្ជាក់​ថា​សាកសព​មនុស្ស​ដប់​នាក់​ត្រូវបាន​ស្រង់​ចេញពី​ទឹក​តាំងពី​មុន​មក »​។​

​សូមបញ្ជាក់​ថា ទូក​ដឹក​ទេសចរ​មើល​ទេសភាព Kazu I​បាន​បញ្ជូន​សញ្ញា​អាសន្ន​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ក្រោយ​ពី​វា​បានចាប់ផ្តើម​ធ្លាយ​ចូល​ទឹក​នៅ​ឯនាយ​ឆ្នេរ​នៅ​ចុង​ឦសាន​នៃ​តំបន់​ហុក​កៃដូ​របស់​ជប៉ុន​។​​ប្រតិបត្តិ​ការស្វែងរក​និង​សង្គ្រោះ​មួយ​បានចាប់ផ្តើម​ភ្លាម តែ​ក្តី​សង្ឃឹម​រកឃើញ​អ្នក​នៅ​មាន​ជីវិត​បាន​ថយចុះទៅៗ​សំរាប់​មនុស្ស​២៦​នាក់​នៅ​លើ​ទូក រួម​មាន​ក្មេង​ពីរ​នាក់​និង​សមាជិក​នាវិក​ពីរ​នាក់​ដោយ​​សារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅក្នុង​តំបន់​នោះ​។​

​ទូក​រងគ្រោះ​បាន​ចេញ​ដំណើរ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ក្នុង​ដំណើរ​មើល​ទេសភាព​នៅ​តំបន់​ដែល​ល្បី​អំពី​បរិស្ថាន​ធម្មជាតិ​និង​ជីវិត​សត្វ​ចំរុះ​។​ដំណើរ​នេះ​នៅ​តែ​ត្រូវ​បន្ត​ធ្វើ​ទោះជា​មាន​ខ្យល់​និង​រលក​ខ្លាំង​ដែល​នាំ​​អោយ​ទូក​នេសាទ​ខ្លះ​ក្នុង​តំបន់​វិល​មក​កាន់​ច្រាំង​។​

​ទូក​បាន​ប្រកាស​សញ្ញា​សុំ​ជំនួយ​នៅ​ម៉ោងជាង​១​រសៀល ដោយ​ក្រុម​ឆ្នាំ​សមុទ្រ​បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​និង​នាវា​ទៅដល់​កន្លែង​កើតហេតុ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​នៅពេល​យប់​ចូលមក​ដល់ អាកាសធាតុ​បាន​​ធ្លាក់​ដល់​សូន​អង្សារ​សេ និង​មិន​ទាន់​បាន​រកឃើញ​ទូក​ឬ​មនុស្ស​ណា​ម្នាក់​នៅឡើយ​ទេ តែ​ការស្វែងរក​បន្តធ្វើ​ទាំងយប់ ដោយ​ប្រើ​ឧបករណ៍​ចាំង​ពន្លឺ​និង​កំដៅ​។​

​សាកសព​មនុស្ស​បួន​នាក់​របស់​ទូក​ទេសចរណ៍​នេះ​ត្រូវបាន​រកឃើញ​ដំបូង​កាលពីដើម​ថ្ងៃអាទិត្យ និង​ប្រាំមួយ​នាក់​ទៀត​ត្រូវបាន​ស្រង់​ចេញពី​ទឹក​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​។​

​កង​ឆ្មាំ​សមុទ្រ​រួមជាមួយ​ប៉ូលិស​ជប៉ុន​និង​កងកម្លាំង​ស្វ័យការពារ​ស្វែងរក​អ្នក​នៅ​បាត់​ខ្លួន ក្រោយ​ស្រង់​បាន​សាកសព​ជនរងគ្រោះ​ដប់​នាក់​

​សូមបញ្ជាក់​ថា ឧបទ្វីប ស៊ី​រេ​តូ​កូ ត្រូវ​បាន​ចាត់​ចូល​ក្នុង​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​នៅ​ឆ្នាំ​២០០៥​។ វា​ល្បី​ខាង​ជីវិត​សត្វ​សមុទ្រ​ល្អ​ដាច់ រួម​មាន​សត្វ​តោ​សមុទ្រ​ស្ទេល័​រជិត​ផុត​ពូជ ព្រម​​ទាំង​បក្សី​ត្រាច់ចរ​តាម​រដូវ​និង​ខ្លាឃ្មុំ​ពណ៌​ត្នោត​។​

​ដំណើរ​ជិះទូក​មើល​ទេសភាព​នៅ​ក្នុង​តំបន់​មាន​ការពេញនិយម​សំរាប់​ភ្ញៀវ​ដែល​ចង់​ឃើញ​ត្រី​បា​ឡែន បក្សី​និង​សត្វ​សមុទ្រ​ដទៃទៀត ព្រមទាំង​ដុំ​ទឹកកក​អណ្តែត​នៅ​សិសិររដូវ​៕