ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៤មេសាឆ្នាំ២០២២ នេះបានដឹក នាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញវិញដោយសុវត្តិភាពបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកតំបន់ អាស៊ី-ប៉ាស៊ីហ្វីកនៅប្រទេសជប៉ុនពីថ្ងៃទី២៣និង២៤មេសាតបតាមការអញ្ជើញរបស់លោក គឺស៊ីដា ហីមីអូ នា យករដ្ឋមន្រ្តីជប៉ុននិងគណៈកម្មាធិការប្រតិបត្តិចម្រុះនៃ កិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។

នៅក្នុងកិច្ចប្រជុំកំពូលខាងលើសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះដោយបានគូសបញ្ជាក់ពីសារសំខាន់នៃទឹកដែលជាធន ធានចាំបាច់សម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ។ ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការធ្វើការរួមគ្នាដើម្បីគ្រប់គ្រងទឹកប្រកបដោយចីរភាព សម្រាប់ពេលបច្ចុប្បន្ននិងទៅអនាគតតាមរយៈ៖១- ការបន្តជំរុញការអភិវឌ្ឍនិងសមាហរណកម្មបណ្តាញ ហេដ្ឋារចនាសម្ព័ន្ធសំដៅគាំទ្រដល់ការគ្រប់គ្រងធនធានទឹក ទាំងនៅក្នុងប្រទេសក្នុងកម្រិតតំបន់និងសកលលោក។ ២- ការបន្តជំរុញការអភិវឌ្ឍសកម្មភាពសេដ្ឋកិច្ច-សង្គមប្រកបដោយការទទួលខុសត្រូវនិងការគាំទ្រដល់ការអភិ វឌ្ឍបៃតងជាពិសេសសម្រាប់វិស័យកសិកម្មជាវិស័យដែលត្រូវការប្រើប្រាស់ទឹកច្រើន។ ៣- ការជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកឌីជីថលរបស់យើង ដើម្បីជំរុញវឌ្ឍនភាពនៃការអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថលក្នុងការប្រើប្រាស់និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ៤-ការបន្តគាំទ្រដល់ កម្មវិធីគំនិតផ្តួចផ្តើមនិងសកម្មភាពនានាគាំទ្រដល់គ្នាលើកកម្ពស់ចីរភាពសង្គម ក្នុងការប្រើប្រាស់និងការគ្រប់គ្រងធនធានទឹក សំដៅធានាឲ្យប្រជាជនទូទាំងសកល លោកទទួលបានទឹកមកប្រើប្រាស់តាមម្រូវការ ។

ដោយឡែកជំនួបទ្វេរភាគីនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន មានការរីកចំរើន ឡើងពិសេសវិស័យសន្តិសុខនិងលើវិស័យការពារជាតិជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សនៃកងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាតិ។លោកក៏បាន អរគុណកម្ពុជាដែលអនុញ្ញាតនិងទទួលនាវាជើងទឹករបស់ជប៉ុនមកកាន់កម្ពុជានាពេលកន្លងទៅដែលចូលរួមចំណែកជួយពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិនៃ ប្រទេសទាំងពីរ ។ លោក គីស៊ីដា បានប្រកាសបន្តគាំទ្រក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជានិងបន្តការផ្តល់ ជំនួយសម្បទានក្នុងការអភិវឌ្ឍកំពង់ផែ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាជប៉ុននឹងបន្តជួយដល់កម្ពុជាក្នុងកិច្ចសហការលើការប្រពន្ធ័ស្រោចស្រពនិងទឹកស្អាតនៅប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បន្ថែមកម្ពុជានឹងបន្តធ្វើការងារលើវិស័យការពារជាតិជាមួយប្រទេសជប៉ុនបន្ថែមទៀតសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរ។

សម្តេចតេជោបញ្ជាក់ថាការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនឹងជួយបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចនិងការជំរុញការនាំចេញផលិតផលកសិផលរបស់ កម្ពុជាទៅទីផ្សារអន្តរជាតិនិងការនាំចូលពីក្រៅប្រទេសដោយមិនពឹងផ្អែកកំពង់ផែនៃប្រទេសនានាក្នុងតំបន់នោះទេ។

ក្រៅពីនេះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអនុញ្ញាតឱ្យលោក តំហ្សីយ៉ា ស៊ីណូហារ៉ា អនុប្រធានជាន់ខ្ពស់នៃសាជីវកម្មមីតស៊ូប៊ីស៊ី និងលោក កាន់ដា យ៉ូហ្គោ ប្រធាន ចាត់ការទូទៅនៃការិយាល័យតំណាងសាជីវកម្មមីតស៊ូប៊ីស៊ីនៅភ្នំពេញ និងជាប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា និងលោក សូមេយ៉ា សាតុរុ នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន TradeWaltz និងលោក កាបាស៊ីម៉ា អ៊ុគឺអុ អភិបាល ខេត្តឌ្រីម៉ាម៉ូតុ រួមជាមួយលោក អូនីម៉ិ កាញឹ ក ហ្វឺមិ អភិបាលក្រុងឌ្រីម៉ាម៉ូតុនិងជាអនុប្រធានគណៈកម្មា ធិការប្រតិបត្តិចម្រុះនៃកិច្ចប្រជុំកំពូលស្ដីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានដឹកនាំក្រុមធុរជនចំនួន ៨ ក្រុមហ៊ុនចូលជួបសម្តែងការគួរសម។នៅក្នុងឱកាស ជំនួបនោះតំណាងក្រុមហ៊ុនឯកជនបានជម្រាបជូនសម្តេចតេជោអំពីសកម្មភាពធុរកិច្ចនិងគម្រោងវិនិយោគបន្ថែមនៅកម្ពុជា។

ដោយឡែកសម្តេចតេជោនាយករដ្ឋមន្ត្រីបានជួបពិភាក្សាទ្វេភាគីជាមួយលោក ផនខាំ វីជាវាន់ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែងរវាងកម្ពុជានិងឡាវ។នាយករដ្ឋមន្ត្រីឡាវបានថ្លែងអំណរគុណសម្តេចតេជោចំពោះអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាជាសម្ភារបរិក្ខាពេទ្យ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រថយន្ត ដឹកវ៉ាក់សាំង១៣គ្រឿង និងថវិកាដែលបានផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ នាយករដ្ឋមន្ត្រីទាំងពីរបានប្តេជ្ញាចិត្តអនុវត្តនូវសេច ក្តីសម្រេចនានាដែលបានឯកភាពគ្នានៅក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីជាវ៉ាន់ នៅកម្ពុជា កាលពី ខែវិច្ឆិកា ឆ្នាំ២០២១។

សម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោក ផនខាំ វីជាវ៉ាន់ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងការតភ្ជាប់ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសជិតខាងទាំងពីរ។ ក្នុងគោលបំណងនេះលោកនាយករដ្ឋមន្ត្រីឡាវបានជម្រាបជូនសម្តេចតេជោ ថាលោកគ្រោងនឹងធ្វើដំណើរទៅខេត្តអាត់តាពើ និងចំប៉ាសាក់ដែលស្ត្រកនៅផ្អាប់ព្រំដែនខេត្តរតនគីរី ស្ទឹងត្រែង និង ព្រះវិហារដោយគ្រោងនឹងមានជំនួបជាមួយនឹងអ្វីអភិបាលខេត្តទាំងបីរបស់កម្ពុជាដើម្បីពង្រឹងកិច្ច សហការជិតស្និទ្ធរវាងបណ្តាជាប់ព្រំដែន ទន្ទឹមនេះភាគីឡាវមានបំណងអញ្ជើញលោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងកងយោធពលខេមរភូមិន្ទនិងជាមេ បញ្ជាការកងទ័ពជើងគោកទៅបំពេញទស្សនកិច្ចនៅប្រទេស ឡាវ ក្នុងពេលឆាប់ៗខាងមុខនេះ។ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការពេញចិត្ត ចំពោះបំណងរបស់លោកនាយករដ្ឋមន្ត្រីឡាវដែលមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង​លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនក៏បានអញ្ជើញជាអធិបតីភាពនៅក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងធនធានទឹកនិងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជាជាមួយនិងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននិងទេសចរណ៍ជប៉ុន៕